ក្នុងសម័យសង្គ្រាម វីរមាតាវៀតណាម វ៉ធីសិន នៅឃុំហូដាក់គៀង ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានបាត់បង់ប្ដីនិងកូន។ គាត់តែងអត់សង្កត់ចិត្តនឹងភាពឈឺចាប់ ជំនួសមកវិញគឺ មោទនៈភាពចំពោះចិត្តអង់អាចរបស់ប្ដីនិងកូន។

វីរមាតាវៀតណាម វ៉ធីសិន (កណ្តាល) មានសុខភាពមាំមួន។
បច្ចុប្បន្ន ទោះបីមានអាយុ ៩៣ ឆ្នាំក៏ដោយ ប៉ុន្តែវីរមាតាវៀតណាម វ៉ធីសិន នៅមានសុខភាពល្អនិងចងចាំយ៉ាងច្បាស់នូវរឿងរ៉ាវរបស់ប្តីនិងកូន។ តាមការរៀបរាប់របស់គាត់ កាលពីមុន ប្តីគាត់បានចូលរួមកងឈ្លបនៅភូមិភាគ ហើយបានផ្តាំគាត់ថា ពេលរសៀលត្រូវដាំបាយនិងធ្វើម្ហូបឱ្យច្រើន ពីព្រោះពេលយប់មានមនុស្សពី ៣-៥ នាក់ មកផ្ទះហូបបាយនិងឈប់សម្រាក។ ពេលព្រឹក ក្រោកឡើងពីដេក គឺពួកគាត់ទៅបាត់ហើយ ចំណែកគាត់និងប្ដីនៅផ្ទះធ្វើស្រែ ដាក់មងរកត្រីគិតគូរជីវភាព។ វីរមាតា វ៉ធីសិន ឱ្យដឹង៖ “ថ្ងៃធម្មតាពេលព្រឹកប្តីខ្ញុំគាត់ទៅស្រែ ពេលរសៀលនិងពេលល្ងាចទៅបំពេញភារកិច្ច។ មានម្តងនោះ គាត់មកពីស្រែ រួចនិយាយប្រាប់ខ្ញុំថា អង្គភាពដកគាត់ឡើងថ្នាក់លើ ប៉ុន្តែដោយសារឃើញខ្ញុំម្នាក់ឯងចិញ្ចឹមកូនតូច ៤ នាក់ គាត់ក៏មិនដាច់ចិត្ត។ ព្រោះហេតុនោះ គាត់សូមធ្វើកងឈ្លបនៅភូមិភាគ ដើម្បីធ្វើស្រែផងនិងថែទាំកូនផង”។ ឆ្នាំ ១៩៦៨ នៅពេលរសៀលទៅបំពេញភារកិច្ច ប្តីគាត់ត្រូវខ្មាំងបាញ់សម្លាប់នៅលើភ្លឺស្រែ។ ពេលប្តីទទួលមរណភាព គាត់ម្នាក់ឯង ចិញ្ចឹមកូន ៤ នាក់; កាលនោះ កូនប្រុសច្បងទើបអាយុ ១១ ឆ្នាំ កូនស្រីពៅអាយុទើបតែ ២ ឆ្នាំ។ ប្តីស្លាប់មិនទាន់បានមួយខែផង កូនស្រីពៅរបស់គាត់ត្រូវគ្រាប់កាំភ្លើងរបស់ខ្មាំងស្លាប់ទៀត ដូច្នេះ ការឈឺចាប់បាត់បង់ប្តីនិងកូនផ្ទួនគ្នា។
