នាថ្ងៃទី២០ ខែមិថុនា នៅមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង សមាគមគាំពារអ្នកជំងឺក្រីក្រទីក្រុងកឹងធើ បានសហការជាមួយមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្រ្តទីក្រុងហូជីមិញ ចាត់តាំងកម្មវិធីពិនិត្យស្វែងរកជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃជូនកុមារ។ នេះជាឱកាសជួយឱ្យកុមារបានពិនិត្យសុខភាពប្រព័ន្ធសរសៃឈាមបេះដូង ដើម្បីឆាប់បានរកឃើញរោគសញ្ញានៃជំងឺ បេះដូងនិងព្យាបាលបានទាន់ពេល។
ការពិនិត្យស្វែងរកជំងឺ គឺជាកម្មវិធីរយៈពេលយូរអង្វែងរបស់អង្គការ The VinaCapital Foundation (VCF) អនុវត្តតាំងពីឆ្នាំ២០០៧ មកទល់បច្ចុប្បន្ន។ កម្មវិធីមានទិសដៅឆាប់រកឃើញកុមារតូចៗដែលកើតជំងឺបេះដូងពិការពីកំណើត នៅតាមតំបន់ជនបទនិងតំបន់ឆ្ងាយដាច់ស្រយាល ដែលខ្វះលក្ខខណ្ឌពិនិត្យ វិនិច្ឆ័យរោគឬព្យាបាលដោយសាររស់នៅឆ្ងាយពីមន្ទីរពេទ្យធំៗនៅតាមទីក្រុង។

វេជ្ជបណ្ឌិតកំពុងឆ្លុះអេកូបេះដូងឱ្យកុមារ។
នៅមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង កម្មវិធីបានពិនិត្យស្វែងរកជំងឺដល់កុមារអាយុក្រោម ១៦ខែ ចំនួន ២០០នាក់។ តាមរយៈនោះ ក្រុមវេជ្ជបណ្ឌិតឯកទេសខាងបេះដូងនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រទីក្រុងហូជីមិញ បានពិនិត្យស្វែងរកជំងឺដូចជា៖ ឆ្លុះអេកូបេះដូង វាស់ចរន្តអគ្គិសនីបេះដូង ពិគ្រោះនិងណែនាំវិធីព្យាបាលចំពោះករណីកុមារដែលមានរោគសញ្ញាមិនប្រក្រតី។ ជាពិសេស ចំពោះករណីកុមារដែលរកឃើញថាមានជំងឺ ហើយគ្រួសារមានជីវភាពលំបាក និងមានវេជ្ជបញ្ជាឱ្យធ្វើការវះបេះដូងនោះ គឺសមាគមគាំពារអ្នកជំងឺក្រីក្រទីក្រុងកឹងធើ នឹងណែនាំឱ្យក្រុមគ្រួសារបំពេញសំណុំឯកសារ ដើម្បីទទួលបានការឧបត្ថម្ភលើចំណាយក្នុងការវះកាត់ពីអង្គការ VinaCapital និងបណ្តាសប្បុរសជន។ បងស្រីគឹមធីច័ន្ទតារា នៅភូមិភូយ៉ាវ ឃុំយ៉ាហ្វា និយាយទាំងក្តីរំភើបរីករាយ៖ ចៅរបស់ខ្ញុំមានអាយុជាង ១១ខែ ច្រើនតែក្តៅខ្លួន ពិបាកដកដង្ហើម អស់កម្លាំង និងខ្វះអាហារូបត្ថម្ភ ទើបខ្ញុំនាំចៅទៅពិនិត្យស្វែងរកជំងឺបេះដូង។ ក្រោយពេលពិនិត្យរួច វេជ្ជបណ្ឌិតប្រាប់ថា ក្មួយមានជំងឺបេះដូងពីកំណើត ហើយបានពិគ្រោះធ្វើការព្យាបាល ប៉ុន្តែគ្រួសារក្រ ទើបបានអង្គការ VinaCapital និងសប្បុរសជននានាជួយឧបត្ថម្ភថវិកាវះបេះដូងដោយឥតគិតថ្លៃ។ ខ្ញុំសប្បាយចិត្តណាស់ សង្ឃឹមថាសំណុំឯកសាររបស់ចៅខ្ញុំនឹងបានអនុម័ត ដើម្បីបានវះបេះដូងដោយឥតគិតថ្លៃ និងអាចរស់រានមានសុខភាពល្អមាំមួនដូចកុមារដទៃទៀត”។ ចំណែកបងស្រី ហូធីត្រា នៅភូមិថាញញ៉ាង២ ឃុំថាញថើយអាង ឱ្យដឹង៖ “កូនស្រីខ្ញុំច្រើនតែក្តៅខ្លួន ពិបាកដកដង្ហើម ហូបមិនសូវបាន ធំយឺត... ទើបនាំមកពិនិត្យស្វែងរកជំងឺ វេជ្ជបណ្ឌិតប្រាប់ថាកូនត្រូវចំហរប្រឹសបេះដូង។ ព្រោះតែជីវភាពក្រីក្រ ខ្ញុំក៏បានសប្បុរសជនជួយធ្វើសំណុំឯកសារ ដើម្បីវះបេះដូងដោយឥតគិតថ្លៃឱ្យកូន ខ្ញុំត្រេកអរខ្លាំងណាស់ សង្ឃឹមថាកូនខ្ញុំនឹងបានជាសះស្បើយ មានសុខភាពល្អ”។
អនុបណ្ឌិត វេជ្ជបណ្ឌិត ហ្វា្វងក្វឹកទ្រុង ផ្នែកវះកាត់នៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រទីក្រុងហូជីមិញ មានប្រសាសន៍ បច្ចុប្បន្នវិស័យវេជ្ជសាស្ត្រមានការរីកចម្រើនខ្លាំងណាស់ ដូច្នេះការពិនិត្យស្វែងរកជំងឺបេះដូងពីកំណើតដល់កុមារ គឺជារឿងចាំបាច់បំផុត ដើម្បីម្ចាស់ការរកឃើញ មានវិធានការអន្តរាគមន៍និងព្យាបាលតាំងពីដំបូង ជួយឱ្យកុមារធំធាត់ជាធម្មតា។ រោគសញ្ញាដំបូងដើម្បីសម្គាល់ដឹងកុមារកើតជំងឺបេះដូងពីកំណើត គឺផ្អែកលើលទ្ធផលនៃការឆ្លុះអេកូបេះដូងទារកក្នុងផ្ទៃ។ ចំណែកពេលទារកកើតមក បើមានសញ្ញាដកដង្ហើមញាប់ ដកដង្ហើមហត់ ពិបាកដង្ហើម បៅដោះខ្សោយ ធំធាត់យឺត បែកញើសជោកពេលបៅនោះ មាតាបិតាចាំបាច់ត្រូវនាំកូនទៅពិនិត្យ ដើម្បីទទួលបានការពិគ្រោះព្យាបាលទាន់ពេល។

វេជ្ជបណ្ឌិតកំពុងពិនិត្យស្វែងរកជំងឺបេះដូងដល់កុមារ។
គិតចាប់ពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន អង្គការ VCF រួមជាមួយបណ្តាអង្គភាពដែលចូលរួម បានផ្សព្វផ្សាយកម្មវិធីពិនិត្យស្វែងរកជំងឺដល់កុមារចំនួន២.៩២៣នាក់ នៅទីក្រុងកឹងធើ។ ក្នុងចំណោមនោះ មានកុមារចំនួន ២.០៩៩នាក់ បានឆ្លុះអេកូបេះដូង រកឃើញកុមារចំនួន ៦៤៤នាក់ មានជំងឺបេះដូងពីកំណើត និងកុមារចំនួន៦១៤នាក់ បានគ្រូពេទ្យចេញវេជ្ជបញ្ជាធ្វើការវះកាត់ទាន់ពេល ។ តាមរយៈនោះ ចំពោះករណីដែលមានជីវភាពគ្រួសារលំបាក អង្គការ VCF បានជួយឧបត្ថម្ភទាន់ពេលនូវការចំណាយក្នុងការព្យាបាល ជួយឱ្យប្អូនៗមានឱកាសទទួលបានការអន្តរាគមន៍ទាន់ពេលវេលា នាំមកក្តីរីករាយចំពោះមាតាបិតា និងបេះដូងមានសុខភាពល្អមាំមួនសម្រាប់កុមារ៕
យ្វីអាញ - ថាច់ធី