តាមប្រសាសន៍លោក លឺវវ៉ាន់យ៉ូវ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងវីថាញ ខេត្តហូវយ៉ាង ក្រុងវីថាញ តែងអនុវត្តល្អនូវគោលមាគ៌ារបស់បក្សអំពីការយកចិត្តទុកដាក់ដល់ការអប់រំជនរួមជាតិភាគតិច ដូច្នេះ គុណភាពនៃការអប់រំត្រូវបានលើកកម្ពស់ជាបណ្តើរៗ ឆ្លើយតបតាមតម្រូវការអភិវឌ្ឍរួមរបស់ក្រុង។
ម៉ោងរៀនរបស់ប្អូនៗកុមារ សាលាមត្តេយ្យហ្វាហុង។ រូប៖សហការីផ្តល់ជូន
បច្ចុប្បន្នក្រុងវីថាញ មានសាលារៀនសម្រេចបទដ្ឋានជាតិ២៧/៣០ស្មើនឹង៩០% នៃចំនួនសាលារៀនទាំងអស់។ គ្រប់ទីតាំងសាលារៀនដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ត្រូវបានវិនិយោគសាងសង់តាមទិសដៅរឹងមាំ និងបានបំពាក់គ្រឿងឧបករណ៍សម្រាប់បង្រៀននិងរៀនសព្វគ្រប់។ ការងារលុបបំបាត់អក្ខរកម្ម ឧត្តានកម្មអប់រំបឋមសិក្សានិងអនុវិទ្យាល័យនៅបណ្ដាភូមិភាគតំបន់ជនរួមជាតិភាគតិចសុទ្ធតែសម្រេចបទដ្ឋាន។ ក្រុងវីថាញ មានសិស្សជនជាតិខ្មែរប្រមាណ៧៥០នាក់ ក្នុងនោះ មានសិស្ស២៦១នាក់ បានរៀនអក្សរខ្មែរនៅតាមសាលាបឋមសិក្សាប៊ូយធីស្វឹង សាលាបឋមសិក្សាហ៊ីមឡាម សាលាបឋមសិក្សាង្វៀងវ៉ាន់ត្រោយ សាលាបឋមសិក្សាវ៉ធីសាវ។ ជារៀងរាល់ឆ្នាំ សាលាបានកៀរគរសិស្សមានកម្រិតអាយុពី៦ឆ្នាំដល់ ១៤ឆ្នាំចូលរៀនសម្រេច១០០% សិស្សជនជាតិភាគតិចក្រីក្រទាំងអស់បានជំនួយថវិកា យោងតាមអនុក្រឹត្យលេខ ៨៦/QĐ-TTg ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួយសម្រាប់ប្អូនៗទៅរៀន។ ទន្ទឹមនឹងការគិតគូរដល់សិស្សជនជាតិភាគតិច ក្រុងវីថាញ ក៏ផ្តោតការយកចិត្តទុកដាក់ដល់ការលើកកម្ពស់គុណភាពគ្រូបង្រៀន ដើម្បីបង្រៀនបានល្អ ពិសេសគឺគ្រូបង្រៀនជនជាតិភាគតិច។ បច្ចុប្បន្ន ក្រុងមានកម្មាភិបាល គ្រូបង្រៀន១.០៦៥នាក់ ក្នុងនោះ មានកម្មាភិបាល គ្រូបង្រៀនជាជនជាតិភាគតិច៤៧នាក់។
តួយ៉ាងដូចជាសាលាបឋមសិក្សាប៊ូយធីស្វឹង ក្រុងវីថាញ ជាសាលារៀនមួយក្នុងចំណោមសាលារៀនទាំង៤ ដែលមានសិស្សជនជាតិភាគតិចរៀនច្រើន។ នេះគឺជាសាលាមួយក្នុងចំណោមសាលាទាំងឡាយដែលអាទិភាពសាងសង់សម្រេចបទដ្ឋានជាតិរបស់ក្រុង។ ចាប់តាំងពីសម្រេចបទដ្ឋានជាតិ គុណភាពនៃការអប់រំទូទៅរបស់សាលាកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបង្កបានទំនុកចិត្តពីសំណាក់អាណាព្យាបាលសិស្ស។ បងយ័ញថាញ នៅក្រុងវីថាញ រៀបរាប់៖ “ឥឡូវនេះ រដ្ឋបានសាងសង់សាលារៀនយ៉ាងស្អាតនិងរឹងមាំ ដូច្នេះ កូនចៅទៅរៀនមានភាពងាយស្រួល យើងខ្ញុំជាឪពុកម្តាយក៏ស្ងប់អារម្មណ៍”។
តាមប្រសាសន៍លោកស្រី ត្រឹងធីហ្វៀង អនុប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ផ្នែកអប់រំតែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលកងជួរកម្មាភិបាល បញ្ញវន្តជាជនជាតិភាគតិច ដូច្នេះ តែងពង្រឹងនិងរក្សាការងារឧត្តានកម្មអប់រំនៅតាមទីតាំងសាលាដែលមានសិស្សជនជាតិភាគតិចច្រើន។ ទន្ទឹមនឹងនោះ ក៏ផ្ដោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់កូនចៅជនរួមជាតិភាគតិចក្នុងកម្រិតអាយុបានចូលរៀន និងធ្វើយ៉ាងណាមិនឱ្យប្អូនៗឈប់រៀនពាក់កណ្ដាលការដោយសារស្ថានភាពក្រលំបាក។ ផ្តើមពីនោះ រួមចំណែកអនុវត្តល្អនូវការងារបណ្ដុះបណ្ដាលកងជួរកម្មាភិបាលជនជាតិភាគតិចនៅមូលដ្ឋាន សំដៅឆ្លើយតបតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើភូមិសាស្រ្ត៕
ហាថាញ-ត្រឹងរ៉ូន