អង្គសិក្ខាសាលា ស្តីពី “វិធានការលើកកម្ពស់ប្រសិទ្ធភាព ផលិតកសិកម្មចីរភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ” រៀបចំដោយមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ សហការជាមួយអង្គការអភិរក្សធម្មជាតិពិភពលោក (WWF)។ ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនាញកសិកម្មតំបន់វាលរាបទន្លេគឺវឡុង និងខេត្តនានាតំបន់ជ្រោយកាម៉ាវ (កាម៉ាវ គៀងយ៉ាង និងសុកត្រាំង) ក្នុងអង្គសិក្ខាសាលាបានលើកឡើងនូវវិធានការសំខាន់ៗជាច្រើន សម្រាប់ការអភិវឌ្ឍទម្រង់ប្រកបដោយចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ។
ទម្រង់ចិញ្ចឹមបង្កង-ស្រូវខេត្តបាកលីវ រកបានប្រាក់ចំណូលខ្ពស់ បើបៀបធៀបនឹងការផលិតស្រូវតែមួយមុខ។
តាមប្រសាសន៍លោក ង្វៀងទ្រុងហ៊ីវ នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តបាកលីវ ឧត្តមភាពរបស់ខេត្តគឺបង្កងនិងស្រូវ។ ឆ្នាំ ២០០១ កសិករបាកលីវបានអនុវត្តទម្រង់ចិញ្ចឹមបង្កង-ស្រូវ សម្រេចប្រសិទ្ធភាពខ្ពស់បើប្រៀបនឹងការផលិតស្រូវតែមួយមុខ។ ផ្ទៃដីផលិតកម្ម បានកើនឡើងជាលំដាប់ ផ្តើមពី ៥.៨៥១ ហិកតា មកទល់បច្ចុប្បន្ន កើនឡើងជាង ៤៦.០០០ ហិកតា។ ទម្រង់ចិញ្ចឹមបង្កង-ស្រូវត្រូវបានចាត់ទុកថា មានប្រសិទ្ធភាព ចីរភាព នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ផ្តល់ប្រាក់ចំណូលខ្ពស់ជាងពី១៥-៣០% បើប្រៀបធៀបនឹងការផលិតស្រូវតែមួយមុខ; មានអាជីវកម្មជាច្រើនបានអនុវត្តចងសម្ព័ន្ធការផលិតជាមួយសហករណ៍ ក្រុមសហការផលិតនិងកសិករក្នុងការផលិតចិញ្ចឹមបង្កងជ្រះ ជីវបរិស្ថាន ស្រូវក្រអូបគុណភាពខ្ពស់។ល។ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ គឺអភិវឌ្ឍន៍ទម្រង់ចិញ្ចឹមបង្កង-ស្រូវ កើនឡើង៦០.០០០ ហិកតា។ ទន្ទឹមនឹងនោះ ខេត្តកំណត់ច្បាស់ការអភិវឌ្ឍកសិកម្ម គឺអនុវត្តមានប្រសិទ្ធភាព រៀបចំរចនាសម្ព័ន្ធឡើងវិញវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទសេដ្ឋកិច្ចកសិកម្ម ផ្សារភ្ជាប់នឹងការកសាងជនបទថ្មីតាមទិសដៅកសិកម្ម បៃតង កសិកម្មទំនើប។
កសិករបាកលីវកំពុងប្រមូលផលបង្កងចិញ្ចឹមក្នុងស្រែ។
យោងតាមនាយកដ្ឋានជលផលខេត្តកាម៉ាវ ខេត្តមានផ្ទៃដីចិញ្ចឹមបង្កងប្រមាណ ២៨០.០០០ ហិកតា បច្ចុប្បន្ន ការចិញ្ចឹមបង្កងគឺជារបរសំខាន់របស់កសិករក្នុងខេត្ត; បរិមាណផលបង្កងកើនឡើងមធ្យមភាពជារៀងរាល់ឆ្នាំពី ៦-៨% ឆ្នាំ២០២៣ បរិមាណផលបង្កងសម្រេចជិត ២៣០.០០០ តោន។ ចំណុចខុសគ្នានៃការចិញ្ចឹមបង្កងនៅកាម៉ាវ បើធៀបនឹងខេត្តផ្សេងៗ គឺពិពិធកម្មអំពីទម្រង់ចិញ្ចឹមផ្សារភ្ជាប់នឹងតំបន់ព្រៃលិចទឹកចូលជ្រៅទៅក្នុងភូមិសាស្ត្រ គឺតំបន់ចិញ្ចឹមបង្កង។ ផ្តើមពីនោះ ទម្រង់ព្រៃឈើ-បង្កងត្រូវបានបង្កើតឡើង គួបផ្សំនឹងផលិតផលបង្កងប្រកបដោយលក្ខណៈជីវបរិស្ថាន ដូច្នេះ កសិករគ្រាន់តែព្រលែងពូជបង្កងប៉ុណ្ណោះ បង្កងនឹងធំធាត់ផ្អែកលើប្រភពចំណីធម្មជាតិ។ នេះត្រូវបានចាត់ទុកជាទម្រង់ដែលបានក្រុមអ្នកវិទ្យាសាស្ត្រ វាយតម្លៃប្រកបដោយលក្ខណៈចីរភាពខ្ពស់។
ការចិញ្ចឹមបង្កងក្នុងព្រៃជីវបរិស្ថាន គឺជាទម្រង់មួយអាចឆ្លើយតបបាន ២ ទិសដៅ គឺទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងការការពារជីវបរិស្ថាន ដើម្បីឆ្ពោះទៅរករបរវារីវប្បកម្មប្រកបដោយចីរភាព សម្របនឹងការប្រែប្រួលអាកាសធាតុដូចបច្ចុប្បន្ន។ សព្វថ្ងៃ នៅខេត្តកាម៉ាវមានព្រៃលិចទឹកប្រមាណ ៨០.០០០ ហិកតា ក្នុងនោះ មានផ្ទៃដីចិញ្ចឹមបង្កងក្រោមម្លប់ព្រៃឈើចំនួន ៣០.០០០ ហិកតា។ បច្ចុប្បន្ន មានផ្ទៃដីជាង២០.០០០ ហិកតាបានទទួលស្គាល់សម្រេចស្តង់ដារអន្តរជាតិ ដូច៖ Naturland, EU Organic, ASC, BAP…។
ផ្តើមពីស្ថានភាពនៃការផលិតរបស់ភូមិភាគ ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមអ្នកគ្រប់គ្រងផ្នែកកសិកម្មនិងកសិករនៅភូមិភាគនានាក្នុងខេត្ត ក្រុងតំបន់វាលរាបទន្លេគឺវឡុង បានចែករំលែកបទពិសោធន៍ និងលើកឡើងនូវវិធានការជាច្រើនសម្រាប់ការអភិវឌ្ឍទម្រង់ផលិតស្រូវ-បង្កង និងទម្រង់ចិញ្ចឹមបង្កង-ព្រៃឈើ ផ្សារភ្ជាប់នឹងការអភិវឌ្ឍប្រកបដោយចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ-មុនី