12/08/2024 - 16:26

ផ្លែ​ឈើ - "អា​វុធ" ប្រ​ឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​មាន​អា​យុច្រើន

ផ្លែ​ឈើ​ជា​ផ្នែក​សំ​ខាន់​មួយ​ក្នុង​របប​អា​ហារ​នាំ​មក​សុខ​ភាព​ល្អ។ ថ្មី​ៗ​នេះ អ្នក​វិទ្យា​សាស្រ្ត​សិង្ហ​បុរី​បាន​រក​ឃើញ​ក្រុម​អា​ហារ​នេះ​អាច​ជួយ​ប្រ​ឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​មាន​អា​យុ​ច្រើន ពី​ព្រោះ​វា​មាន​អត្ថ​ប្រ​យោជន៍​បង្កើន​សុខ​ភាព​ផ្លូវ​ចិត្ត។

រូប​ជា​ឧទា​ហរណ៍។

ដើម្បី​ឈាន​ដល់​ការ​សន្និ​ដ្ឋាន​ខាង​លើ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សា​កល​វិទ្យា​ល័យ​ជាតិ​សិង្ហ​បុរី បាន​វិភាគ​ទិន្ន​ន័យ​សុខ​ភាព​មនុស្ស​វ័យ​កណ្ដាល​ជិត​១៤.​០០០​នាក់ ក្នុង​អំ​ឡុង​ពេល​ជាង​២០​ឆ្នាំ។ ក្នុង​ដំ​ណាក់​កាល​ដំ​បូង អ្នក​ចូល​រួម​មាន​អា​យុ​ជា​មធ្យម​គឺ​៥១​ឆ្នាំ ត្រូវ​បាន​វាយ​តម្លៃ​ពី​កម្រិត​នៃ​ការ​ហូប​ប្រ​ចាំ​ថ្ងៃ​ផ្លែ​ឈើ​១៤​ប្រ​ភេទ និង​បន្លែ​មើម​២៥​ប្រ​ភេទ។ ចំ​ណែក​ក្នុង​ដំ​ណាក់​កាល​បន្ត​អ្នក​ចូល​រួម​មាន​អា​យុ​មធ្យម​ភាគ​៧៣​ឆ្នាំ អ្នក​ជំ​នាញការ​បាន​វាយ​តម្លៃ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ពួក​គាត់ ដោយ​មាត្រ​ដ្ឋាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នៃ​អ្នក​មាន​វ័យ​ចាស់។ មាន​មនុស្ស​៣.១៨០​នាក់ (ប្រ​ហែល ២៣%) ត្រូវ​បាន​កត់​សម្គាល់​មាន​ពី​៥​រោគ​សញ្ញា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ឡើង​ទៅ។

បន្ទាប់​ពី​លើក​លែង​កត្តា​ហា​និភ័យ​ជា​ទូ​ទៅ (ដូច​ជា​ការ​ជក់​បារី ចលនា​រាង​កាយ គុណ​ភាព​ការ​គេង ជំងឺ​ប្រ​ចាំ​កាយ) ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​បើ​ប្រៀប​ធៀប​នឹង​មនុស្ស​ដែល​បរិភោគ​ផ្លែ​ឈើ​ក្នុង​មួយ​ថ្ងៃ​ម្តង អ្នក​ដែល​បរិភោគ​ផ្លែ​ឈើ​ក្នុង​មួយ​ថ្ងៃ​៣​ដងឡើង គឺ​កាត់​បន្ថយ​ហា​និភ័យ​កើត​ឡើង​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដែល​ទាក់​ទង​នឹង​អា​យុ​បាន​២១%។ អាច​កត់​សម្គាល់​បាន​ថា រោគ​សញ្ញា​ទាំង​នោះ​មិន​ត្រឹម​តែ​ជា​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ស្ថាន​ភាព​ចុះ​ខ្សោយ​មុខ​ងារ​យល់​ដឹង គេង​មិន​លក់ ខ្វះ​ការ​ផ្ចង់​អា​រម្មណ៍​និង​អស់​កម្លាំង​ទៀត​ផង។

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​សង្កេត​ឃើញ​បរិ​មាណ​ខ្ពស់​នៃ​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ និង​សមាស​ធាតុ​ប្រ​ឆាំង​នឹង​ការ​រលាក​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈើ រួម​មាន​សារ​ធាតុ flavonoid, carotenoid និង​វីតា​មីន C អាច​មាន​មុខ​ងារ​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្ការ​ហា​និភ័យ​នៃ​ការ​កើត​ឡើង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ “ការ​សិក្សា​របស់​យើង​ខ្ញុំគូស​បញ្ជាក់​ពី​ចំ​ណុច​សំ​ខាន់​នៃ​ការ​បរិភោគ​ផ្លែ​ឈើ​ ប្រៀប​បាន​នឹង​វិធាន​ការ​ម្យ៉ាង​សម្រាប់​បង្ការ​ប្រ​ឆាំង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដែល​ទាក់​ទង​នឹង​ជរា​ភាព” សាស្រ្តា​ចារ្យ Woon​-Puay Koh ប្រ​ធាន​ក្រុមស្រាវ​ជ្រាវ​បាន​វាយ​តម្លៃ​ដូច្នេះ៕

     កា​សែត​កឹង​ធើ -  ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