ក្នុងបរិយាកាសរីករាយនៃប៉ុន្មានថ្ងៃដើមឆ្នាំប៊ិញង៉ ២០២៦ តំបន់ចុងប៉ូលខាងត្បូងនៃមាតុភូមិ បានកត់សម្គាល់នូវសញ្ញារីកចម្រើនខ្លាំងក្លានៃផែនទីទេសចរណ៍ទូទាំងប្រទេស ដោយទិដ្ឋភាពថ្មីរស់រវើក។ ជាមួយនឹងការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម រយៈពេល ៩ ថ្ងៃ ខេត្តកាម៉ាវ មិនត្រឹមតែជាទីតាំងដ៏ល្អសម្រាប់ភ្ញៀវទេសចរមកទស្សនាសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃប្រព័ន្ធអេកូឡូស៊ីមានលក្ខណៈពិសេសដោយឡែកនោះទេ ថែមទាំងជាកន្លែងប្រមូលផ្តុំនៃតម្លៃវប្បធម៌ប្រពៃណី ដែលផ្សារភ្ជាប់ជាមួយនឹងសេចក្តីប្រាថ្នានៃការផ្លាស់ថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាព។
យោងតាមការវាយតម្លៃរបស់លោក លីវីទ្រេវយឿង នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តកាម៉ាវ រដូវទេសចរណ៍បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ខេត្តបានទទួលភ្ញៀវរាប់សែននាក់ ដែលជាភស្តុតាងបញ្ជាក់ឱ្យឃើញពីភាពទាក់ទាញដ៏ខ្លាំងក្លានៃ "កាម៉ាវរីកចម្រើនទៅមុខ" ក្នុងយុគសម័យថ្មី។
បណ្តាទីតាំងសំខាន់ៗរបស់ភ្ញៀវទេសចរក្នុងថ្ងៃបុណ្យចូលឆ្នាំដូច៖ តំបន់ទេសចរណ៍ចុងប៉ូលខាងត្បូង ឧទ្យានជាតិអ៊ូមិញហា... តែងតែមានភាពអ៊ូអរដោយភ្ញៀវទេសចរដើរកម្សាន្តបុណ្យចូលឆ្នាំ។ ជាពិសេស និន្នាការទេសចរណ៍ឆ្លងកាត់បទពិសោធន៍កំពុងតែពេញនិយម បានបង្កលក្ខណៈឱ្យបណ្តាអាជីវកម្មទេសចរណ៍ ម្ចាស់ការក្នុងការកសាងផលិតផលទេសចរណ៍មានលក្ខណៈពិសេស។ ដំណើរទេសចរណ៍ "ឆ្លងកាត់វៀតណាម" តភ្ជាប់ពីរដ្ឋធានីហាណូយ បណ្តាខេត្តនៃភូមិភាគកណ្តាល ឆ្លងកាត់ទីក្រុងហូជីមិញនិងកឹងធើមកដល់ចុងប៉ូលខាងត្បូងកាម៉ាវបានក្លាយជាជម្រើសអាទិភាពរបស់គ្រួសារជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ។
.jpg)
ភ្ញៀវទេសចរថតរូបជាមួយបង្គោលតម្រុយនិយាមកាជាតិ។
នៅទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានថតរូបជាមួយបង្គោលតម្រុយនិយាមកាជាតិដ៏ពិសិដ្ឋ ឬសម្របខ្លួនក្នុងលំហដងព្រៃដ៏ធំល្វឹងល្វើយនៃអ៊ូមិញហាប៉ុណ្ណោះទេ ថែមទាំងបានទៅទស្សនាទីលានផាងង៉ុកហៀង គោរពបូជានៅទីសក្ការៈព្រះម៉ែគង់ស៊ីអ៊ីម វត្តគម្ភីរសាគរព្រែកជ្រៅ ក៏ដូចជាទស្សនាវិមានកម្លោះសង្ហារបាកលីវ ... ក្នុងកម្មវិធីទេសចរណ៍តភ្ជាប់តំបន់ឧបទ្វីបកាម៉ាវ។ ការតភ្ជាប់នេះជួយឱ្យភ្ញៀវទេសចរបានទស្សនាទិដ្ឋភាពទាំងស្រុងនៃសម្រស់បេតិកភណ្ឌ និងធម្មជាតិនៃតំបន់នេះ។ អ្នកស្រី ទ្រឿងកឹមទ្រុក ភ្ញៀវទេសចរមកពីទីក្រុងកឹងធើ បានរៀបរាប់៖ “លើកដំបូងបានមកដល់កាម៉ាវ ដែលជាទឹកដីចុងប៉ូលខាងត្បូងមាតុភូមិ ខ្ញុំមានអារម្មណ៍ថាពិសិដ្ឋ និងកក់ក្តៅខ្លាំងណាស់។ នៅពេលឈានជើងចូលតំបន់ទេសចរណ៍ចុងប៉ូលខាងត្បូង បរិយាកាសធម្មជាតិស្រស់ស្រាយ រហោស្ថាន ប៉ុន្តែរាល់តម្រូវការរបស់ភ្ញៀវទេសចរត្រូវបានឆ្លើយតបយ៉ាងដិតដល់និងប្រកបដោយវិជ្ជាជីវៈ ដែលធ្វើឱ្យខ្ញុំមានមោទនភាព និងកាន់តែស្រឡាញ់មាតុភូមិរបស់យើងថែមទៀត”។

ចំនួនភ្ញៀវយ៉ាងច្រើនកុះករមកបន់ស្រន់សុំសេចក្តីសុខនៅទីសក្ការបូជាព្រះម៉ែគង់ស៊ីអ៊ីមណាមហាយ ខេត្តកាម៉ាវ។
