ក្រោយពីរួមបញ្ចូលព្រំប្រទល់រដ្ឋបាល ឃុំសង្កាត់នានាលើភូមិឋានទីក្រុងកឹងធើ បានម្ចាស់ការអនុវត្តនូវវិធានការព្រមៗគ្នា និងប្តូរផ្តាច់ក្នុងការបន្ថយភាពក្រីក្រ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជួយឱ្យជនរួមជាតិខ្មែរលំនឹងជីវភាព។

ទម្រង់ចិញ្ចឹមទាកាប៉ារបស់បងស្រី ធីយ៉ុប។
មីហឿង ជាឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅជាង ៥៦% បានអនុវត្តវិធានការបំបាត់ភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីគោលនយោបាយឧបត្ថម្ភសង់ផ្ទះ ឧបត្ថម្ភបុលទុនអភិវឌ្ឍការផលិត ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ អង្គការមហាជននៅទាំងចងសម្ព័ន្ធជាមួយអាជីវកម្ម ឧទ្ទេសនាមការងារធ្វើ ចលនាសប្បុរសជនឧបត្ថម្ភសង់ផ្ទះជូនគ្រួសារមានស្ថានភាពលំបាក។ ផ្តើមពីនោះ គ្រួសារជាច្រើនមានផ្ទះសម្បែង មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង ជីវភាពបានលើកកម្ពស់ជាបណ្តើរៗ។
លោកថាច់ផល នៅភូមិបឹងកក់ ឃុំមីហឿង ឱ្យដឹង៖ “ពីមុន ប្តីប្រពន្ធខ្ញុំធ្វើការឈ្នួលនៅភូមិភាគ គ្រាន់តែគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ មិនសល់ប្រាក់កាសសម្រាប់ជួសជុលផ្ទះ ម្ល៉ោះហើយ តែងរស់នៅក្នុងផ្ទះទ្រុឌទ្រោម។ ចុងឆ្នាំ ២០២៥ រដ្ឋអំណាចបានសង់ផ្ទះជូន ព្រមទាំងឧទ្ទេសនាមខ្ញុំទៅចិញ្ចឹមទាឱ្យគ្រួសារមួយនៅភូមិភាគ ចំណែកប្រពន្ធខ្ញុំនៅផ្ទះធ្វើការឈ្នល ដូចជា៖ ដកស្មៅឆ្លូក និងប្រមូលផលដំណាំ។ល។ ដើម្បីរកប្រាក់គិតគូរជីវភាពប្រចាំថ្ងៃ។ រីឯកូនៗបានឧទ្ទេសនាមទៅធ្វើកម្មករនៅក្រុមហ៊ុនក្នុងខេត្ត ម្ល៉ោះហើយ គ្រួសារខ្ញុំនរណាក៏រកបានប្រាក់ចំណូលលំនឹង។ ដោយសារការឧបត្ថម្ភរបស់រដ្ឋអំណាច ទើបខ្ញុំមានផ្ទះថ្មីរឹងមាំ មានការងារធ្វើរកបានប្រាក់ចំណូលប្រចាំខែ និងជីវភាពបានលំនឹងជាបណ្តើរៗ”។
ចំណែកនៅសង្កាត់វីតឹង ទន្ទឹមនឹងឧបត្ថម្ភសង់ផ្ទះ ថែមទាំងបានឧបត្ថម្ភបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម; ហ្វឹកហ្វឺនបច្ចេកទេស ដាំដុះ ចិញ្ចឹមសត្វសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារទៀតផង។ ផ្តើមពីនោះ គ្រួសារខ្មែរជាច្រើនបានមោះមុតបង្វែរពូជដំណាំ សត្វចិញ្ចឹម កែប្រែដីចម្ការ ចិញ្ចឹមសត្វ។ល។ ហេតុនោះ ទើបជីវភាពគ្រួសារគាត់បានលំនឹងជាបណ្តើរៗ។ បងស្រីធីយ៉ុប នៅមណ្ឌល ១៩ សង្កាត់វីតឹង ឱ្យដឹង៖ “ខ្ញុំធ្វើការឈ្នួលគ្រប់ភូមិស្រុក ឃើញគេធ្វើមានពីការចិញ្ចឹមជ្រូក ទាកាប៉ា ម្ល៉ោះហើយក៏មានបំណងចង់ចិញ្ចឹមដែរ ប៉ុន្តែធ្វើការឈ្នួលបានត្រឹមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ មិនសេសសល់។ ពេលបានរដ្ឋអំណាចពិនិត្យជ្រើសឧបត្ថម្ភសាងសង់ផ្ទះ ឱ្យបុលទុន ៥០ លានដុង និងជំនួយកូនជ្រូក ១០ ក្បាល ហើយប្តីខ្ញុំបានរៀនវគ្គហ្វឹកហ្វឺនអំពីការចិញ្ចឹមសត្វ ម្ល៉ោះហើយបានវិនិយោគចិញ្ចឹម។ ដោយចេះបច្ចេកទេសថែទាំ ទើបជ្រូក ទា តែងធំធាត់ល្អ។ ក្នុងអំឡុង៣ឆ្នាំមកនេះ មធ្យមក្នុងមួយឆ្នាំខ្ញុំចិញ្ចឹមជ្រូកប្រមាណ ៦០ ក្បាល និងទាកាប៉ា ២០០ ក្បាល ម្ល៉ោះហើយប្រិតសំចៃបានប្រាក់ជួសជុលផ្ទះ ជួលដីធ្វើស្រែបន្ថែម ជីវភាពបានធូរធារឡើងបន្តិចម្តងៗ”។
ផ្តើមពីប្រភពទុនបុលអនុគ្រោះផ្ទះថ្មី ពូជដំណាំ សត្វចិញ្ចឹម រហូតដល់ការឧបត្ថម្ភផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ល។ បង្កបានទំនុកចិត្ត កម្លាំងជំរុញដល់គ្រួសារខ្មែរក្រីក្រនៅទីក្រុងកឹងធើ ឈានឡើងក្នុងជីវភាព។ ប្រការនេះកាន់តែបញ្ជាក់ពីប្រសិទ្ធភាពនៃគោលនយោបាយរបស់បក្ស រដ្ឋ និងការស្រុះចិត្តគ្នាឈានឡើងក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ រួមចំណែកកសាងតំបន់ជនបទទីក្រុងកឹងធើកាន់តែរីកចម្រើន៕
យ្វីអាញ -វិមាន