ស្ថិតក្នុងបរិយាកាសបៃតងនៃទឹកដីវិញឡុង វត្តភាគរាជដួងកែវកំពង់ដូង បង្ហាញពីភាពស្ងប់ស្ងាត់ ជាកន្លែងគោរពប្រតិបត្តិសាសនារបស់ជនរួមជាតិខ្មែរ ហើយជាទីតាំងទេសចរណ៍ផ្លូវចិត្តដែលរក្សានូវតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ល្អប្រណីត។

ទិដ្ឋភាពវត្តផ្នោដូង។
វត្តភាគរាជដួងកែវកំពង់ដូង ហៅថា វត្តផ្នោដូង នៅភូមិដើមជ្រៃ ឃុំដាយអាង ខេត្តវិញឡុង។ ឋិតនៅក្បែរផ្លូវជាតិលេខ ៥៣ ម្ល៉ោះហើយងាយស្រួលសម្រាប់ពុទ្ធបរិស័ទនិងភ្ញៀវទេសចរមកទស្សនា គោរពបូជា។ ដោយបានកសាងឆ្នាំ ១៦៧៧ វត្តផ្នោដូង គឺជាវត្តបុរាណមួយក្នុងចំណោមវត្តខ្មែរនៅតំបន់តីណាមបូ ហើយផ្សារភ្ជាប់ជាមួយនឹងការកកើតនិងអភិវឌ្ឍជីវភាពវប្បធម៌ ជំនឿព្រះពុទ្ធសាសនាថេរវាទរបស់ជនរួមជាតិខ្មែរ។
វត្តនេះបានកសាងលើផ្ទៃដីប្រហែល ៦ ហិកតា ជាមួយនឹងបរិយាកាសបរិសុទ្ធគ្របដណ្ដប់ដោយម្លប់ដើមឈើត្រឈឹងត្រឈៃ។ ឆ្លងកាត់ការជួសជុល កែលម្អជាច្រើនលើក ប៉ុន្តែវត្តនេះនៅតែរក្សាបានស្ថាបត្យកម្មប្រពៃណីពិសេសដោយឡែករបស់វត្តខ្មែរនៅណាមបូ។ ឆ្នាំ១៩៩២ វត្តបានមន្ទីរវប្បធម៌– ទេសចរណ៍ទទួលស្គាល់ជាមណ្ឌលទេសចរណ៍។ ចាប់តាំងពីនោះមក វត្ត បានក្លាយជាទីតាំងនៃដំណើរការ ស្វែងយល់ពីវប្បធម៌ខ្មែរនៅវិញឡុង។
ចំណុចលេចធ្លោនៃវត្តផ្នោដូងគឺស្ថាបត្យកម្មដ៏ប្រណីតនិងមានភាពស្កឹមស្កៃអស្ចារ្យ។ ព្រះវិហារ សាលានិងសំណង់ជាច្រើនទៀតបានតុបតែងលម្អដោយក្បូរច្បាច់រចនាដ៏ប្រណីត។ ចម្លាក់នៅលើដំបូល សសរនិងជញ្ជាំងវត្តមិនត្រឹមតែបង្ហាញពីស្នាដៃដ៏ជំនាញប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងអំពីជំនឿផ្លូវចិត្ត ទស្សនវិជ្ជាព្រះពុទ្ធសាសនានិងជីវភាពរបស់ជនរួមជាតិខ្មែរជាច្រើនជំនាន់។ ទីធ្លាវត្តក៏គួរឱ្យចាប់អារម្មណ៍ដោយការរួមបញ្ចូលគ្នា រវាងស្ថាបត្យកម្មនិងធម្មជាតិ។ បរិវេណបៃតងត្រជាក់ ហើយស្ងប់ស្ងាត់បង្កអារម្មណ៍ធូរស្រាលដល់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត។ ពិសេស វត្តផ្នោដូង គឺជាជម្រកធម្មជាតិសម្រាប់បក្សាបក្សីច្រើនប្រភេទ។ នៅលើដើមឈើខ្ពស់ៗ មានហ្វូងសត្វព្រាប កុកស សត្វក្រៀល កុកចំពុះលឿង កុកចំពុះខ្មៅ ក្អែកទឹក ក្រសារ...បានប្រមូលផ្តុំគ្នាមករស់នៅដោយខ្លួនឯងនិងហើរឆ្វែល រួមចំណែកបង្កទិដ្ឋភាពដ៏រស់រវើក ប៉ុន្តែរក្សាបាននូវភាពស្ងប់ស្ងាត់របស់វត្តអារាម។
ដោយមានប្រវត្តិសាស្ត្រដ៏ចំណាស់ តម្លៃវប្បធម៌ដ៏សម្បូរបែបនិងទេសភាពដ៏ស្រស់ស្អាត វត្តផ្នោដូង មិនត្រឹមតែជាទីបង្អែកខាងជំជឿផ្លូវចិត្តរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាតំបន់ទេសចរណ៍ផ្លូវចិត្តដ៏ទាក់ទាញមួយនៅខេត្តវិញឡុង។ មកទស្សនាកម្សាន្តនៅទីនេះ ភ្ញៀវទេសចរហាក់បានល្ហែល្ហើយពីភាពអ៊ូអរនៃជីវភាពសម័យទំនើប មានភាពស្ងប់ស្ងាត់ក្នុងចិត្តដោយបរិយាកាសពិសិដ្ឋនិងធម្មជាតិដ៏បរិសុទ្ធ៕
ទីទុយ