ប៉ុន្មានឆ្នាំកន្លង ការងារថែទាំសុខភាពស្ត្រីនិងកុមារតំបន់ជនជាតិភាគតិច តែងបានគ្រប់ថ្នាក់ គ្រប់ផ្នែកលើភូមិឋានទីក្រុងកឹងធើ យកចិត្តទុកដាក់អនុវត្តដោយរូបភាពជាក់ស្តែងជាច្រើន។ តាមរយៈនោះ ជួយស្ត្រីនិងកុមារបានបង្ខិតជិតសេវាថែទាំសុខភាពទំនើប រួមចំណែកលើកកម្ពស់មាឌកម្ពស់និងកាយសម្បទាដល់កុមារ។

សុខភាពស្ត្រីនិងកុមារតំបន់ជនជាតិភាគតិចបានយកចិត្តទុកដាក់។
ដោះដូរជាមួយយើងខ្ញុំអំពីការថែទាំសុខភាពស្ត្រីនិងកុមាររយៈពេលកន្លង បងង្វៀងវុាំងវ៉ូវ អនុប្រធានដំណាក់សុខាភិបាលឃុំធ្វឹងហ្វា ចែករំលែក៖ “ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពនៅជួបការលំបាកជាច្រើន ដើម្បីបង្ខិតជិតជាមួយស្ត្រីនិងកុមារតំបន់ជនជាតិក្នុងការផ្សព្វផ្សាយ ដំណាក់សុខាភិបាលតែងសហការនឹងសមាគមនិងអង្គការមហាជននានា ជ្រើសរើសអ្នកមានប្រិយភាពក្នុងភូមិស្រុក ដើម្បីបង្កើតក្រុមសុខាភិបាលសហគមន៍ ធ្វើជាស្ពានតភ្ជាប់ក្នុងការឃោសនាចលនាបងប្អូននារីអំពីការថែទាំនិងចិញ្ចឹមកូន។ ពិសេស ចំពោះម្តាយក្នុងរយៈពេលចិញ្ចឹមកូន ឬគ្រួសារដែលមានកូនក្នុងអាយុចាក់ថ្នាំបង្ការ៘” បងស្រីលីថាញទ្រុក ប្រជាជនក្នុងភូមិ ចែករំលែក៖ “នៅទីនេះ ការថែទាំសុខភាពកុមារនិងស្ត្រីក្នុងអាយុសម្រាលកូន តែងបានរដ្ឋអំណាច កម្មាភិបាលសមាគមនារីនិងបុគ្គលិកពេទ្យមូលដ្ឋានយកចិត្តទុកដាក់ជានិច្ច។ គ្រួសារដែលមានកូនតូចដល់ពេលកំណត់ចាក់ថ្នាំបង្ការ នឹងបានបងប្អូននារីផ្ញើសារឬចុះមកដល់ផ្ទះជូនដំណឹង។ ចំពោះគ្រួសារដែលមានកូនតូចខ្វះសារធាតុចិញ្ចឹម អាហារូបត្ថម្ភ គឺបានសហការីពេទ្យ ចុះមកណែនាំរបៀបបំប៉នដល់កុមារ”។
នៅសង្កាត់មីស្វៀង ការងារថែទាំសុខភាពទូទាំងប្រជាជនបានយកចិត្តទុកដាក់ពិសេស។ តាមប្រសាសន៍វេជ្ជបណ្ឌិតឡឹមវុាំងតឹង ប្រធានដំណាក់សុខាភិបាលសង្កាត់មីស្វៀង ដើម្បីអនុវត្តល្អការងារថែទាំសុខភាពចំពោះមុខសញ្ញាដែលងាយរងគ្រោះនិងផលប៉ះពាល់ដូចជា ស្ត្រីនិងកុមារ អង្គភាពបានបង្កើតគណៈកម្មការថែទាំសុខភាពប្រជាជន ភូមិនីមួយៗតែងមានសហការីចំនួនប្រជាជន និងមានបុគ្គលិកពេទ្យទទួលបន្ទុក។ នេះត្រូវបានចាត់ជា “ស្ពានតភ្ជាប់” របស់ប្រព័ន្ធសុខាភិបាលភូមិភាគ ជួយពាំនាំសេវាសុខាភិបាលខិតជិតជាមួយនឹងមាមីង ជាពិសេសគឺស្ត្រីនិងកុមារជនជាតិភាគតិច។ ផ្តើមពីនោះ ការងារថែទាំសុខភាពស្ត្រីនិងកុមាររបស់ដំណាក់សុខាភិបាលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន អត្រាស្ត្រីពិនិត្យគភ៌ ៤ ដងក្នុង៣ដំណាក់កាលសម្រេចជាង ៩១%; បានថែទាំ៣ដង ក្នុងរយៈពេល ៤២ ថ្ងៃ ក្រោយពីសម្រាលកូនសម្រេចជាង ៩៦%; កុមារគ្រប់អាយុចាក់ថ្នាំបង្ការគ្រប់សម្រេចជាង ៩០%៘
ផ្តើមពីទង្វើជិតដិតជាមួយនឹងតម្រូវការជាក់ស្តែង សុខភាពស្ត្រីនិងកុមារតំបន់មានជនជាតិភាគតិចរស់នៅកុះករជាសន្សឹមៗបានលើកស្ទួយ។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរស្មារតីភ្ញាក់រលឹកប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទដ៏សំខាន់ដើម្បីកសាងសហគមន៍សង្គមរឹងមាំ អភិវឌ្ឍចីរភាព៕
ថាញវ៉ាង - លីសៀ