04/11/2024 - 15:07

ហេតុ​អ្វី​គប្បី​ស្តាប់​ចម្រៀង​ក្រោយ​ពីវះ​កាត់ ? 

ថ្មីៗ​នេះ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​បាន​រក​ឃើញ ការ​ស្តាប់​ចម្រៀង​ជួយ​ដល់​អ្នក​ជំងឺ​ដែល​ទើប​ឆ្លង​កាត់​ការ​វះ​កាត់ កាត់​បន្ថយ​បាន​ការ​បារម្ភ ឈឺ​ចាប់​និង​រួម​ទាំង​សម្រួល​ដល់​ចង្វាក់​បេះ​ដូង​ផង ផ្តើម​ពី​នោះ ជួយ​ដល់​ដំ​ណាក់​កាល​ស្តារ​សុខ​ភាព​ឡើង​វិញ។

ស្តាប់​ចម្រៀង​ជា​ការ​លម្ហែ​អា​រម្មណ៍​សម្រួល​ស្មារតី​ដល់​អ្នក​ជំងឺ​ក្រោយ​ពីវះ​កាត់។
រូប៖ Earth.com

ដើម្បី​ឈាន​ដល់​ការ​សន្និ​ដ្ឋាន​ខាង​លើ ក្រុម​អ្នក​ឯក​ទេស​នៃ​សា​កល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ California Northstate បាន​ធ្វើ​ការ​វិភាគ​លើ​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ការ​ស្រាវ​ជ្រាវ​ចំ​នួន​៣៥ អំ​ពី​ចម្រៀង​និង​ឥទ្ធិ​ពល​របស់​វា​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ក្រោយ​ពីវះ​កាត់។ ការ​ស្រាវ​ជ្រាវ​ខាង​លើ​បាន​ផ្ដល់​ទិន្ន​ន័យ​ពី​សុខ​ភាព ក្រោយ​ពី​ការ​វះ​កាត់​របស់​អ្នក​ជំងឺ រួម​មាន​ស្ថាន​ភាព​ឈឺ​ចាប់​និង​ព្រួយ​បារម្ភ ក៏​ដូច​ជា​រាល់​វិធាន​ការ​អន្ត​រា​គមន៍​ដល់​ចង្វាក់​បេះ​ដូង និង​ការ​ប្រើ​ប្រាស់​ថ្នាំ​បំ​បាត់​ឈឺ opioid។ លទ្ធ​ផល​នៃ​ការ​វិភាគ​ចុង​ក្រោយ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ស្តាប់​ចម្រៀង​ក្រោយ​ពី​ធ្វើ​ការ​វះ​កាត់​ផ្តល់ឥទ្ធិ​ពល​គួរ​ឱ្យ​កត់​សម្គាល់​ចំ​ពោះ​អ្នក​ជំងឺ​ក្នុង​រយៈ​ពេល​ស្ដារ​សុខ​ភាព។

ជាក់​ស្តែង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អ្នក​ជំងឺ​ដែល​មិន​បាន​ស្តាប់​ចម្រៀង​នៅ​ថ្ងៃ​ដំ​បូង​ក្រោយ​ពីវះ​កាត់ អ្នក​ជំងឺ​ដែល​បាន​ស្តាប់​ចម្រៀង​អាច​កាត់​បន្ថយ​កម្រិត​ឈឺ​ចាប់​ក្រោយ​ពី​វះ​កាត់ស្មើ​នឹង​១៩% យោង​តាម​តា​រាង​តួលេខ និង​កាត់​បន្ថយ៧% យោង​តាម​តួ​លេខ​សង្កេត (VAS)។ កម្រិត​នៃ​ការ​បា​រម្ភ​របស់​អ្នក​ជំងឺ​ដែល​ស្តាប់​ចម្រៀង​ក៏​កាត់​បន្ថយ​៣% ក្នុង​តារាង​តួ​លេខ​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​នៃ​កម្រិត​បារម្ភ (STAI)។

