មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/03/2025 - 15:06

"ប្ដី​ប្រ​ពន្ធ​ចិត្ត​តែ​មួយ" 

របរ​ធ្វើ​នំ​បំ​ពង់​ស្លឹក​តើយ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​បង​យ័ញ​ឌិញ​និង​បង​ស្រី​ធី​យ្វៀង នៅ​ឃុំ​វិញ​ភឿក B ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង កាន់​តែ​ប្រ​សើរ​ឡើង។

ប្តី​ប្រ​ពន្ធ​បង​ឌិញ លក់​នំ​នៅ​ក្នុង​ពិធី​បុណ្យ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​របស់​
ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ឆ្នាំ២០២៤។

បង​ស្រី​យ្វៀង រៀប​រាប់ មុន​នេះ ប្ដី​គាត់​ធ្វើ​ការ​ងារ​ឈ្នួល​នៅ​ជិតៗ​ផ្ទះ។ លុះ​ផុត​ពី​រដូវ​ស្រូវ គាត់​ទៅ​ធ្វើ​ការ​សំ​ណង់​ក្នុង​ឃុំ ឬ​ទៅ​ដល់​វិញ​ហ្វា​ហ៊ឹង​ណាម ហ្គ​ក្វាវ ដើម្បី​បេះ​ម្នាស់​ អ្នក​ណា​ជួល​អី​គាត់​ធ្វើ​ហ្នឹង។ ថ្ងៃ​ណា​ក៏​មាន​ការ​ងារ​ធ្វើ​ដែរ ប៉ុន្តែ​មិន​សេស​សល់​ទេ ព្រោះ​ត្រូវ​ចំ​ណាយ​ថ្លៃ​បាយ ថ្លៃ​សាំង​ជា​ដើម មិន​ត្រឹម​តែ​ប៉ុណ្ណឹង ពេល​ខ្លះ​មិត្ត​រួម​ការ​ងារ​បបួល​ផឹក។ ផឹក​រួច​ក៏​បើក​ម៉ូតូ​មក​ផ្ទះ​ គ្រោះ​ថ្នាក់​ណាស់! ដោយ​គ្រួ​សារ​មាន​ម៉ូតូ​តែ​មួយ​គ្រឿង ថ្ងៃ​ណា​ត្រូវ​ទៅ​ធ្វើ​ការ​ឆ្ងាយ បង​ឌិញ យក​ម៉ូតូ​ទៅ​ពេញ​មួយ​ថ្ងៃ ចំ​ណែក​បង​ស្រី​យ្វៀង នៅ​ផ្ទះ​មិន​អាច​ធ្វើ​អ្វី​ផ្សេង​បាន ព្រោះ​គ្មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ។

គិត​ចុះ​គិត​ឡើង ប្ដី​ប្រ​ពន្ធ​ក៏​សម្រេច​ចិត្ត​ធ្វើ​នំ​លក់។ ថ្ងៃ​ខ្លះ​ក៏​បង​ឌុប​ប្រ​ពន្ធ​ទៅ​ផ្សារ​ឃុំ​ដើម្បី​ចាក់​នំ​បណ្តើរ លក់​បណ្តើរ។ ថ្ងៃ​ខ្លះ​ក៏​ឌុប​ប្រ​ពន្ធ​ទៅ​លក់​នៅ​ផ្សារ​យ៉ុង​រៀង ហ្គ​ក្វាវ ពេល​ខ្លះ​ក៏​សំ​ចត​លក់​នៅ​ផ្សារ​ក្រ​ញូង...។

