កសិករជាច្រើននៅទីក្រុងកឹងធើ បានផ្លាស់ប្តូរពីផ្នត់គំនិតផលិតកសិកម្ម ដោយផ្តោតសំខាន់លើទិន្នផល មកផ្នត់គំនិតសេដ្ឋកិច្ចកសិកម្ម ដោយផ្តោតសំខាន់លើតម្លៃ គុណភាព និងទីផ្សារ។ របៀបធ្វើច្នៃប្រតិដ្ឋ ដោយគួបផ្សំរវាងសេវាកម្ម និងទេសចរណ៍ឆ្លងបទពិសោធន៍ទៅក្នុងការផលិត កសិករមិនត្រឹមតែកសាងបាននូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើនតម្លៃកសិផលយ៉ាងច្រើន ក្លាយជាគំនាស់ទំនើបកម្មសម្រាប់សេដ្ឋកិច្ចជនបទ។

បងស្រី ង្វៀងធីង៉ឹង (ឈរខាងឆ្វេង) នៅសង្កាត់ដាយថាញ់ កំពុងឧទ្ទេសនាមពីចម្ការដូងខ្ទិះដល់ភ្ញៀវទេសចរ។
បង្កើតតម្លៃទ្វេដងពីការចិញ្ចឹមពពែ
នៅចុងសប្តាហ៍ កសិដ្ឋានទឹកដោះពពែង៉ុកដាវ របស់គ្រួសារបងស្រី ដាំងធីង៉ុកដាវ និងបងង្វៀងវ៉ាន់ឌួ នៅភូមិ ២B ឃុំតឹងហ្វា មានភាពអ៊ូអរយ៉ាងខ្លាំងដោយមានភ្ញៀវមកទស្សនា។ បងស្រីដាវ បានចែករំលែក៖ "នៅឆ្នាំ ២០១២ គ្រួសារខ្ញុំបានផ្តើមអាជីពដោយទម្រង់ចិញ្ចឹមពពែយកសាច់ជាលក្ខណៈគ្រួសារ។ ពេលនោះ ឃើញតម្រូវការទីផ្សារចំពោះទឹកដោះពពែស្អាតមានការកើនឡើងខ្ពស់ នៅឆ្នាំ ២០១៧ គ្រួសារខ្ញុំក៏បានវិនិយោគលើផ្ទៃដីជិត ២ ហិកតា ដើម្បីអភិវឌ្ឍទម្រង់ចិញ្ចឹមពពែយកទឹកដោះតាមបែបវិលជុំ"។
ដោយបានសមាគមកសិករឃុំបង្កលក្ខណៈងាយស្រួល គ្រួសារបងស្រីដាវ បានទៅទស្សនា និងរៀនសូត្រទម្រង់ចិញ្ចឹមពពែយកទឹកដោះដែលមានប្រសិទ្ធភាពនៅក្នុងនិងក្រៅទីក្រុង។ ដោយការខិតខំស្រាវជ្រាវ និងអនុវត្តបច្ចេកវិទ្យាទៅក្នុងការផលិត ហ្វូងពពែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ បច្ចុប្បន្ន កសិដ្ឋានរបស់គ្រួសារបងស្រីដាវ មានពពែទឹកដោះពូជ Saanen គុណភាពខ្ពស់ជិត ៣០០ ក្បាល។
តាមបងស្រីដាវ ចំណីសម្រាប់ពពែជាចម្បងគឺស្មៅដែលដាំក្នុងចម្ការផ្ទះ រួមផ្សំនឹងអនុផលពីកសិកម្ម៖ កាកសណ្តែកសៀង ពោតបារាំងខ្ចី និងចំបើងផ្អាប់មេដំបែតាមរដូវស្រូវ។ ការប្រើប្រាស់អនុផលកសិកម្ម មិនត្រឹមតែជួយកាត់បន្ថយចំណាយក្នុងការចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយសំណល់ក្នុងបរិស្ថាន បង្កើបានជាទម្រង់ផលិតវិលជុំប្រកបដោយប្រសិទ្ធភាពខ្ពស់ទៀតផង។ ជារៀងរាល់ថ្ងៃ កសិដ្ឋានផ្គត់ផ្គង់ទឹកដោះពពែស្រស់ពី ៤០ ដល់ ៦០ លីត្រ ដើម្បីកែច្នៃជាផលិតផលជាច្រើនមុខ ដូចជា៖ ទឹកដោះរម្ងាប់មេរោគ យ៉ាអួ ហ្វ្រូម៉ង់ និងយ៉ាអួសម្ងួត។ ផលិតផលទាំង ៤ មុខនេះ សុទ្ធតែសម្រេចស្តង់ដារ OCOP ផ្កាយ៤។
ប្រមាណជិត ៥ ឆ្នាំមកនេះ គ្រួសារបងស្រីដាវ បានរួមបញ្ចូលទម្រង់ចិញ្ចឹមពពែជាមួយទេសចរណ៍ឆ្លងបទពិសោធន៍។ ភ្ញៀវទេសចរមកកាន់កសិដ្ឋាន អាចចូលទៅឱ្យចំណីពពែ ច្របាច់ទឹកដោះ ស្វែងយល់ពីសង្វាក់កែច្នៃទឹកដោះដោយផ្ទាល់ខ្លួន បានឆ្លងបទពិសោធន៍ការងារកសិករ និងភ្លក្សរសជាតិផលិតផលនៅនឹងកន្លែង។ លោកង្វៀងវ៉ាន់ឌួ បានរៀបរាប់៖ "ការរួមបញ្ចូលទេសចរណ៍ឆ្លងបទពិសោធន៍ក្នុងទម្រង់ចិញ្ចឹមពពែ ជួយឱ្យអ្នកប្រើប្រាស់យល់ច្បាស់អំពីសង្វាក់ផលិតស្អាត។ នៅពេលបានឃើញផ្ទាល់ភ្នែកនូវសង្វាក់ចិញ្ចឹមពពែ និងការកែច្នៃផលិតផលពីទឹកដោះពពែ អតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ចំពោះគុណភាពផលិតផល"។
