រយៈពេលជាង ២០ ឆ្នាំ ផ្សារភ្ជាប់នឹងតំបន់ជនបទមានជនរួមជាតិខ្មែររស់នៅកុះករ នៅឃុំសុងឡុកខេត្តវិញឡុង វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង នាយករងមណ្ឌលសុខាភិបាលឃុំលឿងហ្វា A ខេត្តវិញឡុង តែងយកអស់ពីសមត្ថភាព ដើម្បីថែទាំសុខភាពដល់អ្នកជំងឺ។ ដោយការអស់ពីចិត្ត ស្លូតបូត ជិតស្និទ្ធ ម្ល៉ោះហើយបងបានមិត្តរួមអាជីពនិងប្រជាជនស្រឡាញ់រាប់អានជានិច្ច។

វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង នាយករងមណ្ឌលសុខាភិបាល ឃុំលឿងហ្វា A។
កើតនិងធំដឹងក្តីនៅភូមិស្ពឺ ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ (ចាស់) បច្ចុប្បន្ន ជាឃុំសុងឡុក ខេត្តវិញឡុង កាលពីកុមារភាពគឹមញ៉ឹកក្វាង បានឃើញដោយផ្ទាល់ពីជីវភាពក្រលំបាកមិនតិចនោះទេ។ គ្រួសារខ្លះទ័លក្រ ធ្វើដំណើរផ្លូវឆ្ងាយ ម្ល៉ោះហើយនាំសាច់ញាតិទៅព្យាបាលមិនទាន់ បន្សល់នូវភាពទុក្ខសោកយ៉ាងក្រៀមក្រំ។ អនុស្សាវរីយ៍នោះ បានជំរុញឱ្យបងចិញ្ចឹមក្តីស្រមៃក្លាយជាវេជ្ជបណ្ឌិត សង្ឃឹមថាបានរួមចំណែកថែទាំសុខភាពដល់មាមីងភូមិស្រុក។
ក្រោយពីប្រឡងបញ្ចប់វិទ្យាល័យ គឹមញ៉ឹកក្វាង បានជាប់ជម្រើសចូលមហាវិទ្យាល័យឱសថសាស្ត្រកឹងធើ។ ពេលសម្រេចជាស្ថាពរកម្មវិធីបណ្តុះបណ្តាល បងវិលត្រឡប់មកបម្រើការងារនៅមជ្ឈមណ្ឌលសុខាភិបាលចូវថាញ់។ ឆ្នាំ២០២៤ បងបានបញ្ជូនមកមណ្ឌលសុខាភិបាលឃុំលឿងហ្វា A។
ក្នុងការងារ វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង តែងបង្ហាញពីស្មារតីចូលចិត្តរៀនសូត្រ អស់ពីចិត្ត និងមានទំនួលខុសត្រូវ។ មិនត្រឹមតែអនុវត្តល្អភារកិច្ចពិនិត្យ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលអ្នកជំងឺប៉ុណ្ណោះទេ បងថែមទាំងសកម្មចូលរួមការងារឃោសនា បង្ការបង្ក្រាបរោគឆ្លងរាលដាល រួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកថែទាំសុខភាពក្នុងសហគមន៍ទៀតផង។ អាស្រ័យហេតុនេះ សកម្មភាពមុខជំនាញរបស់មណ្ឌលសុខាភិបាល កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ បង្កបានទំនុកចិត្តពីសំណាក់ប្រជាជន។
អ្នកមីងស៊ើងធីង៉ុកហ្វា នៅភូមិសម្តេច ឃុំសុងឡុក ចែករំលែក៖ “នៅពេលឃើញមិនស្រួលខ្លួន ខ្ញុំតែងទៅមណ្ឌលសុខាភិបាលឃុំលឿងហ្វាA ដើម្បីពិនិត្យសុខភាព។ គ្រូពេទ្យ ក្វាង តែងអស់ពីចិត្ត និងណែនាំហ្មត់ចត់។ មានពេលខ្លះយើងខ្ញុំមិនសូវយល់ដឹងភាសាវៀតណាម គ្រូពេទ្យក្វាង នៅទាំងបកប្រែជាភាសាខ្មែរ ដើម្បីពន្យល់ ម្ល៉ោះហើយមាមីងអ្នកណាក៏រាប់អានដែរ”។
មិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ វេជ្ជបណ្ឌិត គឹមញ៉ឹកក្វាង ថែមទាំងខ្នះខ្នែងចលនាប្រជាជន លុបបំបាត់អបិយជំនឿ លើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការថែទាំសុខភាពតាមបែបវិទ្យាសាស្ត្រទៀតផង។ បងស៊ើងសាវ៉េត នៅភូមិសម្តេច ឃុំសុងឡុក ឱ្យដឹង៖ “គ្រូពេទ្យនៅមណ្ឌលសុខាភិបាលឃុំលឿងហ្វា A តែងអស់ពីចិត្តពីថ្លើមនៅពេលខ្ញុំឬក៏ក្រុមគ្រួសារមកទីនេះពិនិត្យសុខភាព បានគ្រូពេទ្យណែនាំអស់ពីចិត្ត រួសរាយ រាក់ទាក់។ ពិសេសគ្រូពេទ្យគឹមញ៉ឹកក្វាង គាត់ណែនាំប្រាប់ពីរបៀបលេបថ្នាំត្រូវម៉ោង ហូបចុកត្រូវពេល និងណែនាំវិធីការពារ បង្ការជំងឺដល់ក្រុមគ្រួសារផង។ មានគ្រូពេទ្យអស់ពីចិត្តដូចគ្រូពេទ្យក្វាង គឺអ្នកជំងឺដូចយើងខ្ញុំស្ងប់ចិត្តណាស់”។
គិលានុបដ្ឋាយិកាគឹមធីហាំងង៉ា ក៏ជាមិត្តរួមអាជីពនឹងវេជ្ជបណ្ឌិតក្វាង ឱ្យដឹង៖ “ជានាយករងមណ្ឌលសុខាភិបាល វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង បម្រើការក្នុងផ្នែកវេជ្ជសាស្ត្ររយពេលជាង ២០ឆ្នាំមកហើយ គាត់ពិនិត្យព្យាបាលជូនអ្នកជំងឺនៅទីនេះអស់ពីចិត្តណាស់ វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង រួសរាយជាមួយបងប្អូនក្នុងអង្គភាព ស្ទាត់ជំនាញទាំងភាសាវៀតណាមនិងភាសាខ្មែរ ម្ល៉ោះហើយជួយបានយ៉ាងច្រើនក្នុងដំណាក់ការពិនិត្យ ព្យាបាលជំងឺដល់មាមីង ហេតុនោះហើយ គ្រប់គ្នាតែងគោរពរាប់អាន”។

វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង ពិនិត្យជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតវ៉វុាំងត្វង នាយកមណ្ឌលសុខាភិបាលឃុំសុងឡុក ឱ្យដឹង៖ “រយៈពេលជាង ២០ ឆ្នាំបម្រើការងារ វេជ្ជបណ្ឌិតគឹមញ៉ឹកក្វាង តែងប្រឹងប្រែងឆ្លងកាត់ការលំបាកដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍។ មានអ្នកជំងឺជនជាតិខ្មែរខ្លះមកពិនិត្យព្យាបាលជំងឺ ប៉ុន្តែមិនសូវយល់ភាសាវៀតណាម មានការលំបាកដល់គ្រូពេទ្យ វេជ្ជបណ្ឌិតក្នុងការពិនិត្យនិងព្យាបាលជំងឺ។ មានករណីដូច្នេះ វេជ្ជបណ្ឌិតក្វាង ជាអ្នកបកប្រែដើម្បីគ្រូពេទ្យ វេជ្ជបណ្ឌិតងាយស្រួលពិនិត្យនិងព្យាបាលបានល្អប្រសើរ។ បងជាគ្រូពេទ្យមិនខ្លាចនឿយហត់លំបាក តែងចុះទៅតំបន់ឆ្ងាយដាច់ស្រយាលជារឿយៗ ដើម្បីព្យាបាលជំងឺដល់អ្នកក្រ”។
ជាមួយស្មារតីទទួលខុសត្រូវ ការអស់ពីចិត្ត និងទឹកចិត្ដដើម្បីសហគមន៍ វេជ្ជបណ្ឌិតគឹមញ៉ឹក ក្វាង គឺជាគំរូដ៏ល្អនៃគ្រូពេទ្យវ័យក្មេងជនជាតិខ្មែរ រួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពនៅមូលដ្ឋាន និងកសាងទំនុកចិត្តរបស់ប្រជាជនចំពោះផ្នែកសុខាភិបាលភូមិភាគ៕
ស៊ើងម៉ាល័យ - លីសៀ