មនុស្សយើងរស់នៅត្រូវមានក្តីជំនឿ ប៉ុន្តែក្តីជំនឿនោះត្រូវផ្អែកលើមូលដ្ឋានយល់ដឹងត្រឹមត្រូវ។ បើក្តីជំនឿខ្វះការពិចារណា អបិយជំនឿ វាងាយនឹងបណ្តាលឱ្យមានគ្រោះថ្នាក់ពិបាកប៉ានស្មាន។ ជាក់ស្តែង មានអ្នកជាច្រើនបានរងទុក្ខដោយសារដាក់ជំនឿខុសកន្លែង។

សាវនាការកាត់ក្តីបោកប្រាស់យកទ្រព្យសម្បត្តិ មានការមានពាក់ព័ន្ធនឹងអបិយជំនឿ។
ថ្មីៗនេះ តុលាការប្រជាជនទីក្រុងកឹងធើ បានបើកសវនាការកាត់ក្តីករណីបោកប្រាស់យកទ្រព្យសម្បត្តិចំពោះចុងចោទ ង្វៀងធីត្វៀកឡង កើតឆ្នាំ ១៩៧៣ នៅឃុំមីធ្វឹង សង្កាត់ញើុងមី ទីក្រុងកឹងធើ បោកប្រាស់ទឹកប្រាក់ឡើងដល់ ២៥ ពាន់លានដុង។
ចៅក្រម សួរសំណួរជាបន្តបន្ទាប់៖ “ តើអ្នករងគ្រោះនិងចុងចោទមានស្គាល់គ្នាទេ? ចុងចោទបាននិយាយអ្វីខ្លះ ទើបធ្វើឱ្យអ្នករងគ្រោះ
ជឿ ហើយយកប្រាក់ឱ្យចុងចោទ?” ជាដើម។ សំណួរទាំងនេះបានសួរចុះសួរឡើងជាច្រើនសា ដល់អ្នករងគ្រោះ និងទទួលបានចម្លើយប្រហាក់ប្រហែលគ្នា។ លោក ត្រឹងត្វឹងកៀត មានទឹកមុខស្លេកស្តាំង ឆ្លើយដោយស្រងួតស្រងាត៖ “ខ្ញុំមិនស្គាល់ចុងចោទទេ ខ្ញុំជាសិស្សរបស់គ្រូត្វឹង។ គ្រូត្វឹង បានប្រាប់ថា ត្វៀកឡងជាមនុស្សល្អ គាត់ជាអ្នកជំនួញជោគជ័យ មានទ្រព្យច្រើន តែងជួយអ្នកក្រ ហើយហៅខ្ញុំរកប្រាក់យកឱ្យត្វៀកឡងវិនិយោគដើម្បីរកចំណេញ។ ដោយស្តាប់គ្រូ ខ្ញុំបានបុលខ្ចីគេ ១,២ ពាន់លានដុងយកឱ្យត្វៀកឡង; គ្រូនិយាយគឺខ្ញុំជឿតាម។ កាលនោះ ប្រពន្ធ និងប្អូនខ្ញុំរារាំងណាស់ដែរ ប៉ុន្តែខ្ញុំមិនស្តាប់”។
អ្នកក្តុកក្តួល និងកង្វល់បំផុតក្នុងចំណោមអ្នករងគ្រោះ គឺលោកឌាំងវុាំងតាយ ជាកូនសិស្សស្មោះត្រង់ និងជឿជាក់លើសម្តីគ្រូត្វឹងយ៉ាងដាច់ណាត់។ តាមប្រសាសន៍របស់លោកតាយ នៅទីនេះហាក់ដូចជាអ្នកណាក៏ជឿគ្រូត្វឹង ពីព្រោះគាត់មានសមត្ថភាពបញ្ចូលអារក្សសណ្ធិតរូបនិងដឹងពី “អតីតនិងអនាគត”។ អាស្រ័យហេតុនោះ ពេលគ្រូត្វឹងឧទ្ទេសនាមត្វៀកឡងជាមនុស្សល្អដូច្នេះ សិស្សទាំងអស់តែងជឿដោយមិនស្វែងយល់ ហើយគ្រូបង្គាប់ឱ្យយកប្រាក់ឱ្យត្វៀកឡង
រកស៊ី សិស្សតែងធ្វើតាមដោយគ្មានប្រកែកអ្វីសោះ។ “ដោយសារតែជឿគ្រូត្វឹង ទើបខ្ញុំត្រូវបោកជាង ១,៣ ពាន់លានដុង; ឥឡូវខ្ញុំភ្លឺភ្នែកហើយ។ ដោយប្រជាជននៅតែជឿលើរឿងដែលគ្មានពិតក្នុងជីវភាព ប្រការនេះបានបង្កលក្ខណៈឱ្យជនអាក្រក់មានឱកាសឆបោក។ ជួនកាលមានប្រជាជនមួយចំនួនបានដឹងដែរ ប៉ុន្តែមិនរាយការណ៍ជូនស្ថាប័សមត្ថកិច្ច ថែមទាំងជួយលាក់បាំង ចូលដៃចូលជើងផ្សព្វផ្សាយសកម្មភាពអបិយជំនឿរីកធំឡើងទៀតផង។ ទង្វើដែលលោកត្វឹងផ្សព្វផ្សាយអបិយជំនឿ រដ្ឋអំណាចភូមិភាគនឹងមានវិធានការដោះស្រាយ ប៉ុន្តែប្រការដែលអ្នករងគ្រោះស្តាប់តាមសម្តីគាត់ បណ្តាលឱ្យត្រូវបោកប្រាស់ មួយផ្នែកក៏ដោយសារអ្នករងគ្រោះលោភលន់ និងខ្វះពិចារណា។ ពីព្រោះជាក់ស្តែង គ្មានរឿង “ដើមទុនមួយចំណេញបួន” នោះទេ ហើយប្រាក់រកបានមកដោយលំបាក ប៉ុន្តែមិនពិនិត្យផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ យកទៅវិនិយោគដោយ “ខ្វះការពិចារណា”។
ចុងចោទ ត្វៀកឡង ធ្លាប់មានបទល្មើសបោកប្រាស់យកទ្រព្យសម្បត្តិ ហើយមិនទាន់លុបប្រវត្តិបទល្មើសនៅឡើយ។ ក្រោយពីទទួលទោសជាប់ពន្ធធនាគាររួចស្រេច ត្វៀកឡងវិលមកលក់ដូរនៅភូមិភាគ ប៉ុន្តែប្រាក់ចំណូលមិនច្រើន។ ចៃដន្យនៅពេលទៅផ្ទះលោកង្វៀងថាញត្វឹង នៅអនុសង្កាត់ទី ១ សង្កាត់ង៉ាណាំ ទីក្រុងកឹងធើ ឃើញមានមនុស្សមករកច្រើន ហើយដឹងថាកូនសិស្សស្តាប់សម្តីគ្រូត្វឹងណាស់។ ហេតុនោះ ត្វៀកឡង “ឆក់ឱកាស” ធ្វើជាអ្នកមានពាក់មាសពេញខ្លួន ដើម្បីបោកប្រាស់។ ទង្វើរបស់ចុងចោទត្វៀកឡង ត្រូវបានច្បាប់ដាក់ទោសយ៉ាងធ្ងន់ធ្ងរ ដោយជាប់គុក ១៨ ឆ្នាំ៕
សើមម៉ាយ-វិមាន