អ្នកគ្រូទ្រិញធីទ្រុកលិញ នាយិកាវិទ្យាល័យជនជាតិអន្តេវាសិកហូវយ៉ាង ទីក្រុងកឹងធើ ឧទ្ទេសនាម៖ “ប្អូនយ័ញដេវ៉ីនិងទ្រឿងយ៉ាហ្វី សិស្សថ្នាក់ ទី ១២A១ សុទ្ធតែជាសិស្សគំរូរបស់សាលា; រៀនពូកែ សុភាពរាបសា ស្លូតបូតតែងអនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាផ្ទៃក្នុងរបស់សាលា។ ពិសេស ប្អូនទាំងពីរមានស្ថានភាពគ្រួសារក្រ ប៉ុន្តែមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ”។

ប្អូនយ័ញដេវ៉ី។
កើតក្នុងគ្រួសារក្រីក្រមួយនៅឃុំសាភៀង ប្រាក់ចំណូលរបស់ឪពុកម្តាយយ័ញដេវ៉ី គឺពឹងលើកម្លាំងធ្វើការឈ្នួលនៅភូមិស្រុក។ ទោះបីដូច្នោះក្តី ប្អូនដេវ៉ី នៅតែបានឪពុកម្តាយគិតគូរឱ្យទៅសាលាជានិច្ច។ ប្អូនដេវ៉ី រៀបរាប់៖ “ឃើញឪពុក ម្តាយនឿយហត់ ប្អូនគិតថាមានតែការរៀនសូត្រទេ ទើបមានអនាគតភ្លឺស្វាង។ អាស្រ័យហេតុនោះ ខណៈពេលជាប់ជម្រើសចូលរៀននៅសាលា ហើយបានរដ្ឋគិតគូរទាំងស្រុង ប្អូនត្រេកអរណាស់។ ប្អូនខំប្រឹងរៀនសូត្រ ប្តេជ្ញាចិត្តអនុវត្តសេចក្តីប្រាថ្នាចូលមហាវិទ្យាល័យគរុកោសល្យ ដើម្បីសម្រាលបន្ទុកគ្រួសារ”។
ជាមួយការប្តេជ្ញាចិត្តនោះ រៀងរាល់ថ្ងៃ ប្អូនដេវ៉ី តែងផ្តុំកម្លាំងរៀនសូត្រ ធ្វើលំហាត់រាល់មេរៀនប្រឡងដើម្បីត្រៀមលក្ខណៈល្អសម្រាប់សម័យប្រឡងវិទ្យាល័យថ្នាក់ជាតិ។ ក្រៅពីរៀននៅសាលា ប្អូនដេវ៉ី តែងទៅបណ្ណាល័យអានសៀវភៅជារឿយៗ រកអានអត្ថបទអក្សរសិល្ប៍ណាដែលល្អធ្វើលំហាត់ មេរៀនកម្រិតខ្ពស់និងកត់ត្រាកន្លែងដែលមិនយល់ ដើម្បីចូលសាលាសួរលោកគ្រូ អ្នកគ្រូ មិត្តភក្តិ។ ជាមួយការប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀនសូត្រ រយៈពេល២ឆ្នាំកន្លង ប្អូនដេវ៉ី សម្រេចកិត្តិនាមជាសិស្សរៀនពូកែប្រចាំសាលា។ ក្រៅពីនេះ ប្អូនដេវ៉ី នៅទាំងសកម្មចូលរួមរាល់សកម្មភាពសិល្បៈរបស់សាលានិងជាគំរូឆ្នើមក្នុងការរៀនសូត្រ លត់ដំសម្រាប់មិត្តភក្តិដទៃយកតម្រាប់តាមទៀតផង។