ការគួបផ្សំរវាងការចិញ្ចឹមសត្វ ការកែច្នៃ និងទេសចរណ៍ឆ្លងបទពិសោធន៍ បានជួយឱ្យកសិដ្ឋានបង្កើនប្រភពចំណូល។ ផ្តើមពីទម្រង់ចិញ្ចឹមពពែជាលក្ខណៈគ្រួសារ បច្ចុប្បន្ន កសិដ្ឋានទឹកដោះពពែ ង៉ុកដាវ មានចំណូលប្រចាំឆ្នាំជាង ៣០០ លានដុង ក្លាយជាទម្រង់កសិកម្មពហុតម្លៃដ៏លេចធ្លោនៅភូមិភាគ។
ផ្តើមពីចម្ការដូងខ្ទិះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ
ទម្រង់ដាំដូងខ្ទិះរបស់គ្រួសារបងស្រី ង្វៀងធីង៉ឹង នៅភូមិសើងភូ សង្កាត់ដាយថាញ់ គឺជាភស្តុតាងជាក់ស្តែងសម្រាប់ទិសដៅថ្មីក្នុងការទាញយកផលពីផលិតផលពិសេសរបស់ភូមិភាគ ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ។
តាមបងស្រីង៉ឹង ពីមុនគ្រួសារបងស្រីធ្វើស្រែនិងដាំដូងសៀម។ នៅឆ្នាំ ២០២០ ប្តីប្រពន្ធបងស្រីបានធ្វើដំណើរទៅខេត្តត្រាវីញ ដើម្បីទិញកូនដូងខ្ទិះចំនួន ២០០ ដើម មកដាំលើផ្ទៃដី ១,៥ ហិកតា។ ក្រោយពេលខិតខំថែទាំ មកដល់ឆ្នាំ ២០២៣ អត្រាដូងមានខ្ទិះសម្រេចស្តង់ដារបានកើនឡើងយ៉ាងច្បាស់។ សង្កេតឃើញមានសក្តានុភាពសេដ្ឋកិច្ចខ្ពស់ គ្រួសារបងស្រីបានបន្តពង្រីកទម្រង់នេះឡើងជិត ១២ ហិកតា គួបផ្សំនឹងការដាំក្រូចឃ្វិច ខ្នុរសាច់ក្រហម ចិញ្ចឹមត្រី និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
លោកង្វៀងវ៉ាំងសើុង ប្តីបងស្រីង៉ឹង បានចែករំលែក៖ "ធ្វើកសិកម្មតាមបែបប្រពៃណី ប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់នោះទេ។ ហេតុដូច្នេះ ប្តីប្រពន្ធខ្ញុំបានគួបផ្សំអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ យើងខ្ញុំបានកសាងបរិស្ថានបៃតង ស្រស់បំព្រងតាមរចនាបថតំបន់ចម្ការព្រែកទន្លេ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនាទេសភាពធម្មជាតិ និងភ្លក្សរសជាតិឈ្ងុយឆ្ងាញ់ ផ្អែមត្រជាក់ និងខាប់ប្លែកពីដូងខ្ទិះនៅនឹងចម្ការផ្ទាល់។ ដោយគួបផ្សំការផលិតជាមួយទេសចរណ៍ឆ្លងបទពិសោធន៍ បានជួយឱ្យគ្រួសារខ្ញុំលើកកម្ពស់តម្លៃសេដ្ឋកិច្ចនៅលើផ្ទៃដីដាំដុះតែមួយ"។
លោកផាមថាញ់ហ្វាយ អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានវាយតម្លៃ៖ "ចំណុចលេចធ្លោរបស់កសិករនាពេលបច្ចុប្បន្ន គឺមិនត្រឹមតែផលិតជាលក្ខណៈទោលនោះទេ នៅទាំងចេះទាញយកតម្លៃពីផលិតផលកសិកម្មដដែលនោះផង។ ផ្តើមពីគំនិតផលិតកសិកម្មតាមបែបប្រពៃណី កសិករទីក្រុងបានក្លាហានប្តូរមកការផលិតបៃតង កែច្នៃស៊ីជម្រៅ គួបផ្សំនឹងធ្វើទេសចរណ៍ឆ្លងបទពិសោធន៍ និងកសាងម៉ាកយីហោពិសេសប្រចាំភូមិភាគ។ របៀបធ្វើប្រកបដោយគំនិតច្នៃប្រតិដ្ឋនោះ បានបង្កើតជាអាជីពចិញ្ចឹមជីវិតប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលដល់កសិករ ថែមទាំងធ្វើឱ្យរីកសាយភាយនូវគំនិតផ្លាស់ថ្មីទៀតផង។ នេះជាបុព្វបទដ៏សំខាន់ដើម្បីកសាងវិស័យកសិកម្មទំនើប ប្រកបដោយចីរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណពិសេសនៃតំបន់ព្រែកទន្លេ"។
កៅហ្វាញ - ត្រឹងរ៉ូន