ក្នុងរដូវទឹកឡើង កសិករនៅស្រុកហុងយឹង ខេត្តបាកលីវ អនុវត្តទម្រង់ចិញ្ចឹមត្រីជាច្រើន បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងទទួលបានប្រាក់ចំណូលបន្ថែមក្នុងពេលទំនេរ។
កសិករខេត្តបាកលីវ ប្រមូលផលត្រីនៅរដូវទឹកឡើង។
ឆ្លៀតពេលរដូវទឹកឡើង កសិករនៅឃុំនិញក្វើយ ស្រុកហុងយឹង អនុវត្តទម្រង់ចិញ្ចឹមបំប៉នត្រីស្រែ។ បងស្រីហ្វិញធីម៉ាយ នៅឃុំនិញក្វើយ ឱ្យដឹង៖ “ដោយសារទីនេះជាដីទំនាប ទើបទឹកជន់ឡើងខ្ពស់ក្នុងរដូវសម្រក។ ដូច្នេះ ពេលប្រមូលផលស្រូវរួចលុះដល់រដូវទឹកឡើងចូលមក ប្តីប្រពន្ធខ្ញុំទប់ទំនប់ជុំវិញដីស្រែ៥កុង ហើយជីកស្រះមួយដើម្បីចិញ្ចឹមត្រីស្រែគ្រប់ប្រភេទ ដូចជា៖ ត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្ដែង... និងដាំព្រលិត។ ជាមួយនឹងរបៀបធ្វើនេះ ក្នុងរដូវទឹកឡើងខ្ញុំរកបានប្រាក់ចំណូលពីការលក់ត្រីជាង១០ លានដុង”។ ក្រៅពីទម្រង់ចិញ្ចឹមត្រីស្រែ កសិករជាច្រើននៅនិញក្វើយ ថែមទាំងឆ្លៀតទាញយកផលពីប្រភពទឹកសាបលើផ្ទៃទឹកទន្លេខួបប្រាំងវស្សា ដើម្បីចិញ្ចឹមត្រីក្នុងសំណាញ់។ ប្រភេទត្រីដែលកសិករចិញ្ចឹមភាគច្រើន ដូចជា ត្រីក្រាញ់ ត្រីផ្ទក់ និងត្រីស្លាត ហើយប្រភពចំណីរបស់វាគឺត្រីស្រែនិងខ្យងក្នុងរដូវទឹកឡើង។ លោកដាំងវ៉ាន់ញើង គឺជាគ្រួសារមួយដែលចិញ្ចឹមត្រីក្នុងសំណាញ់លើដងទន្លេមានប្រសិទ្ធភាព។ លោកញើង ឱ្យដឹង៖ “ឆ្នាំនេះ ខ្ញុំចិញ្ចឹមត្រីស្លាត ៦.០០០ ក្បាល ក្នុងសំណាញ់លើដងទន្លេ។ ចំណីត្រីសំខាន់ គឺប្រើប្រាស់ត្រីរំកាច់រំកោចនិងខ្យង ហើយចំណាយដើមទុនតិច ប៉ុន្តែផ្តល់ប្រាក់ចំណូលខ្ពស់។ ជាធម្មតាខ្ញុំចិញ្ចឹមត្រីស្លាត ១.០០០ ក្បាល រយៈពេលពី ៤-៦ ខែនឹងប្រមូលផល រកបានប្រាក់ចំណេញពី ២-៣ លានដុង។ អាស្រ័យហេតុនេះ គ្រួសារមានប្រាក់ចំណូលបន្ថែម លំនឹងជីវភាព។
កសិករខេត្តបាកលីវ អភិវឌ្ឍន៍ទម្រង់ចិញ្ចឹមបំប៉នត្រីស្រែនៅរដូវទឹកឡើង។
តាមប្រសាសន៍លោក វ៉ញឺអ៊ី ប្រធានគណៈកម្មាធិការប្រជាជនឃុំនិញក្វើយ ក្រៅពីការបង្កបង្កើនផលស្រូវ គឺលើភូមិសាស្ត្រឃុំនៅទាំងអភិវឌ្ឍទម្រង់ចិញ្ចឹមត្រីស្រែ ពិសេសគឺការចិញ្ចឹមត្រីក្នុងសំណាញ់។ ទម្រង់នេះពង្រីកបានប្រសិទ្ធភាព ជួយកសិករជាច្រើនរកបានប្រាក់ចំណូលបន្ថែមក្នុងពេលទំនេរ។ ទន្ទឹមនឹងនោះ ទម្រង់ចិញ្ចឹមត្រីក្នុងសំណាញ់និងចិញ្ចឹមបំប៉នត្រីស្រែក្នុងរដូវទឹកឡើង ថែមទាំងជាទម្រង់ផលិតកម្ម “ធម្មជាតិ” នៅពេលទឹកជន់ឡើងស្រែនិងនាំមកប្រសិទ្ធភាពទ្វេដងដល់កសិករ។ ព្រោះទម្រង់នេះ មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ នៅទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការទាញយកផល និងការពារប្រភពជលផលទៀតផង៕
យ៉ីអាញ-ត្រឹងរ៉ូន