ស្ថិតក្នុងជីវភាពក្រីក្រដែរនោះ ប្អូនទ្រឿងយ៉ាហ្វី តែងខិតខំក្នុងការរៀនសូត្រសម្រេចកិត្តិនាមជាសិស្សរៀនពូកែរបស់សាលាច្រើនឆ្នាំបន្តបន្ទាប់។ ប្អូនយ៉ាហ្វី ឱ្យដឹង៖ “រៀនចប់អនុវិទ្យាល័យ ឪពុកម្តាយឱ្យប្អូនឈប់រៀន ពីព្រោះគ្មានលទ្ធភាពគិតអានរៀនសូត្របន្តទៀត។ កាលនោះ ប្អូនសុំឪពុកម្តាយចូលរៀនសាលាជនជាតិអន្តេវាសិកហូវយ៉ាង ពីព្រោះបានរដ្ឋគិតគូរការហូបចុកស្នាក់នៅទាំងស្រុង និងសន្យាថារៀនសូត្រឱ្យបានពូកែ។ ពេលចូលរៀនសាលាឆ្ងាយពីគ្រួសារ ប្អូនតែងដាស់តឿនខ្លួនឯងថា ត្រូវតែរៀនសូត្រឱ្យបានល្អ អនុវត្តម៉ឺងម៉ាត់បទបញ្ជាផ្ទៃក្នុងរបស់សាលាដើម្បីមិនឱ្យឪពុកម្តាយខកបំណងឡើយ”។

ប្អូនទ្រឿងយ៉ាហ្វី គំរូឆ្នើមរបស់សាលា។
បច្ចុប្បន្ន ឪពុកម្តាយរបស់ប្អូនយ៉ាហ្វី គ្មានមុខរបរលំនឹង ប្រាក់ចំណូលពឹងលើកម្លាំងធ្វើការឈ្នួល តាមរដូវកាលនៅភូមិស្រុក ឃុំតឹងប៊ិញ។ ក្នុងការរៀនសូត្រប្អូនតែងភ្ញាក់រលឹកដោយខ្លួនឯងដើម្បីបំប៉ន បង្កើនចំណេះដឹងនិងលត់ដំក្លាយជាកូនលុះក្នុងដំបូន្មានសិស្សពូកែ។ ពិសេស ក្នុងនាមជាប្រធានថ្នាក់ ប្អូនរឹតតែពុះពារក្នុងការរៀនសូត្រដើម្បីធ្វើជាគំរូដល់សិស្សក្នុងថ្នាក់យកតម្រាប់តាម។ ដោយការខិតខំរបស់ខ្លួន ស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការរៀនសូត្រ ម្ល៉ោះហើយប្អូនរៀនពូកែរាល់វិញ្ញាសា។ ប្អូនយ៉ាហ្វី ឱ្យដឹង៖ “ក្នុងថ្នាក់រៀន ប្អូនយកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀន កត់ចំណាំទុកកន្លែងដែលលោកគ្រូអ្នកគ្រូផ្តែផ្តាំ និងសង្កត់ធ្ងន់។ ក្រៅពីរៀនក្នុងសាលា ប្អូនទៅបណ្ណាល័យរបស់សាលាដើម្បីអានសៀវភៅ រៀនដោយខ្លួនឯងនិងស្វែងយល់នូវវិធានការធ្វើលំហាត់ដើម្បីមានចំណេះដឹងថ្មីបន្ថែម។ រយៈពេល២ឆ្នាំកន្លង ក្រៅពីទទួលរង្វាន់សិស្សរៀនពូកែរបស់សាលា ប្អូនថែមទាំងទទួលបានអាហារូបករណ៍របស់ទីក្រុងទៀតផង។ នេះគឺជាកម្លាំងជំរុញដើម្បីប្អូនជឿជាក់លើខ្លួនឯងក្នុងការរៀនសូត្រឱ្យបានល្អ ប្រឡងជាប់កម្រិតវិទ្យាល័យថ្នាក់ជាតិ មានទំនុកចិត្តចូលរៀនមហាវិទ្យាល័យ គរុកោសល្យតន្ត្រី”៕
យ្វីអាញ - លីសៀ