បង​ឌិញ ញ​ញឹម​ឱ្យ​ដឹង៖ “ឥ​ឡូវ​ខ្ញុំ​ចាក់​នំ​បំ​ពង់​ល្អ​ជាង​ប្រ​ពន្ធ​ខ្ញុំ ម៉្លោះ​ហើយ​ខ្ញុំ​លក់​បាន​ច្រើន​ជាង”។ ដោយ​ឃើញ​ប្តី​សប្បាយ​ចិត្ត​នៅ​ពេល​ធ្វើ​ការ​ជា​មួយ​គ្នា បង​ស្រី​យ្វៀង ក៏​មិន​សូវ​បា​រម្ភ​ដែរ។ បង​ស្រី​យ្វៀង ឱ្យ​ដឹង៖ “ពី​ដំ​បូង​ក្រែង​ប្តី​មិន​ព្រម​ធ្វើ​នំ​លក់​ជា​មួយ​ខ្ញុំ ព្រោះ​ខ្លាច​គាត់​ខ្មាស់ តែ​ឥ​ឡូវ​មិន​អី​ទេ បើ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​លក់​នំ​បែប​នេះ​អាច​មាន​សេស​សល់​ខ្លះ ពិ​សេស​ក្នុង​ឱកាស​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ​មា​មីង​ហូប​ច្រើន”។

បង​ស្រី​ធី​ដេវ នៅ​ឃុំ​បាង​តឹង​ឌិញ ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “ខ្ញុំ​ទៅ​បុណ្យ​ទាន​ជា​ញឹក​ញាប់ ដូច្នេះ​តែង​តែ​ជួប​ប្តី​ប្រ​ពន្ធ​បង​ស្រី​យ្វៀង លក់​នំ​បំ​ពង់ គឺ​ខ្ញុំ​ទិញ​មិន​ដែល​រំលង​ទេ ព្រោះ​គាត់​ធ្វើ​នំ​ឆ្ងាញ់ ក្លិន​ក្រ​អូប និង​មាន​រស​ជាតិ​ខ្មែរ​ពិតៗ។ ហូប​នំ​នៅ​ពេល​ក្តៅៗ ឆ្ងាញ់​ណាស់។ ទៅ​លក់​កន្លែង​ណា​ក៏​មាន​តែ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ដែរ ខ្ញុំ​សរ​សើរ​ពួក​គាត់​មែន”។

បើ​តាម​បង​ស្រី​យ្វៀង ដើម្បី​មាន​មុខ​របរ​ធ្វើ​នំ​បំ​ពង់​ស្លឹក​តើយ​ដូច​សព្វ​ថ្ងៃ​នេះ ពួក​គាត់​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​នៅ​ពេល​ដែល​ត្រូវ​បាន ជ្រើស​សម្រាប់​គម្រោង​បង្វែរ​មុខ​របរ។ ដោយ​មាន​ដើម​ទុន​ឧបត្ថម្ភ ពួក​គាត់​ក៏​វិនិ​យោគ​ទិញ​ឆ្នាំង និង​គ្រឿង​ផ្សំ...។ល។ ហើយ​ប្តូរ​ម៉ូតូ​ថ្មី​ដើម្បី​ផ្ទុក​ទំ​និញ​បាន​ច្រើន​និង​ទៅ​លក់​បាន​ឆ្ងាយ។ បង​ឌិញ ឱ្យ​ដឹង៖ “ដោយ​សារ​ធ្វើ​នំ ទើប​គ្រួ​សារ​ខ្ញុំ មាន​ជីវ​ភាព​លំ​នឹង​កូន​ក៏​រៀន​ចប់​ថ្នាក់​ទី ១២ ហើយ​បាន​ទៅ​ធ្វើ​ការ​នៅ​មណ្ឌល​ឧស្សា​ហកម្ម មាន​ប្រាក់​ចំ​ណូល​ទៀង​ទាត់ សេដ្ឋ​កិច្ច​គ្រួ​សារ​ក៏​បាន​លំ​នឹង ផ្ទះ​សម្បែង​ក៏​ស្អាត​បាត។ ខ្ញុំ​គិត​ថា មិន​ត្រឹម​តែ​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​របរ​ធ្វើ​នំ​បំ​ពង់​នេះ​នៅ​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ”៕

    ហា​ថាញ-មេង​លី   

ចែករំលែកអត្ថបទ