ការផ្លាស់ថ្មី ច្នៃប្រតិដ្ឋកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុងកឹងធើក្នុងយុគសម័យថ្មី។ ក្នុងបរិការណ៍នោះ ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ បានរំពឹងថានឹងក្លាយជា "ក្បាលម៉ាស៊ីន" ក្នុងការដឹកនាំ តភ្ជាប់ គាំទ្រការស្រាវជ្រាវ អភិវឌ្ឍន៍និងផ្តល់សេវាកម្មផ្លាស់ថ្មី ច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាពសម្រាប់ទីក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង។
ស្របតាមតម្រូវការជាក់ស្តែង
នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ "ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ - ជំរុញការចងសម្ព័ន្ធអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ" លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ រួមជាមួយវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ទីក្រុងកឹងធើកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ដើម្បីក្លាយជាសសរស្តម្ភជាក់ស្តែងនៃទម្រង់កំណើន រួមចំណែកកសាងទីក្រុងកឹងធើឱ្យអភិវឌ្ឍន៍លឿន ចីរភាព ឆ្លាតវៃ និងស័ក្តិសមជាមជ្ឈមណ្ឌលកម្លាំងចលករនៃតំបន់។

អាជីវកម្មផ្សព្វផ្សាយបច្ចេកវិទ្យានៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងផ្តើមអាជីពច្នៃប្រតិដ្ឋទីក្រុងកឹងធើ ក្នុងកម្រិតតំបន់ និងតំបន់វាលរាបទន្លេគឺវឡុង។
តាមលោកង្វៀងវ៉ាំងខើយ បញ្ហាដែលដាក់ចេញសម្រាប់ទីក្រុង គឺត្រូវប្រមូលផ្តុំបណ្តាអង្គការដែលមានសមត្ថភាពជំនាញ ឋានៈ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ដើម្បីទាញយកផលពីប្រភពធនធានប្រកបដោយប្រសិទ្ធភាព ក៏ដូចជានាំយកលទ្ធផលស្រាវជ្រាវពីវិទ្យាស្ថាន និងសាកលវិទ្យាល័យទៅកាន់ទីផ្សារក្នុងប្រទេសនិងបរទេស។ ការអភិវឌ្ឍទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋលើមូលដ្ឋានស្រាវជ្រាវ និងសិក្សាតាមទម្រង់នានានៃមជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋដែលទទួលបានជោគជ័យ ដើម្បីយកមកអនុវត្តសម្រាប់ភូមិភាគ គឺជារឿងចាំបាច់បំផុត។
តាមលោកស្រី ម៉ាធីគីមដាវ ប្រធានក្រុមហ៊ុនភាគហ៊ុន DNS Global បានឱ្យដឹងថា តំបន់វាលរាបទន្លេគឺវឡុង បច្ចុប្បន្នជាមជ្ឈមណ្ឌលផលិតកសិកម្ម និងជលផលធំបំផុតនៅក្នុងប្រទេស ប៉ុន្តែមិនទាន់មានមជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋកម្រិតតំបន់ដែលមានទំហំធំ និងខ្លាំងដើម្បីតភ្ជាប់វិទ្យាសាស្ត្របច្ចេកវិទ្យាជាមួយអាជីវកម្ម ទីផ្សារ និងការវិនិយោគអន្តរជាតិនោះទេ។ លោកស្រី ម៉ាធីគីមដាវ មានប្រសាសន៍៖ "ក្នុងបរិការណ៍នៃការប្រកួតប្រជែងជាសកលដែលពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ អាជីវកម្មមិនត្រឹមតែត្រូវការទុន ទីផ្សារ ឬប្រភពធនធានមនុស្សប៉ុណ្ណោះទេ ថែមទាំងត្រូវការខ្លាំងណាស់នូវបរិស្ថានគាំទ្រការផ្លាស់ថ្មី ច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាពពិតប្រាកដ។ ខ្ញុំជឿជាក់ថា ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ នឹងក្លាយជាស្ពានចម្លងរវាងរដ្ឋអំណាច អាជីវកម្ម វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងបណ្តាអ្នកវិនិយោគ; ជាកន្លែងតភ្ជាប់គំនិតច្នៃប្រតិដ្ឋជាមួយប្រភពធនធាន បច្ចេកវិទ្យាជាមួយទីផ្សារ និងការស្រាវជ្រាវជាមួយការធ្វើពាណិជ្ជកម្មផលិតផល"។
មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងកឹងធើ បានធ្វើជាសេនាធិការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងផ្តើមអាជីពច្នៃប្រតិដ្ឋទីក្រុងកឹងធើ ដោយមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី រួមមានស្ថាប័នគ្រប់គ្រង វិទ្យាស្ថាន សាកលវិទ្យាល័យ និងអាជីវកម្ម។ ទន្ទឹមនឹងនេះ បានធ្វើជាសេនាធិការប្រកាសដាក់ចេញសេចក្តីណែនាំអំពីលក្ខឋានទទួលស្គាល់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងមជ្ឈមណ្ឌលគាំទ្រផ្តើមអាជីពច្នៃប្រតិដ្ឋនៅលើភូមិឋានទីក្រុងកឹងធើ ដើម្បីលើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ក៏ដូចជាបណ្តាក្រុមហ៊ុនធំៗក្នុងការបង្កើតមជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋ។