ដោយខិតខំអត់សង្កត់ចិត្តចំពោះការឈឺចាប់ គាត់តែងរំលឹកខ្លួនឯង ត្រូវតែមានជំហររឹងប៉ឹង ដើម្បីបន្តគិតគូរឱ្យកូនតូច ៣នាក់។ លុះពេលកូនប្រុស តែមួយគត់មានអាយុគម្រប់១៦ឆ្នាំ គាត់ឱ្យកូនចេញទៅការពារមាតុភូមិ។ វីរមាតា វ៉ធីសិន ឱ្យដឹង៖ “ឪពុកបានពលីជីវិតយ៉ាងអង់អាចក្នុងសង្រ្គាម ប្អូនស្រីស្លាប់ដោយសារខ្មាំងបាញ់ត្រូវក្នុងនាមជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ត្រូវតែរួមកម្លាំងការពារប្រទេសជាតិ។ ពេលកូនចេញទៅ ខ្ញុំផ្តាំកូនថា ត្រូវស្តាប់បង្គាប់មេដឹកនាំ រៀនសូត្រនិងមិនត្រូវធ្វេសប្រហែស ពីព្រោះសង្រ្គាមសុទ្ធតែគ្រាប់បែកនិងគ្រាប់កាំភ្លើង”។
លុះពេលប្រទេសជាតិបានរំដោះទាំងស្រុង កូនប្រុសតែមួយគត់បានត្រឡប់មកវិញគាត់ទ្រហោយំ ក្នុងក្តីរីករាយលាយឡំដោយទឹកភ្នែក ពីព្រោះកូនប្រុសបានត្រឡប់មកវិញដោយសុវត្ថិភាព។ មិនយូរប៉ុន្មានកូនប្រុសបានបន្តទៅជួយរំដោះប្រទេសជាមិត្តកម្ពុជា។ ប៉ុន្តែនៅឆ្នាំ ១៩៨៤ គាត់បានទទួលដំណឹងពលីជីវិតរបស់កូនប្រុស។ នៅក្នុងផ្ទះតូច គាត់ស៊ូទ្រាំនឹងការឈឺចាប់ បាត់បង់យ៉ាងស្ងៀមស្ងាត់។ ផ្តើមពីពេលនោះមក ពេលនិយាយដល់ប្ដី និងកូនម្តងៗ ទឹកមុខរបស់គាត់តែងស្រពាប់ស្រពោននិងពោរពេញដោយទឹកភ្នែក ការឈឺចាប់ឥតស្រាកស្រាន្ត។ ទោះបីការឈឺចាប់ផ្ទួនៗគ្នាក៏ដោយ ប៉ុន្តែគាត់បានអង់អាចជម្នះរាល់ការលំបាកក្នុងជីវភាព ដើម្បីមើលថែម្តាយចាស់ជរា កូនស្រីទាំងពីរនាក់ឱ្យធំដឹងក្តី និងខិតខំធ្វើសេដ្ឋកិច្ចដើម្បីជីវភាពគ្រួសារបានធូរធារនៅភូមិភាគ។
បងស្រី ង្វៀងធីឡែត្វៀក កូនស្រីទី ៤ របស់វីរមាតា ឱ្យដឹង៖ “ក្នុងចិត្តខ្ញុំ ឪពុកនិងបងប្រុសច្បង បានអង់អាចក្នុងសម័យសង្គ្រាម ចំណែកអ្នកម្តាយអង់អាចក្នុងដំណើរជីវិត។ គាត់ម្នាក់ឯងបានឆ្លងកាត់រាល់ការលំបាក នឿយហត់ក្នុងជីវភាពដើម្បីគិតគូរឱ្យកូននិងពង្រីកសេដ្ឋកិច្ចគ្រួសារ។ ឥឡូវនេះ បន្តប្រវេណីបដិវត្តន៍របស់គ្រួសារ កូនចៅទាំងអស់បានរៀនសូត្រត្រឹមត្រូវ ខ្នះខ្នែងប្រកបការងាររកស៊ីដើម្បីធ្វើមាននិងចូលរួមយ៉ាងសកម្មនូវសកម្មភាពចលនារបស់ភូមិភាគ”៕
យ្វីអាញ - វិមាន