ជាង ២០ ឆ្នាំកន្លង ពូគឹមបុណ្យ នៅភូមិបឹង ឃុំតឹងសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានរួមចំណែកយ៉ាងស្ងៀមស្ងាត់ដល់វិស័យសិល្បៈខ្មែរ ដោយវិធីច្នៃប្រភេទឧបករណ៍ភ្លេង មកុដ របាំងមុខ។ល។ ប្រើប្រាស់ក្នុងពិធីបុណ្យទាន ជំនឿសាសនា និងសិល្បៈសម្តែងប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ពូគឹមបុណ្យ បង្ហាញពីឧបករណ៍ស្គរឆៃយុាំនិងរបាំងមុខដែលគាត់ច្នៃធ្វើ។
តាំងតែពីតូច ពូគឹមបុណ្យ ចូលចិត្តសិល្បៈច្រៀងរាំនិងល្ខោនយក្សរាំរបស់ជនជាតិខ្មែរណាស់។ ដឹងថាវត្តណាមួយនៅក្នុងស្រុកឬ ឃុំមានសម្ដែងសិល្បៈគាត់ទៅមើលឱ្យទាល់តែបាន។ ពេលអាយុបាន ១៤ ឆ្នាំ គាត់អាចច្នៃបានឧបករណ៍ភ្លេងនិងរបាំងមុខសាមញ្ញៗ ដោយមានការណែបង្ហាញពីឪពុក។ កាន់តែធ្វើគាត់កាន់តែចូលចិត្ត ត្រឹមតែពីរបីឆ្នាំ គាត់អាចច្នៃឧបករណ៍ភ្លេងប្រពៃណីខ្មែរបានស្ទើរតែទាំងអស់ ដូចជា៖ ទ្រសោទ្រអ៊ូ ស្គរឆៃយុាំ របាំងមុខ ចម្លាក់ក្បូរក្បាច់ រចនាស្ថាបត្យកម្មនៅតាមវត្តអារាមនិងចេតិយជាដើម។ ពិសេស គឺភ្លេងពិណពាទ្យ ជាប្រភេទឧបករណ៍ភ្លេងមិនអាចខ្វះបានក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ។

សិក្ខាកាមមករៀននៅផ្ទះពូគឹមបុណ្យ។
កេរ្តិ៍ឈ្មោះល្អតែងល្បីទៅឆ្ងាយ ជិត ២០ ឆ្នាំមកនេះ ឧបករណ៍ភ្លេងពូគឹមបុណ្យ មិនត្រឹមតែលេចឮដល់ក្រុមសិល្បៈនានា និងវត្តខ្មែរនៅក្នុងខេត្តប៉ុណ្ណោះទេ នៅទាំងចេញទៅដល់ខេត្ត ក្រុងនានានៅណាមបូទៀតផង។ ពូគឹមបុណ្យ ឱ្យដឹង៖ “ក្នុងអំឡុង ១០ ឆ្នាំមកនេះ ប្រភេទមកុដ របាំងមុខ និងឧបករណ៍ភ្លេងប្រពៃណីកាន់តែបានស្រឡាញ់ចូលចិត្ត មិនត្រឹមតែនៅត្រាវិញប៉ុណ្ណោះទេ ខេត្តនានាដែលមានជនរួមជាតិខ្មែររស់នៅច្រើនតែងមករកកក់ទិញផងដែរ។ ព្រមជាមួយនោះ រដ្ឋមានគោលនយោបាយឧបត្ថម្ភ បង្កលក្ខណៈដើម្បីជនរួមជាតិរក្សានូវអត្តសញ្ញាណរបស់ខ្លួន ដូចជា ឧបត្ថម្ភថ្លៃទិញវង់ភ្លេង ស្គរឆៃយុាំ ទន្ទឹមនឹងនោះ នៅទាំងជួលគ្រូដើម្បីណែនាំបង្ហាត់ ប្រគំភ្លេងទៀតផង”។
ច្រើនឆ្នាំកន្លង ពូគឹមបុណ្យ បានរៀបចំបើកថ្នាក់រៀនរបាំប្រជាប្រិយខ្មែរដោយឥតគិតថ្លៃនៅនឹងផ្ទះដល់យុវជននៅភូមិបឹង និងភូមិជិតខាងក្នុងឃុំតឹងសើុង។ ថ្នាក់រៀនមានប្អូនៗប្រុសស្រីចំនួន ៤០ នាក់ មានអាយុចាប់ពី ១៣ ឆ្នាំដល់ ២០ ឆ្នាំ ហើយមានប្អូនៗភាគច្រើនគឺកំពុងរៀនចំណេះទូទៅ។ ប្អូនគឹមធីង៉ុកញឺ អាយុ១៧ឆ្នាំ នៅភូមិបឹង ឃុំតឹងសើុង ឱ្យដឹង៖ “ប្អូនត្រេកអរណាស់ពេលបានចូលរួមក្នុងក្រុម ប្អូននឹងខិតខំហាត់ឱ្យបានពូកែ ដើម្បីបម្រើក្នុងឱកាសបុណ្យទាន និងពិធីជួបជុំ។ ទន្ទឹមនឹងនោះ រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌សិល្បៈរបស់ដូនតាដែលបន្សល់ទុកមក និងធ្វើឱ្យខឿនវប្បធម៌របស់ជនរួមជាតិខ្មែរមានភាពសម្បូរបែប”។
ចំណែកប្អូនថាច់វណ្ណា ឱ្យដឹង៖ “ប្អូនរៀនរបាំ យក្សរាំ និងរបាំឆៃយុាំជាមួយនឹងលោកគ្រូ កាលពី ៨ ឆ្នាំមុនម៉្លេះ។ ឥឡូវប្អូនចេះស្ទាត់ហើយអាចទៅតាមលោកគ្រូជួយបង្រៀនដល់ប្អូនៗបាន។ អំពីប្រាក់ចំណូលក៏ល្មមសមគួរ សំខាន់គឺដោយសារស្រឡាញ់ចូលចិត្ត។ របរណាក៏ដូចជារបរណា ត្រូវតែមានចំណង់ចំណូលចិត្តទើបអាចធ្វើបាន។ ប្អូននឹងបន្តទៅតាមលោកគ្រូរៀនសូត្របន្ថែមទៀត ដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិមិនឱ្យសាបរលាប”។
លោក ត្រឹងវ៉ាន់ដុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងសើុង វាយតម្លៃ៖ “សិប្បករគឹមបុណ្យ បានរួមចំណែកយ៉ាងច្រើនចំពោះវប្បធម៌ ប្រពៃណីរបស់ជនជាតិ បង្កបានការងារធ្វើជូនយុវជនជាង ២០ នាក់នៅភូមិបឹង រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែសម្បូរសប្បាយ។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះទឹកដៃធ្វើរបាំងមុខ ឧបករណ៍ភ្លេង សិល្បៈរបាំប្រជាប្រិយខ្មែររបស់លោកគឹមបុណ្យ គាត់ជក់ចិត្តជាមួយនឹងមុខរបរនិងការអភិវឌ្ឍខឿនវប្បធម៌ខ្មែរខ្លាំងណាស់”៕
សើុងម៉ាល័យ-វិមាន