ប្រជាជនជាច្រើនគ្រួសារនៅតំបន់ជំនាញចិញ្ចឹមបង្គារបស់ខេត្តសុកត្រាំង បានងាកមកចិញ្ចឹមឆ្លាស់គ្នា ចិញ្ចឹមបង្គា២រដូវ ត្រី១រដូវ និងព្រលែងចិញ្ចឹមត្រីគួបផ្សំចិញ្ចឹមបង្គាក្នុងស្រះ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ការចិញ្ចឹមឆ្លាស់គ្នានេះ មិនត្រឹមតែបង្កើនប្រាក់ចំណូលនិងកែប្រែបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយដល់អ្នកចិញ្ចឹមបង្ការ ទប់ស្កាត់ជំងឺឆ្លងមួយចំនួនលើបង្គាទៀតផង។

ប្រជាជនជាច្រើនគ្រួសារនៅស្រុកត្រឹងដេ ងាកមកចិញ្ចឹមត្រីផ្តល់ប្រាក់ចំណូលខ្ពស់គួរសម។
ខេត្តសុកត្រាំង មានផ្ទៃដីចិញ្ចឹមជលផលប្រមាណ៧៤.០០០ ហិកតា ក្នុងនោះ ផ្ទៃដីចិញ្ចឹមបង្គាតំបន់ទឹកភ្លាវប្រមាណ ៥១.០០០ ហិកតា ចិញ្ចឹមត្រីតំបន់ទឹកសាបនិងទឹកភ្លាវប្រមាណ ១៩.០០០ ហិកតា និងចិញ្ចឹមជលផលផ្សេងៗប្រមាណ ៣.៤៥០ ហិកតា។ តាមការវាយតម្លៃរបស់សាខានាយកដ្ឋានជលផលខេត្ត ចំពោះស្រះចិញ្ចឹមបង្គាត្រូវបានងាកមកចិញ្ចឹមត្រី ផ្ដល់ប្រាក់ចំណូលខ្ពស់គួរសម ដូច្នេះ មានប្រជាជនជាច្រើនគ្រួសារ បានរក្សាទម្រង់ចិញ្ចឹមនេះជាច្រើនឆ្នាំមក។

ចិញ្ចឹមត្រីឆ្លាស់គ្នានឹងចិញ្ចឹមបង្គា មិនត្រឹមតែបង្កើនប្រាក់ចំណូលនិងកែប្រែបរិស្ថានថែមទាំងជួយកសិករចិញ្ចឹម អាចបង្ការទប់ស្កាត់បានជំងឺឆ្លងមួយចំនួនលើបង្គាទៀតផង។
នៅស្រុកត្រឹងដេ និងស្រុកឡុងភូ គ្រួសារអ្នកចិញ្ចឹមបង្គាបានបង្វែរផ្ទៃដីមួយចំនួនពីការចិញ្ចឹមបង្គាតំបន់ទឹកភ្លាវ ងាកមកចិញ្ចឹមត្រីគ្រប់ប្រភេទ មានដូច៖ ត្រីក្រាយ ត្រីទ្រនេល ត្រីឆ្ពង់ ត្រីផ្ទក់និងត្រីឆ្លាំងជាដើម ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោកហ្វិញខាញ់លឿង មានផ្ទៃដីចិញ្ចឹមបង្គាទឹកភ្លាវប្រមាណ ១៣ ហិកតា ក្នុងនោះ មានផ្ទៃដីចិញ្ចឹមបង្គាឧស្សាហកម្ម៣ហិកតា។ ជារៀងរាល់ឆ្នាំ សម្រេចទិន្នផលខ្ពស់គួរសម ប៉ុន្តែដោយសារធ្លាក់តម្លៃ ទើបពីរឆ្នាំមកនេះ គ្រួសារគាត់បង្វែរផ្ទៃដី ៣ ហិកតាងាកមកចិញ្ចឹមត្រីក្រាយ ត្រីទ្រនេល ត្រីឆ្ពង់។ល។ ចិញ្ចឹមរយៈពេលពី ៨-១២ខែ។ តាមសម្តីលោកលឿង ខណៈពេលប្រមូលផលត្រី ឈ្មួញទិញក្នុងតម្លៃពី ៦០.