12/05/2025 - 10:14

ពុល​ថ្នាំ អា​ការៈ​ប្រែ​ប្រួល​ដោយ​ការ​លេប​ថ្នាំ​ស្រុក​និង​បិទ​ស្លឹក​ឈើ​ពេល​ឈឺ​ឬ​រង​របួស 

យោង​តាម​វេជ្ជ​សាស្ត្រ​បុរាណ ដើម​រុក្ខ​ជាតិ និង​ស្មៅ​ដែល​ដុះ​ក្នុង​ចម្ការ​អាច​ជា​ថ្នាំ​ស្រុក​ដ៏​មាន​តម្លៃ​ជួយ​ព្យា​បាល​ជំងឺ​ជា​ច្រើន​ប្រ​ភេទ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ ប៉ុន្តែ ទោះ​បី​ជា​ឱសថ​បុរាណ​ឬ​ថ្នាំ​បា​រាំង​ក្ដី គឺ​ត្រូវ​មាន​ការ​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ណែ​នាំ​ធ្វើ​ការ​ព្យា​បាល​ពី​សំ​ណាក់​គ្រូ​ពេទ្យ​ដែរ។ ការ​ប្រើ​ប្រាស់​តាម​អំ​ពើ​ចិត្ត អាច​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព និង​អា​យុ​ជី​វិត។

វេជ្ជ​បណ្ឌិត កំ​ពុង​ពិនិត្យ​សុខ​ភាព​អ្នក​ជំងឺ​បាក់​ឆ្អឹង មាន​អា​ការៈ​
ប្រែ​ប្រួល​ដោយ​ការ​បិទ​ស្លឹក​ឈើ។

ក្រុម​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វា​មី​គឺវ​ឡុង ទើប​តែ​ទទួល​ព្យា​បាល​អ្នក​ជំងឺ​ម្នាក់​បាក់​ឆ្អឹង ប៉ុន្តែ​យឺត​យូរ​ក្នុង​ការ​វះ​កាត់ បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​ងារ​ចលនា និង​ឱកាស​ជា​សះ​ស្បើយ។ អ្នក​ជំ​ងឺ​ឈ្មោះ T.T.B (អា​យុ ៤៤ ឆ្នាំ នៅ​ខេត្ត​អាង​យ៉ាង) គាត់​ដួល​បាក់​កជើង​ស្តាំ ប្រ​មាណ ២ ខែ​មុន។ ក្រោយ​ពី​គ្រោះ​ថ្នាក់ បង​ស្រី B មិន​ទៅ​ពិនិត្យ ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ គឺ​គាត់​បាន​យក​ស្លឹក​ឈើ​បិទ​មុខ​របួល សង្ឃឹម​ថា បាន​ធូរ​ស្រាល​និង​ជា​សះ​ស្បើយ។ ប៉ុន្តែ បន្ទាប់​ពី​បិទ​ថ្នាំ​មួយ​រយៈ​មុខ​របួស​នៅ​តែ ឈឺ​ចាប់ ដូច្នេះ ​គាត់​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មីគឺវ​ឡុង។

តាម​រយៈ​ការ​ពិនិត្យ​និង​ធ្វើ​រោគ​វិនិច្ឆ័យ​ចាំ​បាច់ វេជ្ជ​បណ្ឌិត​បាន​កំ​ណត់​ច្បាស់​អ្នក​ជំងឺ​បាក់​ឆ្អឹង ២ នៅ​ភ្នែក​ជើង​ស្តាំ។ ការ​ព្យា​បាល​មិន​បាន​ត្រឹម​ត្រូវ ធ្វើ​ឱ្យ​របួស​កាន់​តែ​ដា​បធ្ងន់​ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក។ ក្រោយ​ពី​ប្រ​ជុំ​ពិគ្រោះ​ជំងឺ ក្រុម​វេជ្ជ​បណ្ឌិត​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះ​តឆ្អឹង​និង​កែ​ទម្រង់​សន្លាក់​កជើង​ឱ្យ​អ្នក​ជំងឺ។

តាម​ប្រ​សាសន៍​របស់​អនុ​បណ្ឌិត វេជ្ជ​បណ្ឌិត ឡេ​យុង ប្រ​ធាន​ផ្នែក​ជំងឺ​ក្រៅ​សរ​សៃ​ប្រ​សាទ​-សរ​សៃ​ឆ្អឹង​សន្លាក់ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​មី​គឺវ​ឡុង ការ​បាក់​ឆ្អឹង​ត្រង់​កជើង ឬ​គ្រេច​សន្លាក់​កជើង​បើ​ព្យា​បាល​មិន​បាន​ទាន់​ពេល ឬ​ព្យា​បាល មិន​ត្រឹម​ត្រូវ​តាម​វិធី​សាស្ត្រ​អាច​បណ្តាល​ឱ្យ​មាន​ផល​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។ ហេតុ​នេះ អ្នក​ជំងឺ​មិន​គួរ​លេប​ថ្នាំ ចាក់​ថ្នាំ​ឬ​បិទ​ថ្នាំ​មុខ​របួស​តាម​អំ​ពើ​ចិត្ត អាច​ប្រ​ឈម​នឹង​ហា​និភ័យ​ប៉ះ​ពាល់​ដល់​សុខ​ភាព នាំ​ឱ្យ​មាន​ផល​វិបត្តិ​ដ៏​គ្រោះ​ថ្នាក់។ ផ្ទុយ​វិញ គប្បី​ទៅ​ពិនិត្យ​ឱ្យ​បាន​ទាន់​ពេល​នៅ​មន្ទីរ​ពេទ្យ ដើម្បី​វេជ្ជ​បណ្ឌិត​ឯក​ទេស​សរ​សៃ​ឆ្អឹង​សន្លាក់​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​មាន​ប្រ​សិទ្ធ​ភាព។

មុន​នេះ ក្រុម​វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល ហ្វាង​មី​គឺវ​ឡុង បាន​ទទួល​ព្យា​បាល​ករណី​ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់​ធ្ងរ ដោយ​សារ​ផឹក​ទឹក​ផ្លែ​ស្ពឺ​ដើម្បី​ព្យា​បាល​ជំងឺ​ក្អក​រុាំ​រ៉ៃ។ បន្ទាប់​ពី​ផឹក​ទឹក​ថ្នាំ​រួច អ្នក​ជំងឺ​មាន​អា​ការៈ​រសេះ​រសោះ​អស់​កម្លាំង ក្អួត​ចង្អោរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ។ តាម​រយៈ​ការ​ពិនិត្យ​និង​ធ្វើ​រោគ​វិនិច្ឆ័យ វេជ្ជ​បណ្ឌិត​បាន​ប្រាប់​ថា អ្នក​ជំងឺ​ឈឺ​តម្រង​នោម​ធ្ងន់​ធ្ងរ។ តាម​ប្រ​សាសន៍​ក្រុម​វេជ្ជ​បណ្ឌិត ក្នុង​ទឹក​ផ្លែ​ស្ពឺ​មាន​ផ្ទុក​សារ​ធាតុ caram​boxin ដែល​ជា​សារ​ធាតុ​មួយ​ធ្វើ​ឱ្យ​ពុល​ដល់​តម្រង​នោម ពិ​សេស ចំ​ពោះ​អ្នក​ដែល​រាង​កាយ​ងាយ​ប្រតិ​កម្ម ឬ​ផឹក​ច្រើន​ពេក។ ករណី​អ្នក​ជំងឺ​ដូច​ពោល​ខាង​លើ ប្រ​សិន​បើ​ព្យា​បាល​មិន​ទាន់​ពេល អាច​បណ្តាល​ឱ្យ​ឈឺ​តម្រង​នោម​រុាំ​រ៉ៃ ពុំ​នោះ​សោត​ត្រូវ​លាង​ឈាម​ទៀត​ផង។

តាម​ប្រ​សាសន៍​ក្រុម​វេជ្ជ​បណ្ឌិត រុក្ខ​ជាតិ​សម្រាប់​ធ្វើ​ថ្នាំ​ត្រូវ​មាន​ការ​ណែ​នាំ​ពី​អ្នក​ឯក​ទេស ដ្បិត​អី សូម្បី​តែ​រុក្ខ​ជាតិ​សម្រាប់​ផ្សំ​ថ្នាំ​មើល​ទៅ​ហាក់​ដូច​ធម្ម​តា ក៏​អាច​បណ្តាល​ឱ្យ​មាន​ផល​វិបត្តិ​ធ្ងន់​ធ្ងរ​ដែរ ប្រ​សិន​បើ​ប្រើ​លើស​កម្រិត​ជា​យូរ​អង្វែង ពិ​សេស​ពេល​មិន​ទាន់​បាន​ពិនិត្យ​ទទួល​ស្គាល់​ពី​ផ្នែក​វិទ្យា​សាស្ត្រ ឬ​មិន​ទាន់​បាន​ឆ្លង​កាត់​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជាតិ​ពុល​បាន​ត្រឹម​ត្រូវ។

វេជ្ជ​បណ្ឌិត ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​មិន​គួរ​ជឿ​លើ​ព័ត៌​មាន​ចចាម​អា​រ៉ាម​ឬ​ការ​ប្រាប់​តៗ​គ្នា​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​ព្យា​បាល​ជំងឺ​ដោយ​រុក្ខ​ជាតិ​និង​ស្មៅ​នោះ​ទេ; គប្បី​ជៀស​វាង​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​ដែល​នាំ​ឱ្យ​មាន​ផល​វិបត្តិ​ប៉ះ​ពាល់​ដល់​សុខ​ភាព។ ពេល​ឈឺ​ថ្កាត់ គប្បី​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​តាម​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ៕

       ធូ​សឿង​-មុនី

ចែករំលែកអត្ថបទ