ច្រើនឆ្នាំកន្លង ប្រភពទុនឥណទានអាទិភាពរបស់ធនាគារគោលនយោបាយសង្គមកេសាច់ ទីក្រុងកឹងធើ បានក្លាយជាទីបង្អែកដ៏រឹងមាំ ជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រជាច្រើន ពិសេសគឺគ្រួសារជនជាតិភាគតិច មានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពនិងសន្សឹមៗចាកផុតពីភាពក្រីក្រដោយចីរភាព។

កម្មាភិបាលធនាគារគោលនយោបាយសង្គមកេសាច់ ចែកបុលទុនអាទិភាពជូនគ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិច។
តាមធនាគារគោលនយោបាយសង្គមកេសាច់ មកដល់ពេលនេះ សរុបប្រាក់បំណុលពីកម្មវិធីឥណទានគោលនយោបាយសង្គមចំនួន ១៦ នៅលើភូមិឋានឃុំកេសាច់សម្រេចជាង ៦៨៣,៤ ពាន់លានដុង កើន ៩២,៥ ពាន់លានដុង បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដោយមានជាង ១៨.៥៨០ គ្រួសារ កំពុងបុលទុន។ ផ្តើមពីប្រភពទុនបុលនេះ បានជួយជនជាតិភាគតិចរាប់រយគ្រួសារនៅលើភូមិឋានឃុំ មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច រកបានប្រាក់ចំណូលលំនឹង ចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។
ឆ្នាំ ២០២០ បងថាច់ង៉ុកឌាំង នៅភូមិបាឡាំង ឃុំកេសាច់ បានវិនិយោគលើទម្រង់ចិញ្ចឹមពពែ។ ដោយសារខ្វះដើមទុន បងឌាំង បានធនាគារគោលនយោបាយសង្គមឧបត្ថម្ភបុលទុន ៥០ លានដុង ដើម្បីវិនិយោគសង់ទ្រុង ទិញកូនពូជ ពង្រីកហ្វូងពពែ ហើយទម្រង់ចិញ្ចឹមពពែមានប្រសិទ្ធភាព ផ្តល់ប្រភពចំណូលលំនឹង។ មិនបពា្ឈប់ត្រឹមនោះ គាត់បន្តបុលទុនដើម្បីវិនិយោគលើទម្រង់ចិញ្ចឹមកង្កែប។ ជាអ្នកចូលចិត្តស្វែងយល់និងរៀនសូត្រ ទើបបងឌាំង ចិញ្ចឹមកង្កែបមានប្រសិទ្ធភាព ហើយបានសងប្រាក់កម្ចីធនាគាររួចស្រេច។ នៅដើមឆ្នាំ ២០២៥ បងឌាំង បន្តបុលទុន ១០០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគបណ្តុះផ្សិតកញ្ចូរ។
ក្រោយពីបណ្តុះបានជាង ១ ខែ បងឌាំង ប្រមូលផលផ្សិតកញ្ចូរបានពី ៣-៥ គីឡូក្រាមក្នុងមួយថ្ងៃ លក់ដោយតម្លៃប្រមាណ ២០០ ពាន់ដុង ក្នុងមួយគីឡូក្រាម។ ដោយសារប្រើប្រាស់ដើមទុនចំគោលដៅនិងខ្នះខ្នែងពលកម្មផលិត ទើបជីវភាពគ្រួសារគាត់ល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បងឌាំង ឱ្យដឹង៖ “ខ្ញុំប្រឹងប្រែងធ្វើការរកស៊ី សន្សែសន្សំដើម្បីសងដើមទុននិងប្រាក់ការ ថែមទាំងសន្សំទុកក្នុងធនាគារដើម្បីឆាប់សងរួចបំណុល។ ដោយសារមានប្រភពទុនពីធនាគារគោលនយោបាយសង្គម ទើបខ្ញុំមានលក្ខណៈវិនិយោគនិងអភិវឌ្ឍទម្រង់មានប្រសិទ្ធភាព ហើយជីវភាពបានធូរធារ”។
លោក ង្វៀងជីលិញ នាយករងការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមកេសាច់ ឱ្យដឹង៖ “ជាច្រើនឆ្នាំមកនេះ ការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គមកេសាច់ តែងសហការជាមួយរដ្ឋអំណាចភូមិភាគ ត្រួតពិនិត្យតម្រូវការជាក់ស្តែង អាទិភាពរំសាយទុនទាន់ពេលជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិច។ ការជិតដិតប្រភពឥណទានគោលនយោបាយសង្គម បានជួយឱ្យគ្រួសារជនជាតិភាគតិចក្រីក្រ គ្រួសារក្បែរក្រ កាន់តែមានកម្លាំងជំរុញការផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកបន្ថយភាពក្រីក្រដោយចីរភាព កសាងភូមិស្រុកសម្បូរសប្បាយ ស្រស់ស្អាត។ ក្នុងពេលខាងមុខ យើងខ្ញុំនឹងបន្តរួមដំណើរ ផ្ទេរទុនឱ្យបានទាន់ពេលជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងគ្រួសារជនជាតិភាគតិចដែលមានតម្រូវការបុល ដើម្បីជួយមាមីងមានលក្ខណៈអភិវឌ្ឍទម្រង់ផលិតប្រកបដោយប្រសិទ្ធភាព និងឈានឡើងធ្វើមានស្របច្បាប់”។
អាចបញ្ជាក់បានថា ប្រភពទុនឥណទានគោលនយោបាយសង្គមបាននិងកំពុងពង្រីកប្រសិទ្ធភាព ក្លាយជាកម្លាំងជំរុញដ៏សំខាន់ជួយគ្រួសារជនជាតិភាគតិចជាច្រើននៅទីក្រុងកឹងធើលំនឹងសេដ្ឋកិច្ច បន្ថយភាពក្រីក្រដោយចីរភាព៕
លីធាន-ប្រែសម្រួល៖ វិមាន