កសាងគ្រឹះស្ថានដ៏រឹងមាំ
ចាប់ពីគ្រោងឆ្អឹងដំបូង ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ បានលេចរូបរាងជាបណ្តើរៗ បណ្តាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងអាជីវកម្ម បានរួមគ្នាដោះដូរ និងផ្តល់មតិយោបល់ដើម្បីធ្វើឱ្យសុក្រឹតទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ បង្កើតជាគ្រឹះស្ថានជំរុញសកម្មភាពផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងផ្តើមអាជីពច្នៃប្រតិដ្ឋរបស់ទីក្រុងក្នុងដំណាក់កាលខាងមុខ។ មតិជាច្រើនបានយល់ឃើញថា ការចូលរួមសហការរវាងអ្នកទាំងបី៖ រដ្ឋ - សាលារៀន - អាជីវកម្ម ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់ក្នុងការកសាង និងធ្វើឱ្យសុក្រឹតប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មី ច្នៃប្រតិដ្ឋរបស់ទីក្រុង។
លោកស្រី ចេម៉ាយភឿង នាយិកាមជ្ឈមណ្ឌលបច្ចេកវិទ្យាបៃតង ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងអភិវឌ្ឍចីរភាព បានលើកជាសំណើ៖ "ទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋរបស់ទីក្រុង ចាំបាច់ត្រូវអភិវឌ្ឍន៍តាមទិសដៅបើកចំហ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសនិងអន្តរជាតិ ទន្ទឹមនឹងនោះ ផ្តោតលើបណ្តាវិស័យដែលមានប្រៀបខ្លាំងរបស់កឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង ដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាកែច្នៃអាហារ ភស្តុភារកម្ម ផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាបៃតង និងសេដ្ឋកិច្ចវិលជុំ។ យើងខ្ញុំសន្យារួមដំណើរជាមួយកឹងធើ ក្នុងការតភ្ជាប់ប្រភពធនធាន ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា គាំទ្រសកម្មភាពផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពច្នៃប្រតិដ្ឋឱ្យកាន់តែរីកចម្រើន"។
លោកង៉ោអាញទិន នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងកឹងធើ បានបញ្ជាក់៖ លទ្ធផលនៃសិក្ខាសាលា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យទីក្រុងបន្តធ្វើឱ្យសុក្រឹតទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋនៅទីក្រុងកឹងធើ ទៅតាមសសរស្តម្ភយុទ្ធសាស្ត្រទាំង ៤ រួមមាន៖ ទម្រង់សសរស្តម្ភសម្របសម្រួល ទម្រង់សសរស្តម្ភវិនិយោគ/PPP ទម្រង់សសរស្តម្ភ Deep-Tech និងទម្រង់សសរស្តម្ភធ្វើពាណិជ្ជកម្ម។ តាមរយៈនោះ ជំរុញការកៀរគរប្រភពធនធានក្នុងសង្គម ដើម្បីបង្កើតប្រព័ន្ធមជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋទៅតាមផ្នែក វិស័យ ដែលអាទិភាពរបស់ទីក្រុង។
លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងកឹងធើ និងជាប្រធានគណៈចង្អុលការទីក្រុងស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល បានសង្កត់ធ្ងន់៖ ទីក្រុងមានគោលការណ៍កសាងទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋតាមទិសដៅចូលរួមដោយឯករាជ្យ និងសត្យានុម័ត។ ទម្រង់នេះ ជាដំបូងបង្អស់ត្រូវមានក្រុមប្រឹក្សាពិគ្រោះយោបល់។ នេះជាអង្គការដែលបានទីក្រុងឧបត្ថម្ភគាំទ្រ ដើម្បីអនុវត្តបានត្រឹមត្រូវនូវតួនាទី និងមុខងារប្រឹក្សាយោបល់ ក្នុងការជួយស្ថាប័នរដ្ឋកសាងយន្តការ និងគោលនយោបាយគាំទ្រចំពោះផលិតផលស្រាវជ្រាវវិទ្យាសាស្ត្រ ទន្ទឹមនឹងការបង្កើតទម្រង់មជ្ឈមណ្ឌលផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ទីក្រុងកឹងធើ នឹងធ្វើឱ្យជាក់ស្តែងក្នុងពេលឆាប់ៗ តាមរយៈសេចក្តីសម្រេចចិត្ត សេចក្តីសម្រេច និងប្រកាសឱ្យប្រើបណ្តាយន្តការសាកល្បងគោលនយោបាយ ដើម្បីឱ្យអាជីវកម្ម និងអង្គការវិទ្យាសាស្ត្រមានយន្តការបើកចំហ តម្លាភាព និងសមភាព នៅពេលចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីនេះ៕
ម៉ីថាញ - សុផន