សាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិ ចំណុះមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ សហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកើ-ដ រៀបចំសិក្ខាសាលាបូកសរុបទម្រង់ដាំមៀន តាមបែបសរីរាង្គនៅសហករណ៍ត្រាងទី Garden ស្ថិតនៅឃុំធើយហ៊ឹង ស្រុកកើ-ដ។
អ្នកតំណាងទស្សនាទម្រង់ដាំមៀនតាមបែបសរីរាង្គនៅឃុំធើយហ៊ឹង។
ទម្រង់ដាំមៀនតាមបែបសរីរាង្គ ត្រូវបានអនុវត្តលើផ្ទៃដី ០,៥ ហិកតា ស្ថិតនៅចម្ការមៀនរបស់គ្រួសារបង ត្រឹងភឿកមិញ។ នេះ គឺជាទម្រង់ដែលត្រូវបានសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិក្រុងកឹងធើ សហការជាមួយការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកើ-ដឧបត្ថម្ភ ណែនាំកសិករដាំសំដៅបង្កើនគុណភាពផ្លែនិងបង្កើតបានជាផលិតផលសុវត្ថិភាពសម្រាប់បម្រើទីផ្សារក្នុងប្រទេសនិងការនាំចេញ។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយជួយកសិករផ្លាស់ប្តូរវិធីបង្កបង្កើនផល។ ម្យ៉ាងទៀត ជំរុញកសិករអនុវត្តរូបភាពបង្កបង្កើនផលបែបសរីរាង្គ បង្កើនការប្រើប្រាស់ជីសរីរាង្គ ជាសន្សឹមៗជំនួសឱ្យការប្រើថ្នាំគីមី ងាកមកប្រើប្រាស់ថ្នាំការពាររុក្ខជាតិជីវវិទ្យាវិញ ដោយកំណត់ទិសកសាងតំបន់វប្បកម្មតាមបែបសរីរាង្គលើដំណាំដើមហូបផ្លែ។
អ្នកតំណាងថតរូបអនុស្សាវរីយ៍ក្នុងសិក្ខាសាលា។
ទម្រង់ត្រូវបានអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ លើចម្ការមៀនដែលមានអាយុកាល៥ឆ្នាំ។ ដូច្នេះ ដំណាំមៀនដែលដាំក្នុងទម្រង់ដែលប្រើជីសរីរាង្គ ទិន្នផល ១,៥ តោន/០,៥ ហិកតា គួបផ្សំនឹងជីគីមីក្នុងដំណាក់កាលមួយចំនួន (បំប៉នដើមក្រោយប្រមូលផល បន្ទាប់មកផ្ដាច់ទឹកបំប៉នត្រួយ។ល។)។ លទ្ធផលដំណាំមៀនក្នុងទម្រង់មិនត្រឹមតែផ្តល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ សូម្បីគុណភាពផ្លែមៀនក៏ត្រូវបានកើនឡើងផងដែរ ពិសេសមៀនផ្តល់ផ្លែរីកធំហើយសាច់ក្រាស់ បើប្រៀបធៀបនឹងមៀនដាំក្នុងទម្រង់ដែរ ប៉ុន្តែដាំតាមទម្លាប់ចាស់។ ឃើញថា ទម្រង់បែបសរីរាង្គផ្តល់ប្រាក់ចំណេញខ្ពស់ជាង ២៦ លានដុង/ហិកតា បើប្រៀបធៀបនឹងទម្រង់ដាំតាមទម្លាប់ចាស់។ ថ្វីដ្បិតដូច្នោះក្តី ការចំណាយវិនិយោគលើទម្រង់សរីរាង្គសរុបទឹកប្រាក់ខ្ពស់ជាង ៥ លានដុង/ហិកតា បើប្រៀបធៀបនឹងការដាំតាមទម្លាប់ចាស់ ដោយសារចំណាយលើជីសរីរាង្គថ្លៃជាង និងចំណាយការប្រមូលផលច្រើនជាង ខណៈដែលទិន្នផលក៏ខ្ពស់ជាង។
សិក្ខាសាលាត្រូវបានរៀបចំដើម្បីវាយតម្លៃលទ្ធផលនិងដាក់ចេញនូវដំណោះស្រាយអភិវឌ្ឍ ពង្រីកទម្រង់ ទន្ទឹមនឹងនោះ បង្កលក្ខណសម្បត្តិដើម្បីកសិករនៅតាមខណ្ឌ ស្រុកលើភូមិសាស្រ្តក្រុង ចូលរួមអនុវត្តជាក់ស្តែង ក្តាប់ព័ត៌មាន ចំណេះដឹងអនុវត្តទៅក្នុងការបង្កបង្កើនផលរបស់ខ្លួន។ ចូលរួមសិក្ខាសាលា អ្នកតំណាងជាច្រើនបាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានពីទម្រង់នេះ ហើយសង្ឃឹមថា រយៈពេលខាងមុខផ្នែកកសិកម្មបន្តឧបត្ថម្ភដល់កសិករក្នុងការកសាង ធ្វើឱ្យសុក្រឹតទម្រង់ដាំមៀនផ្សេងទៀតតាមបែបសរីរាង្គ និងពង្រីកទម្រង់ទាំងនេះផង៕
វ៉ាន់កុង- លីសៀ