បច្ចុប្បន្ន មានកសិករជាច្រើនលើភូមិសាស្រ្តខេត្តសុកត្រាំង បានមោះមុតក្នុងការបង្វែរផលិតកម្មតាមទិសដៅសរីរាង្គ ដើម្បីសម្រេចទិន្នផល គុណភាពនិងចំណេញខ្ពស់ លំនឹងជីវភាព។

មានកសិករខ្មែរជាច្រើននៅខេត្តសុកត្រាំងផលិតស្រូវតាមទិសដៅសរីរាង្គ
បានផ្ដល់ទិន្នផលនិងចំណេញខ្ពស់បង្គួរ។
លោកយ័ញក្វឹកត្វង នៅអនុសង្កាត់៦ សង្កាត់ ៧ ក្រុងសុកត្រាំង ចាប់តាំងពីបង្វែរមកដាំជីរណាតាមទិសដៅសរីរាង្គ គ្រួសាររកបានប្រាក់ចំណូលជាប្រចាំនិងលំនឹងជីវភាព។ តាមប្រសាសន៍លោក យ័ញក្វឹកត្វង ក្រោយពីបានហ្វឹកហាត់អំពីបច្ចេកទេសដាំដុះតាមទិសដៅសរីរាង្គ បាននាំមកប្រាក់ចំណេញខ្ពស់ ចំណាយទុនតិច ផលិតផលល្អសម្រាប់សុខភាពនិងការពារបរិស្ថានទៀតផង រយៈពេល២ឆ្នាំមកនេះ គាត់បានបង្វែរមកដាំជីរណាតាមទិសដៅសរីរាង្គ និងដំឡើងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិលើផ្ទៃដី២កុង។ លោក យ័ញក្វឹកត្វង ឱ្យដឹង៖ “ជីរណាដាំតាមទិសដៅសរីរាង្គគឺលូតលាស់ល្អ មិនសូវមានជំងឺនិងសត្វល្អិតបំផ្លាញ ម្ល៉ោះហើយឈ្មួញតែងចូលចិត្តទិញ។ ពិសេស ដោយសារប្រើប្រាស់ជីសរីរាង្គ ក៏ធ្វើឱ្យដីមានភាពរសោះ ប្រិតសំចៃបានទឹកស្រោចស្រព ជីថ្នាំសម្លាប់សត្វល្អិត និងងាយស្រួលក្នុងការប្រមូលផល អត្រាខាតបង់ទាប ល្អសម្រាប់សុខភាពអ្នកប្រើប្រាស់ ចំណេញខ្ពស់។ បើប្រៀបនឹងរបៀបដាំដុះពីមុន ការដាំដុះតាមទិសដៅសរីរាង្គមិនត្រឹមតែការពារបរិស្ថាន និងសុខភាពប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រាក់ចំណេញខ្ពស់ជាង គឺប្រហែល ៤០% បើប្រៀបនឹងការផលិតតាមធម្មតា។ ជីរណាប្រមូលផលជាបន្តបន្ទាប់ ហើយរហូតដល់ពេលវាដុះរង្វើលគឺទុកឱ្យចេញផ្កា ដើម្បីប្រមូលផលគ្រាប់ពូជ។ ជីរណាលក់ឱ្យឈ្មួញតម្លៃពី ១៥.០០០- ២០.០០០ដុង/គីឡូក្រាម (ទៅតាមដំណាក់កាល) ចំណែកគ្រាប់ពូជគឺមានតម្លៃជាង ៣០០.០០០ ដុង/គីឡូក្រាម”។

ជីរណាដាំតាមទិសដៅសរីរាង្គ និងដំឡើងប្រព័ន្ធស្រោចស្រពស្វ័យ
ប្រវត្តិរបស់លោកយ័ញក្វឹកត្វង។
មិនត្រឹមតែដាំដំណាំរួមផ្សំប៉ុណ្ណោះទេ មានកសិករជាច្រើនផលិតស្រូវតាមទិសដៅសរីរាង្គ ក៏កាត់បន្ថយបានប្រាក់ចំណាយក្នុងការវិនិយោគ ទិន្នផល គុណភាពនិងប្រាក់ចំណេញខ្ពស់។ លោក ឡឹមសែ នៅសង្កាត់៥ ក្រុងសុកត្រាំង បានផលិតស្រូវ ST២៥ តាមទិសដៅសរីរាង្គចំនួន ៤ ហិកតា សម្រេចបានទិន្នផល គុណភាពនិងចំណេញខ្ពស់បង្គួរ។ លោកឡឹមសែ ឱ្យដឹង៖ “ពេលផលិតស្រូវសរីរាង្គ ខ្ញុំបានចុះកិច្ចសន្យាជាមួយនឹងអាជីវកម្មដើម្បីទិញផលិតផលនិងផ្គត់ផ្គង់ពូជ ជំនួយជីសរីរាង្គ កាកសំណល់ជីវសាស្រ្ត កម្មាភិបាលបច្ចេកទេសចុះណែនាំការផលិតដើម្បីធានាគុណភាពទិន្នផល។ បន្ទាប់ពីការផលិតបានមួយរដូវ ខ្ញុំសង្កេតឃើញ ការផលិតស្រូវសរីរាង្គបានជួយប្រិតសំចៃពូជ ជី ថ្នាំសម្លាប់សត្វល្អិត ដីនៅមានជីជាតិ មិនកខ្វក់បរិស្ថាន។ រដូវស្រូវដែលខ្ញុំទើបប្រមូលផលនេះ ក្រោយពីផាត់ទាត់រួចនៅចំណេញជាង ៥០ លានដុង/ហិកតា”។
តាមប្រសាសន៍លោក ហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង បច្ចុប្បន្ន ការផលិតតាមទិសដៅសរីរាង្គកំពុងផុសផុលយ៉ាងខ្លាំងនៅភូមិភាគជាច្រើនក្នុងខេត្ត ម្ល៉ោះហើយ ផ្នែកកសិកម្មក៏ផ្ដោតការយកចិត្តទុកដាក់ជាពិសេសដល់ការងារចងសម្ព័ន្ធជាមួយក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្កើនការផ្ទេរនូវវិធានការបច្ចេកទេស ដើម្បីកសិករបានបង្ខិតជិតនិងអនុវត្តល្អថែមទៀតដំណាក់ការបង្កបង្កើនផល ជាជំហានៗកសាងសង្វាក់ចងសម្ព័ន្ធលំនឹង ចាប់ពីច្រកចូលរហូតដល់ច្រកចេញ៕
យ្វីអាញ់ - ថាច់ធី