18/04/2026 - 05:53

អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​អាច​បញ្ជាក់​ជា​ម្ចាស់​ស៊ីម​ដោយ​ខ្លួន​ឯង​តាម​រយៈ VNeID 

អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​អាច​ធ្វើ​ការ​បញ្ជាក់​ជា​ម្ចាស់​ស៊ីម ដោយ​ខ្លួន​ឯង​តាម​រយៈ​កម្ម​វិធី VNeID យោង​តាម​បទ​ប្បញ្ញត្តិ​ថ្មី​ដែល​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​មេ​សា ត​ទៅ។

 អ្នក​ប្រើ​ប្រាស់​ម្នាក់​កំ​ពុង​កាន់​កាត​ស៊ីម​ទូរ​ស័ព្ទ​ចល័ត​ជា​ច្រើន​នៅ​ក្នុង​ដៃ។ រូប៖ ទ្រុង​ដាក

ចាប់​ពី​ពេល​នេះ​តទៅ ប្រ​ជា​ពល​រដ្ឋ​បាន​ផ្តល់​សិទ្ធិ​ម្ចាស់​ការ​ក្នុង​ការ​បញ្ជាក់​ឡើង​វិញ​នូវ​រាល់​លេខ​ទូរ​ស័ព្ទ​ដែល​កំ​ពុង​ប្រើ​ប្រាស់​តាម​រយៈ​កម្ម​វិធី VNeID ជំ​នួស​ឱ្យ​ការ​រង់​ចាំ​លើ​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ដូច​មុន។

បទ​ប្បញ្ញត្តិ​ថ្មី​នេះ​មាន​ចែង​ក្នុង​សា​រា​ចរ​លេខ ០៨/​២០២៦ ដោយ​ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ដាក់​ឱ្យ​ប្រើ​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មី​នា ក្នុង​គោល​បំ​ណង​រឹត​បន្តឹង​ស្ថាន​ភាព​ស៊ីម​មិន​មាន​ម្ចាស់​ច្បាស់​លាស់ ដែល​ជា​មូល​ហេតុ​នាំ​ឱ្យ​មាន​សារ​រំ​ខាន ការ​ទូរ​ស័ព្ទ​រំខាន និង​សកម្ម​ភាព​បោក​ប្រាស់​ជា​ច្រើន​ក្នុង​ពេល​កន្លង។

តាម​ការ​ជាក់​ស្តែង ស៊ីម​ជា​ច្រើន​បាន​ចុះ​ឈ្មោះ តាំង​ពី​ដំ​ណាក់​កាល​មុន អាច​ត្រូវ​បាន​ឱ្យ​ខ្ចី ឬ​ផ្ទេរ​សិទ្ធិ​បន្ត ប៉ុន្តែ​មិន​ទាន់​បាន​បំ​ពេញ​ព័ត៌​មាន​ម្ចាស់​ពិត​ប្រា​កដ​នៅ​ឡើយ។ លេខ​ទូរ​ស័ព្ទ​ទាំង​នេះ​បង្កប់​នូវ​ហា​និភ័យ ដែល​អាច​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាព​ល្មើស​ច្បាប់ ដែល​ម្ចាស់​ឈ្មោះ​ដើម​មិន​បាន​ដឹង​ខ្លួន។

គោល​នយោ​បាយ​ថ្មី​អនុ​ញ្ញាត​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​អាច​ស្វែង​រក​រាល់​លេខ​ទូរ​ស័ព្ទ​ទាំង​អស់​ដែល​ខ្លួន​ឈរ​ឈ្មោះ។ ផ្តើម​ពី​នោះ ពួក​គាត់​អាច​បញ្ជាក់​លេខ​ដែល​កំ​ពុង​ប្រើ​ប្រាស់ និង​លុប​ចោល​លេខ​ដែល​មិន​មែន​ខ្លួន​ជា​អ្នក​ចុះ​ឈ្មោះ ឬ​មិន​ប្រើ​ប្រាស់​ទៀត ដោយ​ការ​រាយ​ការណ៍​តាម​រយៈ VNeID។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌​មាន ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​នឹង​ទាក់​ទង​ទៅ​លេខ​ទូរ​ស័ព្ទ​ដែល​បាន​រាយ​ការណ៍ ដើម្បី​សំ​ណូម​ពរ​ឱ្យ​បញ្ជាក់​អត្ត​សញ្ញាណ និង​បំ​ពេញ​នីតិ​វិធី​ចុះ​ឈ្មោះ​ឡើង​វិញ​ក្នុង​រយៈ​ពេល ៥ ថ្ងៃ។ ប្រ​សិន​បើ​មិន​អនុ​វត្ត​តាម​ទេ លេខ​នោះ​នឹង​ត្រូវ​បិទ​សេវា​មួយ​ទិស​ជា​បន្ទាន់។ ក្នុង​ករណី​នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ សេ​វា​នឹង​ត្រូវ​បិទ​ទាំង​ពីរ​ទិស និង​ធ្វើ​ការ​ផាត់​ទាត់​កិច្ច​សន្យា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បញ្ជាក់​លេខ​ទូរ​ស័ព្ទ​ឡើង​វិញ​នោះ​ទេ។ ចំ​ពោះ​លេខ​ទូរ​ស័ព្ទ​ដែល​បាន​ប្រើ​ដើម្បី​ចុះ​ឈ្មោះ​គណ​នី VNeID កម្រិត ២ ឬ​ប្រើ​សម្រាប់​ចុះ​ឈ្មោះ​កាត​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​អត្ត​សញ្ញណ​ប័ណ្ណ​ដែល​ភ្ជាប់​ឈីប នឹង​ត្រូវ​លើក​លែង វៀរ​លែង​តែ​មាន​ការ​ផ្លាស់​ប្តូរ​ទូរ​ស័ព្ទ ក្រោយ​ថ្ងៃ​ទី ១៥ ខែ​មិថុ​នា។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ​បទ​ប្បញ្ញត្តិ ពាក់​ព័ន្ធ​នឹង​ការ​ផ្លាស់​ប្តូរ​ទូរ​ស័ព្ទ។ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុ​នា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ប្តូរ​ទៅ​ប្រើ​ទូរ​ស័ព្ទ​ថ្មី ពួក​គាត់​ត្រូវ​តែ​ធ្វើ​ការ​បញ្ជាក់​អត្ត​សញ្ញាណ​ឡើង​វិញ​តាម​រយៈ​ជីវ​មាត្រ។ ប្រ​សិន​បើ​មិន​ទាន់​បាន​បំ​ពេញ​ទេ លេខ​ទូរ​ស័ព្ទ​នឹង​ត្រូវ​ផ្អាក​ការ​ទូរ​ស័ព្ទ​និង​ការ​ផ្ញើ​សារ​ជា​បណ្តោះ​អា​សន្ន។