០០០ - ១០០.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់រួចនៅចំណេញបានប្រមាណ ១ ពាន់លានដុង/ឆ្នាំ។ លោកលឿង ឱ្យដឹង៖ “ថ្វីដ្បិតចិញ្ចឹមត្រីរយៈពេលវែងជាងការចិញ្ចឹមបង្គាក៏ដោយ ប៉ុន្តែរកបានប្រាក់ចំណេញខ្ពស់ជាងឬស្មើនឹងការចិញ្ចឹមបង្គា។ ជាពិសេស ការចិញ្ចឹមត្រីក្នុងស្រះចិញ្ចឹមបង្គា គឺមានភាពងាយស្រួលជាង ដូចជា៖ ការគ្រប់គ្រងបានជំងឺ ការពារបរិស្ថានចិញ្ចឹមបានល្អ ដូច្នេះត្រីឆាប់ធំ ចំណាយដើមទុនទាប តិចប្រឈមហានិភ័យបើប្រៀបធៀបនឹងការចិញ្ចឹមបង្គា”។ ចំណែកលោកឡេហ៊ឺវទ្រី នៅស្រុកឡុងភូ គាត់ក៏បានបង្វែរផ្ទៃដីចិញ្ចឹមបង្គាទឹកភ្លាវប្រមាណ ២ ហិកតា ងាកមកចិញ្ចឹមត្រីផ្ទក់និងត្រីឆ្លាំង។ ថ្មីៗនេះ គ្រួសារបងទ្រី ទើបនឹងប្រមូលផលត្រី សម្រេចទិន្នផលជិត ២០០ តោនក្នុង២ហិកតា លក់ក្នុងតម្លៃពី ៥០.០០០ - ៥៧.០០០ ដុង/គីឡូក្រាម (ត្រីផ្ទក់) តម្លៃពី ៨០.០០០-៩០.០០០ ដុង/គីឡូក្រាម (ត្រីឆ្លាំង)។ ក្រោយពីផាត់ទាត់នៅចំណេញបានជិត ២ ពាន់លានដុង/ឆ្នាំ។
លោកដោវ៉ាន់ថឿ ប្រធានសាខានាយកដ្ឋាន ជលផលខេត្តសុកត្រាំង ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមត្រី ក្នុងស្រះចិញ្ចឹមបង្គា នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់គ្រួសារប្រជាជន។ ប្រភេទត្រីដែលនិយមចិញ្ចឹម រួមមាន៖ ត្រីកញ្ចុះ ត្រីឆ្ពង់ ត្រីក្រហម ត្រីផ្ទក់ ត្រីឆ្លាំង។ល។ ដើម្បីកសិករចិញ្ចឹមត្រីទទួលបានទិន្នផលខ្ពស់ អង្គភាពក៏បានរៀបចំវគ្គហ្វឹកហ្វឺន ដើម្បីណែនាំបច្ចេកទេសចិញ្ចឹម ជ្រើសរើសប្រភេទត្រីសមស្របនឹងលក្ខណៈធម្មជាតិនៃតំបន់នីមួយៗនិងតម្រូវការទីផ្សារ ដើម្បីកសិករជ្រើសរើសប្រភេទត្រីចិញ្ចឹមបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះ ផ្នែកសមត្ថកិច្ចក៏បានផ្តល់អនុសាសន៍ ត្រីត្រូវបានប្រើប្រាស់ជាចម្បងនៅទីផ្សារក្នុងប្រទេស ដូច្នេះ ប្រជាជនមិនគួរពង្រីកផ្ទៃដីចិញ្ចឹមតាមទំនើងចិត្ត ដើម្បីជៀសវាងស្ថានភាពបរិមាណផលលើសពីតម្រូវការទីផ្សារប្រើប្រាស់”៕
យ្វីអាញ-មុនី