ខេត្តត្រាវិញ កំពុងលើកទឹកចិត្តដល់កសិករពង្រីកផ្ទៃដីដាំដូងតាមទិសដៅសរីរាង្គ ជំរុញសកម្មភាពដំណើរការពាណិជ្ជកម្មនិងចងសម្ព័ន្ធជាមួយអាជីវកម្ម ដើម្បីបង្កើតផលិតផលបម្រើទីផ្សារក្នុងប្រទេស និងឆ្លើយតបទៅនឹងតម្រូវការនៃលក្ខខណ្ឌនាំចេញ។
ចម្ការដូងសរីរាង្គរបស់បង ផាមហាយត្រេវ នៅឃុំហ្វៀងហោយ ស្រុកកាងឡុង។
ដើម្បីទាញយកឧត្តមភាពនៃដំណាំដូង ចាប់ពីឆ្នាំ ២០២១ ខេត្តត្រាវិញ បានលើកទឹកចិត្តកសិករអនុវត្តតាមបែបផលិតជឿនលឿន ស្របតាមស្តង់ដារសរីរាង្គ បំពេញតាមស្តង់ដារ អឺរ៉ុប - UE, អាមេរិក - USDA, ជប៉ុន - JAS, អូស្ត្រាលី - ACO, GlobalGAP ។ល។ មកទល់នឹងបច្ចុប្បន្ន ខេត្តបានពង្រីកផ្ទៃដីដាំដូងជិត ២៧.៤០០ ហិកតា ដោយមានផ្ទៃដីដាំដូងប្រមាណជាង ២០.០០០ ហិកតាកំពុងផ្តល់ផ្លែ បរិមាណផលសម្រេច ៣,៩ លានតោន/ឆ្នាំ ក្នុងនោះ ដូងសរីរាង្គមានប្រមាណ ៥.១០០ ហិកតា។ ផ្ទៃដីដាំដូងសរីរាង្គកំពុងបានអាជីវកម្ម សហករណ៍ សហការដាំនិងប្រមូលទិញ ក្នុងតម្លៃខ្ពស់ជាងដូងធម្មតាពី១០-១៥%។ បច្ចុប្បន្ន មានផ្ទៃដីដាំដូងជាង ១.២៤០ ហិកតា ឆ្លើយតបតម្រូវការពិនិត្យភូតគាមអនាម័យរុក្ខជាតិសម្រាប់ដូងខ្ចីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។
តំបន់ជំនាញដាំដូងសរីរាង្គនៅខេត្តត្រាវិញ។
ខេត្តត្រាវិញ ដាក់ទិសដៅដល់ឆ្នាំ ២០២៥ ពង្រីកផ្ទៃដីដាំដូងអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីបង្កើនទិន្នផលដូងសម្រេចប្រមាណ ១៦ តោន/ហិកតា/ឆ្នាំ ហើយដូងដាំតាមទិសដៅសរីរាង្គមានតិចបំផុត ៨.០០០ ហិកតា ក្នុងនោះ មាន ៦.០០០ ហិកតាបានទទួលស្គាល់សម្រេចស្តង់ដារអន្តរជាតិ។ យោងតាមនោះ គណៈកម្មាធិការប្រជាជនខេត្ត បានចង្អុលការដល់ផ្នែកសមត្ថកិច្ចធ្វើការណែនាំ បង្កលក្ខណសម្បត្តិដល់អង្គការ បុគ្គលបានបង្ខិតជិតគោលនយោបាយរបស់មជ្ឈិមនិងខេត្តក្នុងការផលិត ធ្វើអាជីវកម្ម ជំរុញសកម្មភាពដំណើរការពាណិជ្ជកម្ម ពង្រីកទីផ្សារប្រើប្រាស់ ពិសេសគឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្វែងរកឆាណែលលក់ទំនិញតាមអនឡាញ ដើម្បីផ្សព្វផ្សាយផលិតផលពិសេសរបស់ខេត្តត្រាវិញដល់អតិថិជនក្នុងនិងក្រៅប្រទេស។
ទន្ទឹមនឹងការពង្រីកផ្ទៃដីចម្ការដូងសរីរាង្គ ដូងខ្ទិះក៏កំពុងបានខេត្តជំរុញដំណើរការឧបត្ថម្ភ លើកទឹកចិត្តកសិករពង្រីកការបង្កបង្កើនផល។ មកទល់នឹងពេលនេះ ទូទាំងខេត្តមានផ្ទៃដីដាំដូងខ្ទិះជាង ១.០០០ ហិកតា ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្តល់វិញ្ញាបនបត្រទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រ និងសម្ព័ន្ធសមាគមដូងវៀតណាម ទទួលស្គាល់ “ដូងខ្ទិះដាំនៅខេត្តត្រាវិញជាដំណាំដូងវៀតណាម”។ ក្នុងចំណោមផលិតផលច្នៃចំណីអាហារធ្វើពីដូងខ្ទិះមាន ៨ ផលិតផលសម្រេច OCOP លំដាប់ផ្កាយ ៤ និងផ្កាយ ៥ ត្រូវបានប្រើប្រាស់ទូលំទូលាយលើទីផ្សារក្នុងប្រទេសនិងនាំចេញទៅបរទេស។
ប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដំណាំដូងបច្ចុប្បន្នគឺជាដំណាំមួយប្រភេទនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កសិករត្រាវិញ។ ខេត្តដាក់ទិសដៅដល់ឆ្នាំ ២០៣០ នឹងពង្រីកផ្ទៃដីដាំដូងកើនឡើង ៣០.០០០ ហិកតា ផ្ទៃដីដាំដូងខ្ទិះរក្សាលំនឹង ១.០០០ ហិកតា និងមានសហគ្រាសតិចបំផុតចំនួន ៣ ចងសម្ព័ន្ធជាមួយក្រុមសហការផលិត សហករណ៍និងគ្រួសារប្រជាជនដាំដូងខ្ទិះ ដើម្បីបង្កើតតំបន់វត្ថុធាតុដើមបម្រើការកែច្នៃនិងប្រើប្រាស់សង្វាក់ផលិតផលដូងខ្ទិះមានតម្លៃបន្ថែមខ្ពស់ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងនិងក្រៅប្រទេស៕
យោង៖ VOV-មុនី