អស់រយៈកាលជាង ១៣ ឆ្នាំ ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី មកទល់ពេលនេះ ឃើញថាមុខមាត់ជនបទស្រុកចូវថាញ់ ខេត្តសុកត្រាំង កាន់តែមានភាពសមរម្យ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។
ផ្លូវគមនាគមន៍ជនបទរបស់ស្រុកចូវថាញ់ ត្រូវបានវិនិយោគកសាងមានភាពសមរម្យ។
ស្រុកចូវថាញ់ មានជនរួមជាតិខ្មែររស់នៅជាង ៤៧% ទន្ទឹមនឹងការផ្សព្វផ្សាយ អនុវត្តកម្មវិធីកសាងជនបទថ្មី ស្រុកនៅទាំងបានវិនិយោគកម្មវិធី គម្រោងពិសេសដោយឡែកជាច្រើន ដើម្បីអភិឌ្ឍតំបន់ជនរួមជាតិខ្មែរ។ ពិសេស គឺកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ តាមប្រសាសន៍លោក ត្រឿងវ៉ាន់ដៀង ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឱ្យដឹង៖ ទូទាំងស្រុកមាន ៧/៧ ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មាន២ឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងទីប្រជុំជនចូវថាញ់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ។ បច្ចុប្បន្ន ស្រុកបានបំពេញបែបបទរួចរាល់ ដើម្បីដាក់ស្នើទៅមជ្ឈិមទទួលស្គាល់ស្រុកសម្រេចបទដ្ឋានជនបទថ្មី។
អនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ ត្រូវបានវិនិយោគ
កសាងសម្រេចបទដ្ឋានជាតិ។
បច្ចុប្បន្ន ដងផ្លូវក្នុងឃុំទាំងអស់ ត្រូវបានក្រាលកៅស៊ូនិងចាក់បេតុងរួចរាល់ ធានារថយន្តបើកទៅមកងាយស្រួល; ប្រព័ន្ធធារាសាស្ត្រធានាមានទឹកស្រោចស្រពគ្រប់គ្រាន់; ប្រជាជនមានអគ្គិសនីប្រើប្រាស់ជាង៩៩%; មានសាលារៀន ៣០/៣១ សម្រេចបទដ្ឋានជាតិកម្រិត១; ដំណាក់សុខាភិបាលឃុំ ១០០% សម្រេចបទដ្ឋានជាតិអំពីសុខាភិបាល។ល។ លោកឡឹមអន នៅភូមិតាឃ្វិច ឃុំធ្វឹងហ្វា ឱ្យដឹង៖ “ខ្ញុំឆ្នាំនេះអាយុ ៨២ ឆ្នាំ ទើបឃើញតំបន់ជនបទមានភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សបែបនេះ បំផុតគឺផ្លូវជនបទត្រូវបានវិនិយោគ បង្កើនកម្រិតបើកទូលាយ រថយន្តបើកដល់ផ្ទះ សងខាងផ្លូវមាមីងដាំផ្កាលម្អ ដាក់អំពូលភ្លើងបំភ្លឺផ្លូវ ដូច្នេះ ធ្វើឱ្យមុខមាត់តំបន់ជនបទភ្លឺ បៃតង ជ្រះ ស្អាត សាលារៀន ដំណាក់សុខាភិបាលត្រូវបានវិនិយោគកសាងរឹងមាំ អគ្គិសនី ទឹកស្អាតតភ្ជាប់ដល់ផ្ទះ។ល។ ពិសេស មាមីងខ្មែរយកចិត្តទុកដាក់គិតគូរឱ្យកូនចៅរៀនសូត្របានត្រឹមត្រូវ ចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ដាំដុះ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ”។ ចំណែកបងស្រី លីធីថាញស្វឹង នៅឃុំភូតឹង ឱ្យដឹង៖ “តាំងពីបានទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មី ផ្លូវគមនាគមន៍នៅភូតឹង បានវិនិយោគកសាងសម្រេចរួចរាល់ ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅវត្ត សហករណ៍តម្បាញ ចម្ការដើមទម្លាប់ ។ល។ ទើបការលក់ដូរមានភាពងាយស្រួលដូច្នេះ។ ពេលផ្លែទម្លាប់បានទទួលស្គាល់សម្រេចផលិតផល OCOP នឹងលក់បានថ្លៃជាង។ ក្រៅពីនោះ មាមីងខ្មែរក្រីក្របានរដ្ឋឧបត្ថម្ភទុន ពង្រីកសេដ្ឋកិច្ច ដូច្នេះ មាមីងអ្នកណាក៏ខំប្រឹងធ្វើការរកស៊ី មានជីវភាពល្អប្រសើរជាងមុនច្រើន”។
លោក ត្រឿងថាញដៀង ឱ្យដឹងបន្ថែម៖ “ស្រុកអនុវត្តការកសាងជនបទថ្មីសម្រេចរួចរាល់ ជាមួយលទ្ធផលនៃការស្រង់មតិពេញចិត្តរបស់គ្រួសារ ប្រជាជនសម្រេចជាង៩៨% ។ ក្នុងនោះ អនុវត្តការកសាងជនបទថ្មី ស្រុកក៏បានរវាសរវៃក្នុងការផ្សព្វផ្សាយផ្គួបបញ្ចូលកម្មវិធីទិសដៅជាតិចំនួន៣ រួមមាន៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ សរុបប្រភពទុនអនុវត្តកម្មវិធីកសាងជនបទថ្មីរបស់ស្រុក គឺជាង ២.៤៤៨ ពាន់លានដុង។ លទ្ធផលទាំងនោះ រឹតតែបញ្ជាក់ច្បាស់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនពង្រីកបានល្អនូវស្មារតីសាមគ្គី ព្រួតដៃកសាងជនបទថ្មី៕
យ្វីអាញ-មុនី