09/12/2024 - 15:43

វះកាត់តឆ្អឹងកំភួនដៃជូនបុរសម្នាក់អាយុ៣៦ឆ្នាំ 

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ ទើបដំណើរការវះកាត់បន្ទាន់ ដើម្បីតឆ្អឹងកំភូនដៃខាងឆ្វេងជូនអ្នកជំងឺម្នាក់ដែលដាច់ជាពីរកំណាត់ ដោយសារគ្រោះថ្នាក់ពលកម្ម។

វេជ្ជបណ្ឌិត​បានធ្វើការវាយតម្លៃ​ បន្ទាប់ពីការវះកាត់​ជិតមួយ​សប្តាហ៍ ដៃ​របស់​អ្នកជំងឺបានសង្គ្រោះរស់ឡើងវិញ។

ថ្មីៗនេះ ក្នុងពេលដឹកជញ្ជូនសម្ភារៈសំណង់នៅការដ្ឋានសាងសង់ បង P.M.T (អាយុ៣៦ឆ្នាំ នៅស្រុកកើ-ដ ក្រុងកឹងធើ) រងគ្រោះថ្នាក់៖ ដៃអាវរបស់គាត់ជាប់នឹងស្ពឺចក្រខ្សែរ៉ក បណ្តាលឱ្យដៃឆ្វេងរមូរទៅតាម ហើយដាច់ត្រង់កំភួនដៃជាពីរកំណាត់។ អ្នកជំងឺបានមិត្តរួមអាជីពជួយ​សង្គ្រោះបឋម រួចបញ្ជូនមកកាន់មន្ទីរពេទ្យពហុព្យាបាលក្រុងកឹងធើ។ ស្ថានភាពអ្នកជំងឺពេលចូលមន្ទីរពេទ្យ៖ រន្ធត់ខ្លាំងដោយសារការរងរបួសបាត់ឈាមច្រើន ជីពចរនិងសម្ពាធឈាមមិនអាចវាស់បាន អ្នកជំងឺរវើរវាយប្រាស្រ័យយឺត មុខរបួសលៀនឆ្អឹងកំភួនដៃ លាត់ស្បែកលេច​ចេញសាច់ដុំសន្លាក់ស្មាខាងមុខ (deltoid)  សាច់ដុំដើមដៃខាងមុខ និងសាច់ដុំដើមដៃខាងក្រោយ។

ក្រុមវេជ្ជបណ្ឌិតវះកាត់ រួមមាន៖ ផ្នែកប្រពោធកម្មសង្គ្រោះបន្ទាន់ ផ្នែកសល្យសាស្រ្តរបួស-រលាក ផ្នែកសល្យសាស្រ្តដើមទ្រូង និងផ្នែកវះកាត់-សណ្តំ ប្រពោធកម្ម បានប្រជុំពិគ្រោះយោបល់បន្ទាន់ និងសហការវះកាត់សង្គ្រោះបន្ទាន់ ឃាត់ឈាម ព្យួរសេរ៉ូមនិងឈាម ដោះស្រាយស្ថានភាពរន្ធត់របស់អ្នកជំងឺ។ ដោយសង្កេតឃើញនេះជាស្ថានភាពមួយធ្ងន់ធ្ងរពេលវេលាបន្ទាន់ដើម្បីវះកាត់តអវយវៈ ក្រុមវេជ្ជបណ្ឌិតវះកាត់បានបញ្ជាបញ្ជូនអ្នកជំងឺជាបន្ទាន់ទៅកាន់បន្ទប់វះកាត់ ដើម្បីប្រពោធកម្មផង ធ្វើការវះតដៃដែលដាច់ចេញជាពីរកំណាត់ផង។

ដំណើរការវះកាត់ ផ្នែកសល្យសាស្រ្តរបួសធ្វើការតម្រង់ឆ្អឹងកំភួនដៃឆ្វេងឱ្យលំនឹងដោយឃ្នៀ​បគៀបពីក្រៅ។ ផ្នែកសល្យសាស្រ្តដើមទ្រូង-សរសៃឈាមដំណើរការកាត់តម្រឹមត្រង់កំភួនដៃដែលដាច់ចេញពីគ្នា ធ្វើឱ្យសរសៃឈាមត្រង់អវយវៈដែលដាច់ចេញពីគ្នានោះដំណើរការរលូនឡើងវិញ តភ្ជាប់សរសៃឈាមក្រហម សរសៃកំភួនដៃនិងតសរសៃវិញ្ញាណ ដេរសាច់ដុំនិងស្បែក និងកាត់ស្បែកដាច់នៅលើកំភួនដៃ។ បន្ទាប់ពីដេរភ្ជាប់ សរសៃឈាមដំណើរការបានល្អ។ វេជ្ជបណ្ឌិតផ្នែកសល្យសាស្រ្តដើមទ្រូង-សរសៃឈាម ឱ្យដឹង៖ ជិតមួយសប្តាហ៍ក្រោយពីធ្វើការវះកាត់ បច្ចុប្បន្នស្នាមរបួសរបស់អ្នកជំងឺមានដំណើរការសះល្អ ដៃអ្នកជំងឺបានសង្គ្រោះរស់ឡើងវិញនិងកំពុងស្ថិតក្នុងដំណាក់កាលជាសះស្បើយ។

តាមក្រុមវេជ្ជបណ្ឌិត ដើម្បីដំណើរការវះកាត់តអវយវៈបានជោគជ័យ គឺអាស្រ័យទៅលើកត្តាជាច្រើន ដូចជា៖ អវយវៈដាច់ទាំងស្រុង ឬការទង្គិចខ្ទាំជាលិកាសរសៃឈាម សរសៃវិញ្ញាណ កន្លែងកើតហេតុដាច់អវយវៈចេញពីគ្នាមានបរិស្ថានស្អាតឬកខ្វក់; រក្សាអវយវៈយកចូលមន្ទីរពេទ្យបានស្អាតល្អ សីតុណ្ហភាពល្អបំផុតគឺពី៥ទៅ១០អង្សាសេ; ពេលវេលាពីកន្លែងកើតហេតុនាំចូលមន្ទីរពេទ្យមិនឱ្យលើសពី៦ម៉ោង; ក្រុមវះកាត់មានមុខជំនាញខ្ពស់ ស្ទាត់ជំនាញបច្ចេកទេសក្នុងការវះកាត់ស៊ីជម្រៅ និងធ្វើអន្តរាគមន៍សរសៃឈាម។ ក្រៅពីនោះ ទាមទារត្រូវមានឧបករណ៍ទំនើបៗជំនាញប្រើប្រាស់ជាច្រើន រួមជាមួយនឹងកិច្ចសហការព្រមៗគ្នារបស់ផ្នែកឯកទេសជាច្រើនទៀត៕

ធូសឿង-វិមាន

ចែករំលែកអត្ថបទ