បទ​ប្បញ្ញត្តិ​នេះ​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ដែល​អ្នក​ប្រើ​ប្រាស់​ធ្វើ​ឱ្យ​បាត់ ឬ​ជ្រុះ​បាត់​ស៊ីម ប៉ុន្តែ​មិន​បាន​បិទ​លេខ​ទាន់​ពេល​វេលា ដែល​បង្ក​ចន្លោះ​ឱ្យ​ជន​ទុច្ច​រិត​កេង​ចំ​ណេញ។ នេះ​ក៏​ជា​ដំ​ណោះ​ស្រាយ​បច្ចេក​ទេស​ដើម្បី​ប្រ​ឆាំង​នឹង​ការ​ទិញ​លក់​ស៊ីម ដែល​បាន​បើក​ដំ​ណើរ​ការ​ស្រាប់។ ការ​បន្ថែម​ទម្រង់​បញ្ជាក់​អត្ត​សញ្ញាណ​តាម​ជីវ​មាត្រ​គឺ ជា​ដំ​ណោះ​ស្រាយ​ចាំ​បាច់ ដូច​ទៅ​នឹង​វិធី​សាស្ត្រ​ដែល​បណ្តា​ធនា​គារ​កំ​ពុង​អនុ​វត្ត ដើម្បី​ពង្រឹង​សុ​វត្ថិ​ភាព។

មុន​នោះ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ស៊ីម​គ្មាន​ម្ចាស់ ស្ថា​ប័ន​គ្រប់​គ្រង​បាន​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដូច​ជា ច្បាប់​ទូរ​គមនា​គមន៍​ឆ្នាំ ២០២៣ និង​អនុ​ក្រឹត្យ​លេខ ១៦៣/​២០២៤ ដែល​តម្រូវ​ឱ្យ​ព័ត៌​មាន​អ្នក​ប្រើ​ប្រាស់​ត្រូវ​តែ​ស្រប​គ្នា​ជា​មួយ​ទិន្ន​ន័យ​ប្រ​ជា​ជន ព្រម​ទាំង​កំ​ណត់​ច្បាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​អា​ជីវ​កម្ម​និង​អ្នក​ប្រើ​ប្រាស់។

សា​រា​ចរ​លេខ ០៨​/២០២៦ គឺ​ជា​ជំ​ហាន​បន្ទាប់​សំ​ដៅ​ទៅ​រក​ទិស​ដៅ​ដែល​លេខ​ទូរ​ស័ព្ទ​នី​មួយៗ ត្រូវ​ភ្ជាប់​ជា​មួយ​អត្ត​សញ្ញាណ​ដែល​បាន​បញ្ជាក់​ច្បាស់​លាស់។ ជា​មួយ​នឹង​គោល​នយោ​បាយ​ថ្មី​នេះ ប្រ​ជា​ពល​រដ្ឋ​មាន​ឧប​ករណ៍​បន្ថែម​ដើម្បី​ការ​ពារ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​អនុ​វត្ត​ប្រតិ​បត្តិ​ការ​ច្រើន។ ភាគ​ច្រើន​ដំ​ណើរ​ការ​បញ្ជាក់​អត្ត​សញ្ញាណ ការ​ត្រួត​ពិ​និត្យ​និង​ការ​វិនិច្ឆ័យ​ទិន្ន​ន័យ​គឺ​អា​ស្រ័យ​ក្រុម​ហ៊ុន ទូរ​គមន​គមន៍​សហ​ការ​ជា​មួយ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​អនុ​វត្ត៕

  ប្រ​ភព៖ vnexpress.net - សុផន

ចែករំលែកអត្ថបទ