ថ្មីៗនេះ មន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារ សុកត្រាំង បានទទួលកុមារជាច្រើននាក់ដែលកើតជំងឺសើស្បែក។ ជាជំងឺដែលបង្កឡើងដោយបាក់តេរីនៅលើស្បែក ហើយងាយនឹងឆ្លងរាលដាលលើស្បែកពីកន្លែងមួយទៅកន្លែងមួយ។
ជំងឺសើស្បែក Impetigo ចំពោះកុមារ។
យោងតាមមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង កុមារភាគច្រើនដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ភាគច្រើនគឺមានអាការៈរមាស់រាលដាលពាស់ពេញប្រាណ លើសពីនោះគឺរងការឆ្លងរោគបន្ថែម ដោយសារឪពុកម្ដាយរបស់កុមារមើលស្រាលឬធ្វើការព្យាបាលផ្ទាល់ដោយថ្នាំបុរាណ។ តួយ៉ាង ដូចកុមារ H. N. G ( អាយុ១០ឆ្នាំ នៅភូមិហ្វាមី ទីប្រជុំជនមីស្វៀង) នាំចូលពេទ្យក្នុងស្ថានភាពមានដំបៅរមាស់មួយដុំធំនៅលើដៃដែលឆ្លងរោគបន្ថែម។ តាមគ្រួសារអ្នកជំងឺឱ្យដឹងថា មុននោះ កុមារកើតពងទឹកក្រហមលើដៃ ស្មានថាកើតរើម ទើបរកថ្នាំបុរាណមកលាប។ល។ ដំបៅរមាស់កាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានទឹករងៃហូរចេញនិងក្រមរកាន់តែក្រាស់។ ពេលជំងឺកាន់តែធ្ងន់ធ្ងរ ទើបនាំកុមារមកមន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកកុមារ N. M. T (អាយុ១១ឆ្នាំ នៅសង្កាត់៤ ក្រុងសុកត្រាំង) ចូលមន្ទីរពេទ្យដោយដៃនិងជើងទាំងពីរឡើងពងខ្ទុះ មានទឹករងៃចេញលើដំបៅស្បែក។ តាមសម្ដីម្ដាយរបស់កុមារ ឱ្យដឹងថា ប្រហែលមួយសប្ដាហ៍មុនដៃរបស់កុមារកើតរមាស់និងឡើងពងទឹកក្រហម ទើបដណ្ដាំទឹកស្លឹកអំពិល ស្លឹកស្ពឺ ឱ្យកុមារងូត ប៉ុន្តែ ជំងឺនៅតែឥតធូរស្រាល។ ចាប់តាំងពីនោះ ពងទឹកក្រហមជាច្រើនបានបែករោគក៏រាលដាលដៃនិងជើងបន្ថែម ទើបទៅរកទិញថ្នាំមកផឹកនិងលាប ប៉ុន្តែជំងឺនៅតែឥតធូរស្រាលសោះ ហើយបែរជាធ្ងន់ធ្ងរឡើង ទើបនាំមកកាន់មន្ទីរពេទ្យដើម្បីព្យាបាល។
កុមារ H. N. G ចូលមន្ទីរពេទ្យក្នុងស្ថានភាពកំភួនដៃរងការឆ្លងរោគបន្ថែម។
តាមវេជ្ជបណ្ឌិតឯកទេស១ ង្វៀងធីអៀងធី ជំនាញខាងសើស្បែកនៃមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង ឱ្យដឹង៖ “សាច់ញាតិរបស់អ្នកជំងឺភាគច្រើនតែងយល់ច្រឡំជំងឺសើស្បែក (Impetigo) ជាមួយនឹងជំងឺសើស្បែកឯទៀត ដូច្នោះ ពួកគាត់បានព្យាបាលតាមទម្លាប់បុរាណ ឬទិញថ្នាំខាងក្រៅមកផឹកឬលាប។ ទង្វើនេះ បានធ្វើឱ្យជំងឺរាលដាលលឿននិងកាន់តែធ្ងន់ធ្ងរជាង។ អាស្រ័យហេតុនោះ ពេលឃើញកុមារកើតមានរមាស់លើស្បែកគប្បីបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលពិនិត្យនិងព្យាបាលទាន់ពេល ដើម្បីបង្ការជំងឺឆ្លងរាលដាលនិងប្រែធ្ងន់ធ្ងរ។ ជំងឺងាយរីករាលដាលលើស្បែកពីកន្លែងមួយទៅកន្លែងមួយ និងឆ្លងរាលដាលទៅអ្នកដទៃតាមរយៈការប៉ះពាល់ជាមួយទឹករងៃហូរចេញពីស្បែករបស់អ្នកជំងឺ។ ជំងឺភាគច្រើនតែងលេចឡើងពងទឹកក្រហមលើស្បែក ហើយឆាប់ក្លាយជាខ្ទុះ រួចបែកក្លាយជាដំបៅស្នាមពណ៌លឿងទុំ ហើយឆ្លងរាលដាលយ៉ាងឆាប់លើស្បែក។ កន្លែងដែលច្រើនកើតជំងឺសើស្បែក គឺផ្ទៃមុខជុំវិញច្រមុះ មាត់ឬដៃ ជើង។ ជំងឺអាចជាសះស្បើយក្នុងរង្វង់ពី៧-១០ថ្ងៃ ប្រសិនបើព្យាបាលត្រូវរបៀប។
ដើម្បីបង្ការជំងឺសើស្បែកឆ្លងរាលដាលលើកុមារ វេជ្ជបណ្ឌិតបានក្រើនរំលឹក៖ ឱ្យកុមារលាងដៃជាមួយទឹកនិងសាប៊ូជាប្រចាំ ឬទឹកលាងដៃដែលមានជាតិអាល់កុល; បោកអាវខោនិងកន្សែងរបស់អ្នកជំងឺរៀងរាល់ថ្ងៃ និងជៀសវាងការប្រើរបស់របររួមជាមួយអ្នកជំងឺ។ សម្អាតផ្ទះនិងកន្លែងលេងរបស់កុមារ; ឱ្យកុមារស្លៀកខោស្ដើងៗ; កាត់ត្រចកដៃឱ្យកុមារដើម្បីកាត់បន្ថយការអេះប៉ះពាល់ដល់ស្បែកនិងបែកពងទឹកក្រហមលើស្បែក។ ពេលឃើញកុមារកើតមានកន្ទួលក្រហម ឬខ្ទុះនៅលើស្បែក ជាពិសេស នៅលើក្បាលនិងម្ដុំមុខ ដូច្នេះ គប្បីនាំកុមារទៅពិនិត្យជំងឺភ្លាមដើម្បីបង្ការការឆ្លងរាលដាលនិងប្រែជាធ្ងន់ធ្ងរ៕
យ្វីអាញ - ថាច់ធី