បណ្តាគ្រួសារដែលមានជីវភាពលំបាក ប៉ុន្តែអាស្រ័យការជួយជ្រោមជ្រែងពីប្រភពទុនបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គម រួមជាមួយការខិតខំជម្នះការលំបាក ប្រឹងប្រែងឈានឡើង ធ្វើឱ្យគ្រួសារជនរួមជាតិខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ អាចអភិវឌ្ឍការផលិត និងមានជីវភាពធូរធារឡើងជាបណ្ដើរៗ។

បងស្រីលីធីធឿង នៅឃុំឡឹមតឹង ឈានឡើងចាកផុតពីភាពក្រីក្រ អាស្រ័យប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។
ឃើញផ្ទះសម្បែងដែលមានភាពសមរម្យដូច្នេះ តិចមានអ្នកណាដឹងថា គ្រួសារបងស្រីលីធីធឿង នៅភូមិទ្រុងញឹក ឃុំឡឹមតឹង ធ្លាប់ឆ្លងកាត់ការលំបាក និងត្រដាបត្រដួសក្នុងជីវភាពនោះណាស់។ ក្នុងឱកាសនាំយើងខ្ញុំទៅទស្សនាទម្រង់សេដ្ឋកិច្ចរបស់គ្រួសារ បងស្រីធឿង ចែករំលែក៖ “ក្រោយរៀបការចេញនៅដោយឡែក ដំបូងមានត្រឹមដីស្រែ ២ កុង ដែលឪពុកម្តាយចែក។ ប្តីប្រពន្ធខ្ញុំខិតខំប្រឹងប្រែងធ្វើការរកស៊ី ប៉ុន្តែជីវភាពនៅតែខ្វះមុខខ្វះក្រោយ ធ្វើស្រែផងធ្វើការឈ្នួលផង នៅតែរកលុយទិញសត្វមកចិញ្ចឹមមិនបាន។ លុះដល់ឆ្នាំ ២០១៧ តាមរយៈសមាគមកសិករឃុំឡឹមតឹង ខ្ញុំបុលទុន ២០ លានដុងពីប្រភពទុនបុលអាទិភាពនៃធនាគារគោលនយោបាយសង្គម។ ពេលមានដើមទុន ខ្ញុំក៏ទិញគោមេ២ក្បាលមកចិញ្ចឹម ជីវភាពគ្រួសារក៏ចាប់ផ្តើមប្រសើរឡើងតាំងពីពេលនោះមក”។ អាស្រ័យការប្រឹងប្រែងរកស៊ីនិងរៀនសូត្រពីរបៀបថែទាំ ទើបហ្វូងគោធាត់ធំ ហើយកើតបានកូនគោ ២ក្បាលជារៀងរាល់ឆ្នាំ។ គិតមកទល់ពេលនេះ គ្រួសារបងស្រីលក់គោបានប្រហែល ៨ ក្បាលទទួលបានប្រាក់ប្រមាណ ២០០ លានដុង បច្ចុប្បន្នក្នុងក្រោលនៅ ៦ ក្បាល ក្នុងនោះ មេ ៤ ក្បាលនិងឈ្មោល ២ ក្បាល។ ការចិញ្ចឹមគោបានជួយឱ្យគ្រួសារបងស្រីកែលម្អជីវភាព។ បងស្រីធឿង រ៉ាយរ៉ាប់ឱ្យដឹងបន្ថែម៖ “ក្នុងដំណើរឈានឡើងចាកផុតពីភាពក្រីក្រ យើងខ្ញុំតែងខិតខំព្យាយាមអស់ពីសមត្ថភាពដើម្បីជម្នះការលំបាក។ ដើមទុននេះបានជួយឧបត្ថម្ភទាន់ពេល រួមនឹងការលើកទឹកចិត្ត ការយកចិត្តទុកដាក់ពីគ្រប់ថ្នាក់គ្រប់ផ្នែក ជួយឱ្យប្តីប្រពន្ធខ្ញុំកាន់តែមានកម្លាំងចិត្ត និងមានទំនុកចិត្តដើម្បីឈានឡើងចាកភាពក្រីក្រ និងមានជីវភាពលំនឹងដូចសព្វថ្ងៃ”។
ស្រដៀងគ្នានោះដែរ គឺអ្នកមីងលីធីទឿង នៅភូមិបូលៀង ១ ឃុំមីហឿង ក៏បានទទួលនូវប្រភពទុនបុលពីធនាគារគោលនយោបាយសង្គមដែរ។ តាមរយៈប្រភពទុននេះ អ្នកមីងបានវិនិយោគទិញពូជគោទឹកដោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ អ្នកមីងទឿង ឱ្យដឹង៖ “ចំពោះអ្នកក្រ ប្រភពទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គម ប្រៀបដូចជាពោងសង្គ្រោះជីវិតម្យ៉ាង ជួយឱ្យគ្រួសារក្រីក្រមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច”។ ជាគ្រួសារក្រីក្ររបស់ភូមិភាគ នៅឆ្នាំ ២០០៧ អ្នកមីងបានរដ្ឋអំណាចភូមិភាគបង្កលក្ខណៈឱ្យបុលទុនអាទិភាព អ្នកមីងទឿង ទិញគោមេទឹកដោះ ១ ក្បាលមកចិញ្ចឹម។ ដំបូងជួបការលំបាកណាស់ដែរ ប៉ុន្តែអាស្រ័យដោយការខិតខំរៀនសូត្រពីរបៀបថែទាំ ទើបគោធំធាត់ល្អ និងផ្តល់ទឹកដោះជាទៀងទាត់។ បច្ចុប្បន្ន ក្នុងក្រោលរបស់អ្នកមីងមានគោ១០ ក្បាល ក្នុងនោះ ៣ក្បាលកំពុងផ្តល់ទឹកដោះ។ ជាមធ្យមគាត់ទទួលបានទឹកដោះពីគោប្រហែល ៤០ គីឡូក្រាមក្នុងមួយថ្ងៃ លក់ក្នុងតម្លៃពី ១៣.៥០០-១៤.៥០០ដុងក្នុងមួយគីឡូក្រាម។ ក្រោយពីទូទាត់ការចំណាយរួចរាល់សប្តាហ៍អ្នកមីងចំណេញ បានប្រហែល៣លានដុង។ ជាមួយប្រភពចំណូលប្រហែល ២០០ លានដុងក្នុងមួយឆ្នាំ បានជួយឱ្យជីវភាពគ្រួសារអ្នកមីងទឿង កាន់តែប្រសើរឡើងនិងសាងសង់បានផ្ទះយ៉ាងសមរម្យ៕
ថាញវ៉ាង - ថាច់ធី