ទន្ទឹម​នឹង​នោះ ក្រុម​ស្តាប់​ចម្រៀង​ដែល​បាន​ប្រើ​ប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ morphine តិច​ជាង​ក្រុម​ដែល​មិន​បាន​ស្តាប់​ចម្រៀងកម្រិត​មធ្យម​គឺ ០,៧៥៨mg បើ​ប្រៀប​ធៀប​នឹង​១,៦៥៤​mg។ ក្រុម​ស្តាប់​ចម្រៀង​ក៏​មាន​ចង្វាក់​បេះ​ដូង​លោត​ស្មើ​ជាង។ តាម​ដែល​បាន​ដឹង​ការ​រក្សា​ចង្វាក់​បេះ​ដូង អ្នក​ជំងឺ​ក្នុង​វិសាល​ភាព​ល្អ​ប្រ​សើរ ជួយ​លើក​ស្ទួយ​ដំ​ណាក់​កាល​ស្តារ​សុខ​ភាព​ឡើង​វិញ ជួយ​សម្រួល​ឱ្យ​អុក​ស៊ី​ហ្សែន និង​សារ​ធាតុ​ចិញ្ចឹម​ធ្វើ​ចរា​ចរ​មាន​ប្រ​សិទ្ធ​ភាព​សព្វ​រាង​កាយ ពិសេស​គឺ​ដល់​តំបន់​ដែល​ធ្វើ​ការ​វះ​កាត់។ ចំ​ណែក​ចង្វាក់​បេះ​ដូង​លោត​ញាប់ (ជាង​១០០​ដង​/នាទី) ងាយ​នឹង​ធ្វើ​ឱ្យ​ស្ថាន​ភាព​ចង្វាក់​បេះ​ដូង​លោត​ខុស​ប្រក្រ​តី ដូច​ជា​ញាប់​ញ័រ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត​របស់​អ្នក​ជំងឺ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថែម​ទាំង​រក​ឃើញ​ការ​ស្តាប់​ចម្រៀង​ជួយ​កាត់​បន្ថយ​កម្រិត​អង្សា​អ័រ​ម៉ូន ដែល​បណ្តាល​ឱ្យ​មាន​ភាព​តាន​តឹង​ស្មារតី cortisol។ “ខណៈពេ​ល​អ្នក​ជំងឺ​ដឹង​ខ្លួន​ឡើង​វិញ​ក្រោយ​ពីវះ​កាត់ ពេល​ខ្លះ​ពួក​គាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ហើយ​មិន​ដឹង​ថា​ខ្លួន​កំ​ពុងនៅ​ទី​កន្លែង​ណា។ ដូច្នេះ ស្តាប់​ចម្រៀង​អាច​នឹង​ជួយ​ឱ្យ​ពួក​គាត់​ងាយ​ផ្លាស់​ប្ដូរ​ពី​ដំ​ណាក់​កាល​ទើប​ដឹង​ខ្លួន មក​ដំ​ណាក់​កាល​ធម្ម​តា​ឡើង​វិញ ក៏​ដូច​ជា​អាច​នឹង​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ស្មារតី​ក្នុង​ដំ​ណាក់​កាល​ដែល​ផ្លាស់​ប្តូរ​នោះ” អ្នក​ឯក​ទេស Eldo Frezza សមិទ្ធិ​ករស្រាវ​ជ្រាវ ពន្យល់​ដូច្នេះ។

មុន​ពេល​រក​ឃើញ​ភាព​វិជ្ជ​មាន​ខាង​លើ ក្រុម​អ្នក​ស្រាវ​ជ្រាវ​អំ​ណះ​អំ​ណាង៖ ការ​ស្តាប់​ចម្រៀងអាច​នឹង​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​មួយ​និង​ប្រិត​សំ​ចៃ​ថវិកា ដើម្បី​បង្កើន​សមត្ថ​ភាព​ធ្វើ​ឱ្យ​សុខ​ភាព​ល្អ​ឡើង​វិញ​ដល់​អ្នក​ជំងឺ​ក្រោយ​ពីវះ​កាត់៕

     កា​សែត​កឹង​ធើ - ប្រែ​សម្រួល៖ លីសៀ

ចែករំលែកអត្ថបទ