ដើម្បីម្ចាស់ការទប់ស្កាត់ហានិភ័យបាត់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ មុនបុណ្យចូលឆ្នាំវៀតណាម បិញង៉ ឆ្នាំ២០២៦ នគរបាលខេត្តកាម៉ាវ បានផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយសំខាន់ៗ ពង្រីកប្រសិទ្ធភាពប្រព័ន្ធកាមេរ៉ាឃ្លាំមើល ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងដោះស្រាយការប្រព្រឹត្តល្មើស ធានាសុវត្ថិភាពចរាចរណ៍ បម្រើប្រជាជនទទួលអំណរបុណ្យចូលឆ្នាំវៀតណាមសុខសាន្តនិងសុវត្ថិភាព។

កម្លាំងប៉ូលិសចរាចរណ៍នៃនគរបាលខេត្តកាម៉ាវ ធ្វើតេស្ត ត្រួតពិនិត្យជាតិអាល់កុល។
យោងតាមការិយាល័យប៉ូលិសចរាចរណ៍នៃនគរបាលខេត្តកាម៉ាវ ក្នុងឆ្នាំ ២០២៥ កងកម្លាំងប៉ូលិសចរាចរណ៍ បានផ្សព្វផ្សាយនិងក្រើនរំលឹកអ្នកចូលរួមចរាចរណ៍ជាង ៣៨០.០០០ នាក់; ផ្សព្វផ្សាយផ្ទាល់នៅតាមសាលារៀនដល់សិស្ស និស្សិតជាង ១៨.០០០ នាក់; សហការផ្សព្វផ្សាយតាមកម្មវិធីទូរទស្សន៍ នាទី “បើកបរសុវត្ថិភាព” ជាសន្សឹមៗលើកកម្ពស់ស្មារតីគោរពច្បាប់ចរាចរណ៍ដល់ប្រជាជនគ្រប់រូប។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំ ២០២៥ កងកម្លាំងប៉ូលិសចរាចរណ៍ទូទាំងខេត្ត បានចាត់វេនល្បាតជាង ១៤.០០០ លើក ប្រទះឃើញនិងធ្វើកំណត់ហេតុជាង ៤០.០០០ ករណីបំពាន និងពិន័យ ៣៤.៣០០ ករណី សរុបជាទឹកប្រាក់ជាង ៧២ ពាន់លានដុង។ ការប្រព្រឹត្តល្មើស មានដូច៖ ល្មើសកម្រិតជាតិអាល់កុល បើកបរលើសល្បឿនកំណត់ ប្រើប្រាស់គ្រឿងញៀន ដឹកទំនិញលើសទម្ងន់។ល។ បានផ្ដុំកម្លាំងវិនិច្ឆ័យយ៉ាងតឹងរ៉ឹងតាមស្មារតី “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង” រួមចំណែកធ្វើឱ្យផ្លាស់ប្តូរយ៉ាងច្បាស់អំពីក្រឹត្យក្រមនិងសណ្តាប់ធ្នាប់ចរាចរណ៍។
វរសេនីយ៍ឯកបម្រុង ប៊ូយទ្រុងកៀង ប្រធានការិយាល័យប៉ូលិសចរាចរណ៍ ឱ្យដឹង៖ “បច្ចុប្បន្ន ទូទាំងខេត្តកំពុងដំណើរការប្រព័ន្ធកាមេរ៉ាចំនួនពីរ ដោយមានកាមេរ៉ាចំនួន៥០គ្រឿង បានដំឡើងនៅលើដងផ្លូវចរាចរណ៍សំខាន់ៗ និងទីតាំងច្រកផ្លូវ ដំណើរការ ២៤/២៤ ម៉ោង និងតភ្ជាប់បញ្តាញអ៊ីនធឺណិតទៅមជ្ឈមណ្ឌលបញ្ជាការដ្ឋាននគរបាលខេត្ត។ តាមរយៈប្រព័ន្ធនេះ កងកម្លាំងប៉ូលិសចរាចរណ៍ អាចរកឃើញនិងកំណត់ជាក់លាក់នូវការប្រព្រឹត្តល្មើសដូច៖ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងបើកបរលើសល្បឿនកំណត់។ ការវិនិច្ឆ័យបទល្មើសផ្អែកលើរូបភាពជាក់ស្ដែង រួមចំណែកលើកកម្ពស់ការដាស់តឿន និងធានាបានភាពយុត្តិធម៌និងតម្លាភាព”។
យោងតាមការិយាល័យប៉ូលិសចរាចរណ៍ គ្រាន់តែពីរសប្តាហ៍នៃចុងខែធ្នូ ឆ្នាំ ២០២៥ ប្រព័ន្ធកាមេរ៉ាបានរកឃើញបទល្មើសចំនួន ២១៩ ករណី ក្នុងនោះ បទល្មើសភ្លើងសញ្ញាចរាចរណ៍ចំនួន ១៣៣ ករណី និងបទល្មើសបើកបរលើសល្បឿនកំណត់ចំនួន ៨៦ ករណី។ ផ្ញើសារជូនដំណឹងចំនួន២១៦ ករណី ដោយទឹកប្រាក់ពិន័យសរុបជិត ៨៥ លានដុង។
វរសេនីយ៍ឯក ត្រឹងវុាំងធី នាយករងនគរបាលខេត្តកាម៉ាវ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលកម្លាំងប៉ូលិសចរាចរណ៍សម្រេចបានក្នុងឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ លោកក៏ស្នើកម្លាំងប៉ូលិសចរាចរណ៍ បន្តផ្លាស់ថ្មីគំនិត វិធីសាស្រ្តធ្វើការបង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល។ ផ្តោតលើការវិនិច្ឆ័យតឹងរ៉ឹងការប្រព្រឹត្តល្មើសដែលជាមូលហេតុចម្បងបង្កគ្រោះថ្នាក់ចរាចរណ៍ រឹតបន្តឹងច្បាប់ទម្លាប់ទប់ស្កាត់ភាពអវិជ្ជមានក្នុងការអនុវត្តភារកិច្ច និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយចីរភាព។ ជាពិសេស គប្បីបង្កើនការយាមល្បាត ត្រួតពិនិត្យ និងវិនិច្ឆ័យតឹងរ៉ឹងបទល្មើសសុវត្ថិភាពចរាចរណ៍លើដងផ្លូវទាំងអស់ ដើម្បីធានាប្រជាជនទទួលអំណរបុណ្យចូលឆ្នាំវៀតណាមប្រកបដោយសុវត្ថិភាពនិងសុខសប្បាយ៕
យ្វីអាញ-មេងលី