នោះគឺលោកពូ យ័ញញីវ ប្រធានគណៈកម្មការវត្តអូរជុំវង្សាអំពាចវែងចាស់ នៅភូមិអាងហ្វា ឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។
លោកពូយ័ញញីវ ប្រធានក្រុមកីឡាករទូក-ងរបស់វត្តអូរជុំវង្សាអំពាចវែងចាស់ ។
បង ង្វៀងត្រុងថឿង ជាសមាជិកគណៈកម្មការអាជ្ញាកណ្ដាលពិធីប្រណាំងទូក-ង នៅក្នុងទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តគៀងយ៉ាង ឆ្នាំ២០២៤ ឱ្យដឹង៖ “ជាប្រធានក្រុមទូក-ងរបស់វត្តអំពាចវែងចាស់ ម្ល៉ោះហើយ លោកពូមានការទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន។ រៀងរាល់ឆ្នាំ ពេលគណៈកម្មការរៀបចំចាប់ឆ្នោត គាត់មានវត្តមានមុនគេ។ ឃើញគាត់មានវ័យចំណាស់ គ្រប់គ្នាបានស្នើឱ្យគាត់ចាត់អ្នកផ្សេងទៅជំនួស ប៉ុន្តែគាត់មិនព្រមទេ។ នៅក្នុងអំឡុងពេលអុំប្រណាំង គាត់តែងនៅកន្លែងអុំប្រណាំង ដើម្បីបាននៅជិតដិតជាមួយអ្នករាល់គ្នា”។ និយាយអំពីប្ដេជ្ញាចិត្តរបស់ខ្លួន លោកពូយ័ញញីវ រ៉ាយរ៉ាប់៖ “កាលនៅក្មេង ខ្ញុំក៏ជាកីឡាករទូក-ងម្នាក់ បានជាទឹកចិត្តស្រឡាញ់កីឡាទូក-ង ដក់ជាប់ក្នុងក្រឳបេះដូងរបស់ខ្ញុំ។ ពេលនៅមានកម្លាំងអុំ គឺខ្ញុំចូលរួមប្រណាំងមិនដែលខានទេ។ នេះមិនត្រឹមតែស្រឡាញ់ចូលចិត្តប៉ុណ្ណោះទេ នៅទាំងទទួលខុសត្រូវជាអ្នកប្រធានក្រុមទៀតផង គឺត្រូវថែទាំសមាជិកក្នុងក្រុមឱ្យបានត្រឹមត្រូវ។ ដូច្នោះ ខ្ញុំត្រូវមានវត្តមាននៅកន្លែងអុំប្រណាំងគ្រប់ពេល ដើម្បីដឹងថា កីឡាករខ្វះខាតអ្វីហើយគិតគូរឱ្យពួកគេ”។
ក្នុងនាមជាប្រជាជនក្នុងភូមិភាគ និងជាប្រធានគណៈកម្មការវត្តអូរជុំវង្សាអំពាចវែងចាស់ច្រើនឆ្នាំកន្លង បានជាលោកពូយ័ញញីវ យល់ដឹងច្បាស់អំពីសមាជិកម្នាក់ៗក្នុងក្រុម។ លោកពូយ័ញញីវ រ៉ាយរ៉ាប់បន្ត៖ “ក្នុងក្រុមមានអ្នកអុំល្អច្រើន ប៉ុន្តែ ដោយសារគ្រួសារនៅក្រលំបាក ទើបពួកគេតែងរវល់ទៅធ្វើការងាររកស៊ី។ ព្រោះហេតុដូច្នោះ រាល់ពេលមានពិធីប្រណាំងម្ដងៗ ខ្ញុំបានពិគ្រោះយោបល់ជាមួយសមាជិកក្នុងក្រុមដើម្បីកៀរគរឧបត្ថម្ភ។ ដោយសារពេលវេលាហាត់សមអុំមិនបានច្រើន បានជាការបង្កើនល្បឿនក្នុងពេលអុំប្រណាំងមិនទាន់បានល្អ។ នេះក៏ជាបទពិសោធន៍ សម្រាប់ឆ្នាំក្រោយ យើងខ្ញុំនឹងកៀរគរឧបត្ថម្ភច្រើនថែមទៀតដើម្បីសមាជិកទាំងឡាយមានឱកាសហាត់សម”។
តាមប្រសាសន៍លោកពូយ័ញឡេវ អ្នកមានប្រជាប្រិយនៅភូមិអាងហ្វា មាមីងពុទ្ធបរិស័ទជឿជាក់លើពូញីវ ដ្បិតអីលោកពូខ្នះខ្នែងធ្វើការងារ រកស៊ីនិងមានជីវភាពធូរធារ ទើបគាត់ចំណាយពេលវេលាដើម្បីគិតគូរការងារវត្តអារាម និងចូលរួមជាមួយអង្គការមហាជនភូមិភាគបំពេញការងារសុខុមាលភាពសង្គម។ ពូយ័ញញីវ ឱ្យដឹងបន្ថែម៖ “ខ្ញុំបានសម្រេចចិត្តប្រគល់ដីស្រែជាង ៦០ កុង ឱ្យកូនប្រុសមើលការខុសត្រូវ ដើម្បីខ្ញុំមានឱកាសគិតគូរការងារវត្តអារាមនិងបំពេញការងារសង្គម។ បច្ចុប្បន្ន ខ្ញុំតែងមកវត្តសឹងតែរាល់ថ្ងៃ ដើម្បីត្រួតពិនិត្យដំណាក់ការចុងក្រោយនៃការកសាងសាលាធម្មសភាថ្មីនិងព្រះវិហារ។ បន្ទាប់មក គឺពិគ្រោះយោបល់ជាមួយព្រះចៅអធិការវត្ត ដើម្បីធ្វើបុណ្យបញ្ចុះខ័ណ្ឌសីមានៅខែមេសាខាងមុខ។ មិនតែប៉ុណ្ណោះ គឺផ្ដុំកម្លាំងរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាលផងដែរ”៕
ហាថាញ់ - ថាច់ធី