03/03/2025 - 15:05

យ៉ុង​រៀង អនុ​វត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ 

លោក​ង្វៀង​វៀត​ណាម​ង៉ី អនុ​ប្រ​ធាន​កា​រិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ុង​រៀង ខេត្ត​គៀង​យ៉ាង ឱ្យ​ដឹង៖ “អា​ស្រ័យ​ភូមិ​ភាគ​អនុវត្ត​ល្អ​នូវ​ការ​ផ្គួប​បញ្ចូល​គោល​នយោ​បាយ កម្ម​វិធី គម្រោង និង​កៀរ​គរ​ប្រ​ភព​កម្លាំង​ជា​ច្រើន ដូច្នេះ ទើប​ជំ​រុញ​រហ័ស​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត”។

ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​កសាង​រួច​រាល់ ជា​មូល​ដ្ឋាគ្រឹះ​
សម្រាប់ប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ។

តាម​រយៈ​នោះ ស្រុក​បាន​ផ្តុំ​កម្លាំង​សម្រាប់​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ដោយ​សារ​ភូមិ​ភាគ​នីមួយៗ​មាន​ការ​ជិត​ដិត​នឹង​មូល​ដ្ឋាន ស្វែង​យល់​ពី​តម្រូវ​ការ​នៃ​បណ្តា​គ្រួ​សារ ម៉្លោះ​ហើយ មាន​ការ​ឧបត្ថម្ភ​ចំ​ទិស​ដៅ។ ផ្តើម​ពី​នោះ ពង្រីក​ប្រ​ភព​ទុន កសាង​ទម្រង់​សម​ស្រប​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ បង​ស្រី​លី​ធីម៉ុយ នៅ​ទី​ប្រ​ជុំ​ជន​យ៉ុង​រៀង ឱ្យ​ដឹង៖ “ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​រៀន​ធ្វើ​នំ​ប៉ាវ ហើយ​លក់​នៅ​ឯ​ផ្សារ។ ឥ​ឡូវ នាង​ខ្ញុំ​ក៏​ធ្វើ​បោះ​ឱ្យ​ម៉ូយ​បន្ថែម​នៅ​ផ្សារ​បាង​ថាច់ និង​ផ្សារ​បាង​តឹង​ឌិញ។ មាន​ការ​ងារ​ធ្វើ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ថ្ងៃ ដូច្នេះ គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​លំនឹង​ ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ”។ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​ មាន​គ្រួ​សារ​ខ្លះ​បាន​វិនិ​យោគ​ទៅ​លើ​ការ​លក់​ដូរ ខ្លះ​កែ​ប្រែ​ចម្ការ​ចាស់ ពង្រីក​ចម្ការ​ម្នាស់ ខ្លះ​ទៀត​ទិញ​ម៉ូតូ​សម្រាប់​ដឹក​ទំ​និញ​ផ្សេងៗ​ទៅ​លក់។ល។ អា​ស្រ័យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី គ្រួ​សារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​យ៉ុង​រៀង បាន​ថយ​ចុះ​នៅ ២,៣៤% (ឆ្នាំ ២០១៩ គឺ​៤,៤៦%)។

លោក​ណាម​ង៉ី ផ្តល់​ព័ត៌​មាន​បន្ថែម៖ ការ​ងារ​អប់រំ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ក៏​បាន​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត មាន​ដូច៖ គោល​នយោ​បាយ​លើក​លែង កាត់​បន្ថយ​ថ្លៃ​សិក្សា​នៅ​គ្រប់​កម្រិត​សិក្សា គោល​នយោ​បាយ​ជម្រើស​សិស្ស ឧបត្ថម្ភ​សិក្ខូប​ករណ៍ វិនិ​យោគ​ធ្វើ​ឱ្យ​សុក្រឹត​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។ល។ ហេតុ​នេះ គុណ​ភាព​បង្រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​កម្ពស់ អត្រា​កៀរ​គរ​កុមារ​ចូល​រៀន​សម្រេច​តាម​ភាគ​កម្រិត​ជា​រៀង​រាល់​ឆ្នាំ។ ពិ​សេស គឺ​ភូមិ​ភាគ​នា​នា​តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ដល់​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សា​លា​និង​វត្ត​អា​រាម ដែល​មាន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម៉្លោះ​ហើយ ក្រៅ​ពី​ម៉ោង​រៀន​នៅ​តាម​សា​លា​រដូវ​វិស្សម​កាល​ប្អូនៗ​តែង​ឆ្លៀត​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​លើ​ភូមិ​សាស្ត្រ។ លោក​យ័ញ​ភឿង នា​យក​សា​លា​អនុវិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​យ៉ុង​រៀង ឱ្យ​ដឹង៖ “សា​លា​បច្ចុប្បន្ន​មាន​បន្ទប់​រៀន​៨​បន្ទប់ សម្រាប់​សិស្ស​សិក្សា (ថ្នាក់​នី​មួយៗ​មាន ២ បន្ទប់ ក្នុង​មួយ​បន្ទប់​មាន​សិស្ស ៣៥ នាក់ កម្ម​វិធី​សិក្សា រៀប​ចំ​បង្រៀន​មួយ​ថ្ងៃ ២ ពេល)។ សា​លា​មាន​បន្ទប់​កុំ​ព្យូ​ទ័រ ១ បន្ទប់ មាន​ម៉ា​ស៊ីន​កុំ​ព្យូ​ទ័រ ៣៦ គ្រឿង​សម្រាប់​ដំ​ណើរ​ការ​បង្រៀន​និង​រៀន​វិញ្ញា​សា​ព័ត៌​មាន​វិទ្យា​និង​មាន​បន្ទប់​អនុ​វត្ត​ចំ​នួន ២ (ជីវ​វិទ្យា - គិមី​វិទ្យា​និង​រូប​វិទ្យា - បច្ចេក​វិទ្យា)។ មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​មាន ២២ បន្ទប់​សម្រាប់​សិស្ស​ស្នាក់​នៅ​ក្នុង​បន្ទប់​នី​មួយៗ​ មាន​បន្ទប់​ទឹក​និង​បន្ទប់​អនា​ម័យ​ដោយ​ឡែក មាន​អា​ហារ​ដ្ឋាន ១ ខ្នង​សម្រាប់​ផ្គត់​ផ្គង់​អា​ហារ ៣ ពេល​ក្នុង​មួយ​ថ្ងៃ​ដល់​សិស្ស។ ជា​ពិ​សេស សា​លា​ថែម​ទាំង​មាន​អគារ​ពហុ​មុខ​ងារ ដើម្បី​ប្អូនៗ​ហាត់​ប្រាណ​លត់​ដំ​សុខ​ភាព”៕

  ហា​ថាញ-ប្រែ​សម្រួល៖ មុនី

ចែករំលែកអត្ថបទ