តាមការសិក្សាស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយលើទស្សនាវដ្តី Diabetologia ដំណេកមិនស្កប់ស្កល់អាចបង្កហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
រូបជាឧទាហរណ៍។
ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ រាងកាយគ្មានសមត្ថភាពប្រើអ័រម៉ូនអាំងស៊ុយលីនដែលមានស្រាប់ ឬប្រើប្រាស់អាំងស៊ុយលីនគ្មានប្រសិទ្ធភាព។ ស្ថានភាពរុាំរ៉ៃនេះ ស្រូបអត្រាប្រមាណពី៩០-៩៥% នៃចំនួនករណីជំងឺទឹកនោមផ្អែមទាំងអស់នៅលើពិភពលោក។ ដើម្បីស្វែងយល់ពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែមប្រភេទ២ និងគុណភាពនៃដំណេកក្រុមអ្នកសិក្សាស្រាវជ្រាវ បានធ្វើការវិភាគទិន្នន័យ តាមដានទម្លាប់នៃការដេករបស់មនុស្សជាង៣៦.០០០នាក់ ដែលធ្លាប់ចូលរួមក្នុងការសិក្សាស្រាវជ្រាវសុខភាពមួយមុននោះ។ មុខសញ្ញាបានត្រួតពិនិត្យពីទម្លាប់នៃការដេកក្នុងដំណាក់កាលចាប់ផ្តើមសិក្សាស្រាវជ្រាវ និងក្នុងអំឡុងពេលតាមដានមធ្យមភាគប្រាំឆ្នាំបន្តបន្ទាប់។ ក្នុងការសិក្សាស្រាវជ្រាវឃើញថា ដំណេកមិនសូវមានគុណភាពត្រូវបានកំណត់ គឺការដេកតិចជាង៧ម៉ោង ឬច្រើនជាង៩ម៉ោងរាល់យប់។
លទ្ធផលវិភាគចុងក្រោយ បានបង្ហាញពីទំនាក់ទំនងស្អិតល្មួតបំផុតជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះអ្នកដែលមានការផ្លាស់ប្តូរទម្លាប់ដេក។ ជាក់ស្តែង អ្នកដែលដេកតិចពេក ហើយបន្ទាប់ពីនោះប្តូរមកដេកច្រើនពេកវិញ គឺមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ខ្ពស់បំផុត ខ្ពស់ជាង៥១% បើប្រៀបជាមួយអ្នកដែលដេកធម្មតា។ ហានិភ័យខ្ពស់បន្ទាប់ទៀត គឺអ្នកដែលចាប់ផ្តើមដេកច្រើនពេក ហើយក្រោយមកបែរជាដេកតិចពេកវិញ។
ការសិក្សាស្រាវជ្រាវខាងលើ បានបញ្ជាក់បន្ថែមអំពីភស្តុតាងទំនាក់ទំនងរវាងដំណេក និងហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២។ តាមការសិក្សាស្រាវជ្រាវមួយដែលបានចុះផ្សាយលើទស្សនាវដ្តី Diabetes Care កាលពីសប្តាហ៍មុន បានបង្ហាញឱ្យឃើញថា អ្នកដែលវិបត្តិដំណេក (មានរយៈពេលដេកផ្លាស់ប្តូរមធ្យមភាគ១ម៉ោងរៀងរាល់យប់) នឹងបង្កហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ចំនួន ៣៤%៕
យោង៖កាសែតកឹងធើ - វិមាន