តំបន់ទេសចរណ៍វាយោអគ្គិសនីហ្វាប៊ិញ ១ ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងដែលទាក់ទាញភ្ញៀវមិនតិចជាង ៥.០០០ នាក់ក្នុងមួយថ្ងៃ ទីនេះបាននាំមកនូវបទពិសោធន៍ថ្មីៗដូចជា អុំទូកទស្សនាព្រៃលិចទឹកក្រោមម្លប់នៃទួរប៊ីនខ្យល់ដ៏ធំសម្បើម ស្ទូចត្រី និងជិះកង់កាត់ព្រៃ។ ទម្រង់នេះ មិនត្រឹមតែធ្វើឱ្យផលិតផលទេសចរណ៍មានភាពសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយនូវសារអំពីការអភិវឌ្ឍសមស្របរវាងសេដ្ឋកិច្ចនិងធម្មជាតិ។
ទន្ទឹមនឹងនោះ ភាពទាក់ទាញរបស់កាម៉ាវ ក៏ស្ថិតទៅលើប្រព័ន្ធមូលដ្ឋានជំនឿសាសនាដ៏ល្បីល្បាញដូចជា ទីសក្ការៈព្រះម៉ែគង់ស៊ីអ៊ីម វត្តយាកហ្វា វត្តហឹងថៀង ឬព្រះវិហារតាក់សៃ។ ចរន្តមនុស្សនាំគ្នាទៅវត្តដើម្បីបួងសួងសុំសេចក្តីសុខ សំណាងល្អក្នុងថ្ងៃដើមឆ្នាំ បានបង្កើតនូវបរិយាកាសអ៊ូអរ។ រួមជាមួយនោះ លំហបរិយាកាសដូចជាទីលានហ៊ុងវឿង ជាមួយនឹងនិមិត្តរូបចាប៉ីព្រះខែ និងទីលានផាងង៉ុកហៀង ជាមួយនឹងនិមិត្តរូបបង្កងធំបំផុតនៅវៀតណាម បានតុបតែងយ៉ាងស្អាតប្រណីត ក្លាយជាចំណុចលេចធ្លោផ្សព្វផ្សាយសារអំពីភូមិភាគមួយដែលកំពុងអនុវត្តសេចក្តីប្រាថ្នានៃការឈានឡើង។
នៅតាមបណ្តាទីតាំងទេសចរណ៍សហគមន៍ដូចជា៖ ហ្វាងហោង ឬតំបន់អេកូឡូស៊ីហឿងត្រាម ហ្វារឹងអ៊ូមិញ ម្ហូបអាហារដែលមានរសជាតិព្រៃនិងសមុទ្រដូចជា៖ ក្តាមចំហុយ ត្រីរ៉ស់អាំង សម្លម្ជូរគ្រឿង ... តែងតែទទួលបានការវាយតម្លៃខ្ពស់ចំពោះភាពស្រស់ និងរបៀបចម្អិនយ៉ាងផ្ចិតផ្ចង់។ ភ្ញៀវទេសចរជាច្រើនបានសម្តែងការចាប់អារម្មណ៍ជាពិសេសនៅពេលដែលមិនមានស្ថានភាព "កាប់តម្លៃ" ឬបង្ខំភ្ញៀវឡើយ ផ្ទុយទៅវិញគឺជាការបម្រើដោយអស់ពីចិត្ត និងតម្លៃសមរម្យ បង្ករបានជារូបភាពកាម៉ាវដ៏មានសុវត្ថិភាព និងរួសរាយរាក់ទាក់។
លោកង្វៀងវ៉ាំងសឺ នាយកគណៈគ្រប់គ្រងតំបន់ទេសចរណ៍ចុងប៉ូលកាម៉ាវ បានចែករំលែកដោយក្តីរំភើប៖ “ក្នុងរយៈពេលតែពីរថ្ងៃ គឺថ្ងៃទី ៤ និងទី ៥ នៃបុណ្យចូលឆ្នាំថ្មីវៀតណាម ទីតាំងនេះបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០.០០០ នាក់ សរុបមកដល់ពេលនេះបានទទួលភ្ញៀវជាង ២២.៥០០ នាក់មកដើរកម្សាន្តបុណ្យចូលឆ្នាំ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ យើងខ្ញុំបានអនុវត្តសំណង់ជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ ក្នុងនោះនិមិត្តរូបលក្ខណៈពិសេសនៃឆ្នាំប៊ិញង៉ បានដាក់តាំងនៅខាងមុខខ្លោងទ្វារ។ ចំពោះតម្លៃសម្រាប់ភ្ញៀវដែលមកទីនេះ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង តម្លៃមិនកើនបើធៀបនឹងឆ្នាំ ២០២៥ ”។
ជាមួយនឹងចំនួនភ្ញៀវមកកាន់កាម៉ាវ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប៊ិញង៉ ២០២៦ នេះ កំពុងនាំមកនូវសញ្ញាវិជ្ជមានសម្រាប់វិស័យ "សេដ្ឋកិច្ចបៃតង" របស់ខេត្តកាម៉ាវ។ ទន្ទឹមនឹងនោះ បានបញ្ជាក់ពីទីតាំងជាមជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ី វប្បធម៌ជំនឿសាសនាដ៏សំខាន់នៃតំបន់វាលទំនាបទន្លេគឺវឡុង សមនឹងជំនឿទុកចិត្តរបស់ភ្ញៀវទេសចរសម្រាប់ទឹកដីដ៏ពិសិដ្ឋ - តំបន់ចុងបូលខាងត្បូងនៃមាតុភូមិ៕
យ្វីអាញ - សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
