ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង មានសិស្សជនជាតិខ្មែរច្រើនកុះករ ម្ល៉ោះហើយទទួលបាននូវគោលនយោបាយអាទិភាពដាច់ដោយឡែកជាច្រើនដើម្បីអភិវឌ្ឍការអប់រំ។
អ្នកគ្រូនិងសិស្សសាលាមត្តេយ្យតឹងមី រួមគ្នាផាត់ពណ៌អក្សរក្រោយពីបើកវគ្គ
ឆ្នាំសិក្សាថ្មី ២០២៤-២០២៥។ រូប៖ ដោយសហការី
តាមប្រសាសន៍លោក ង្វៀងង៉ុកខ្វាង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រាអូង ជាឃុំលំបាកខ្លាំង ម្ល៉ោះហើយតឹងមីបានទទួលផលពីគោលនយោបាយអាទិភាពដាច់ដោយឡែកជាច្រើន។ ទន្ទឹមនឹងនោះ គឺការវិនិយោគអភិវឌ្ឍរួមរបស់ផ្នែកអប់រំទូទាំងខេត្ត។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំមកនេះ មូលដ្ឋានសម្ភារៈសាលារៀននៅឃុំនេះមានភាពសមរម្យ រឹងមាំតាមទិសដៅសម្រេចបទដ្ឋានជាតិ។
សាលាមត្តេយ្យតឹងមី បើកបវេសនកាលឆ្នាំសិក្សាថ្មី។ រូប៖ ដោយសហការី
ចំណុចលេចធ្លោនៅតឹងមីគឺការងាររៀបគម្រោងបណ្តុះបណ្តាល បំប៉នកងជួរគ្រូបង្រៀនជនជាតិខ្មែរសម្រេចបានប្រសិទ្ធភាពល្អប្រសើរ។ អ្នកគ្រូឡេធីធូត្រាង នាយិកាសាលាមត្តេយ្យតឹងមី ឱ្យដឹង៖ “បច្ចុប្បន្នសាលាមានសិស្សជនជាតិខ្មែរ ចំនួន១៦២នាក់ក្នុងចំណោមសិស្សទូទាំងសាលា សរុប៣២៨នាក់ ដោយឡែកសាខាសាលាកឹងថៃ មានសិស្សជនជាតិខ្មែរដល់ទៅ៩០%ឯណោះ។ អាស្រ័យហេតុនោះ ការងារបណ្តុះបណ្តាលគ្រូបង្រៀនជនជាតិខ្មែរត្រូវបានសាលាអនុវត្តជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នទូទាំងសាលាមានកម្មាភិបាលគ្រប់គ្រងនិងគ្រូបង្រៀនជនជាតិខ្មែរចំនួន១២នាក់។ ឆ្នាំសិក្សាកន្លង សាលាបានតែងតាំងនាយិការង១រូបជាជនជាតិខ្មែរ។ នាយិការងដែលបានតែងតាំងគឺអ្នកគ្រូហ្វិញធីង៉ុកត្រិញ។ អ្នកគ្រូត្រិញ ធ្លាប់បង្រៀននៅសាខាសាលាកឹងថៃ ម្ល៉ោះហើយយល់ច្បាស់ពីការលំបាកក្នុងការនិយាយភាសាវៀតរបស់សិស្សជនជាតិខ្មែរនៅពេលចូលរៀនដំបូង។ ហេតុដូច្នោះ អ្នកគ្រូបានបង្កើតគំនិតច្នៃប្រតិដ្ឋបទពិសោធន៍ “ជួយក្មេងៗថ្នឹកនឹងភាសាវៀត”។ គំនិតច្នៃប្រតិដ្ឋនេះមានប្រសិទ្ធភាពណាស់ ត្រូវបានសាលាជាច្រើនលើភូមិសាស្រ្តដែលមានសិស្សជនជាតិខ្មែរយកទៅអនុវត្តផងដែរ”។
តឹងមី ជាឃុំដំបូងដែលមានការរៀបចំបង្រៀនភាសាខ្មែរ គឺភាសាបរទេសជ្រើសរើសរៀននៅកម្រិតអនុវិទ្យាល័យ។ លោកគ្រូ ង្វៀងង៉ុកញឹក នាយកអនុវិទ្យាល័យតឹងមី ឱ្យដឹង៖ “សាលាតឹងមីមានសិស្សជនជាតិខ្មែរជាង៥០%និងមានគ្រូបង្រៀនជនជាតិខ្មែរ៨នាក់។ ដូច្នេះ កងជួរគ្រូបង្រៀនទាំងនេះមិនត្រឹមតែបង្រៀនមុខវិញ្ញាសាប៉ុណ្ណោះទេ ថែមទាំងជាជំនួយការដ៏សំខាន់ដល់សកម្មភាពអង្គការមហាជនរបស់សាលា អប់រំក្រៅកម្មវិធីសិក្សា សំដៅអភិវឌ្ឍបំណិនជីវិតដល់សិស្សានុសិស្សទៀតផង”។ មូលដ្ឋានសម្ភារៈត្រូវបានវិនិយោគកសាងព្រមៗគ្នា កងជួរគ្រូបង្រៀនអស់ពីចិត្ត យល់ច្បាស់ពីស្ថានភាពរបស់សិស្ស ម្ល៉ោះហើយ គុណភាពអប់រំទូទាំងឃុំត្រូវបានកើនឡើងជាលំដាប់ បង្កបាននូវទំនុកចិត្តដល់អាណាព្យាបាលសិស្ស។ បងថាច់តឹង នៅភូមិតាមង ឱ្យដឹង៖ “សព្វថ្ងៃកូនខ្ញុំគ្រប់អាយុចូលរៀន គឺបានបញ្ជូនទៅសាលារៀន មិនចាំបាច់គ្រូបង្រៀនមកដល់ផ្ទះចលនាដូចមុនទៀតទេ”។
តាមប្រសាសន៍លោក ង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី បើប្រៀបនឹងពីមុន ការអប់រំនៅតឹងមីរីកចម្រើនខ្លាំង ចាប់ពីមូលដ្ឋានសម្ភារៈរហូតដល់គ្រូបង្រៀន។ អាស្រ័យហេតុនោះ គុណភាពអប់រំទូទាំងឃុំក៏បានកើនឡើង មិនមានគម្លាតបើប្រៀបជាមួយអង្គភាពនៅមជ្ឈមណ្ឌលស្រុក ទីរួមខេត្តទៀត៕
ហាថាញ-លីសៀ