មជ្ឈមណ្ឌលគ្រប់គ្រងជំងឺតម្កាត់បារៀង-វុងតាវ ទើបប្រកាសព័ត៌មានអំពីមនុស្សម្នាក់បាត់បង់ជីវិតសង្ស័យដោយសារជំងឺឆ្កែឆ្កួត។ ករណីបាត់បង់ជីវិត គឺលោក H.C.V.E (កើតឆ្នាំ ១៩៧៧ ស្នាក់នៅក្រុម ១ មណ្ឌលក្រុងកាកហាយ សង្កាត់តឹងហាយ ក្រុងភូមី)។ នេះជាករណីបាត់បង់ជីវិតសង្ស័យដោយសារជំងឺឆ្កែឆ្កួតដំបូងក្នុងឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រ។

រូបជាឧទាហរណ៍។
ការធ្វើអង្កេតនៅតំបន់ដែលអ្នកជំងឺរស់នៅបានកត់សម្គាល់មានគ្រួសារជាច្រើនចិញ្ចឹមឆ្កែ ឆ្មាព្រលែងចោល។ ការចាក់ថ្នាំបង្ការដល់ឆ្កែ ឆ្មាដែលព្រលែងចោលនៅទីនេះ នៅតែជួបលំបាកច្រើន។ ប្រជាជននៅភូមិភាគមិនកត់សម្គាល់ស្ថានភាពឆ្កែ ឆ្មាដែលមានជំងឺ ងាប់ថ្មីៗនេះទេ។ សំណាកទឹកមាត់របស់អ្នកជំងឺបញ្ជូនទៅវិទ្យាស្ថាន Pasteur នៅក្រុងហូជីមិញ ដើម្បីធ្វើកោសល្យវិច័យ PCR កំណត់ភ្នាក់ងារបង្កជំងឺ។
បន្ទាប់ពីកត់កម្គាល់ករណីខាងលើភ្លាម ផ្នែកសុខាភិបាលបានផ្សព្វផ្សាយនូវវិធានការបន្ទាន់ជាច្រើន ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង ដូចជាជូនដំណឹងពីករណីបាត់បង់ជីវិតសង្ស័យឆ្លងពីសត្វមកមនុស្ស ទៅសាខានាយកដ្ឋានដាំដុះនិងចិញ្ចឹមសត្វ ដើម្បីសហការសើុបអង្កេត ត្រួតពិនិត្យលើសត្វចិញ្ចឹម។ មជ្ឈមណ្ឌលសុខាភិបាល ក្រុងភូមី និងដំណាក់សុខាភិបាលឃុំតឹងហាយ បានធ្វើការសើុបអង្កេតជំងឺឆ្លង តាមដានសមាជិកក្នុងគ្រួសារ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ដើម្បីណែនាំកម្ចាត់មេរោគតាមសេចក្តីកំណត់ចំពោះជំងឺឆ្លងរាលដាលក្រុម B; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយណែនាំអំពីហានិភ័យនិងវិធីសាស្រ្តបង្ការ; ផ្តល់អនុសាសន៍ចំពោះអ្នកដែលត្រូវឆ្កែខាំ គប្បីមកកាន់គ្រឹះស្ថានសុខាភិបាល ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ជៀសវាងផលវិបត្តិមិនល្អអាចកើតមាន។
ប្រការដែលគួរលើកឡើង គឺករណីបាត់បង់ជីវិតនេះ ធ្លាប់ត្រូវឆ្កែខាំ ២ ដងមកហើយ ប៉ុន្តែ មិនបានចាក់សាំងបង្ការជំងឺឆ្កែឆ្កួត។ ជាក់ស្តែងកំឡុងខែសីហា ឆ្នាំ ២០២០ លោក E ត្រូវឆ្កែអ្នកជិតខាងខាំចំកំភួនជើងខាងស្តាំ បណ្តាលឱ្យរលាត់ស្បែងហូរឈាម។ បច្ចុប្បន្ន ឆ្កែមួយក្បាលនេះ នៅមានជីវិតនៅឡើយ និងគ្មានអាការៈអ្វីខុសប្រក្រតីឡើយ។ លុះដល់កំឡុងខែកុម្ភៈ ឆ្នាំ ២០២៤ លោក E ត្រូវឆ្កែមួយក្បាលទៀតខាំត្រង់កំភួនជើង បណ្តាលឱ្យរលាត់ស្បែក។ ឆ្កែនេះ បន្ទាប់មកក៏គ្មានអាការៈខុសប្រក្រតីដែរ ហើយត្រូវចោរលួចបាត់។
តាមការរៀបរាប់របស់អ្នកផ្ទះលោក E គាត់ចាប់ផ្តើមមានអាការៈអស់កម្លាំង ពិបាកលេបអាហារ។ រួចត្រូវបានបញ្ជូនមកកាន់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបារៀ ក្នុងស្ថានភាពអស់កម្លាំង ពិបាកដកដង្ហើម លេបមិនបាន សម្ពាធឈាមខ្ពស់ (២៥០/១៣០ mmHg) ជីពចរលោតញាប់ (១២០ដង/នាទី) ដកដង្ហើមញាប់ (២៤ដង/នាទី) និងកម្ដៅធម្មតា (៣៧ អង្សាសេ)។ អ្នកជំងឺត្រូវបានបញ្ជូនទៅផ្នែកជំងឺក្នុង ដើម្បីបន្តតាមដាន និងព្យាបាល។ ថ្វីដ្បិតដូច្នេះក៏ដោយ ស្ថានភាពជំងឺមិនបានធូរស្រាល ហើយនៅទាំងមានអាការៈនៃជំងឺឆ្កែឆ្កួតបន្ថែមទៀត ដូចជា៖ ខ្លាចខ្យល់ ខ្លាចទឹក និងសតិអារម្មណ៍មិនលំនឹង។ ពិនិត្យមើលប្រវត្តិជំងឺ វេជ្ជបណ្ឌិតបានកត់សម្គាល់ អ្នកជំងឺត្រូវឆ្កែខាំ ប៉ុន្តែមិនបានចាក់វ៉ាក់សាំង។ គ្រួសារ សូមយកអ្នកជំងឺមកផ្ទះវិញ ហើយលោក E បានបាត់បង់ជីវិតនៅផ្ទះ; បន្ទាប់មកគ្រួសារយកសពទៅបូជានៅឈានបដ្ឋាន៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន