មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/08/2024 - 10:22

របរ​ផលិត​អំ​បិល​នៅ​បាក​លីវ​

ចុង​ឆ្នាំ​ ២០២៤ ខេត្ត​បាក​លីវ​នឹង​រៀប​ចំ​ Festival របរ​ផលិតអំ​បិល​វៀត​ណា​ម ដើម្បី​ផ្តល់​កិត្តិ​យស​និង​លើក​ទឹក​ចិត្ត​ដល់​កសិករ​ផលិតអំ​បិល​ ផ្សារ​ភ្ជាប់​នឹង​របរ​ផលិត​អំ​បិល​ប្រ​ពៃណី។​

កសិករ​បាក​លីវ​កំ​ពុង​ប្រ​មូល​ផល​អំ​បិល។​

តាម​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ របរ​ផលិត​អំ​បិល​នៅ​បាក​លីវ​មាន​ប្រ​មាណ​ ២០០ ឆ្នាំ​ បាន​ក្លាយ​ជា​របរ​ប្រ​ពៃណី​នៅ​ភូមិ​ភាគ។​ ផលិត​ផល​អំ​បិល​បាក​លីវ​ ត្រូវ​បាន​នា​យក​ដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទទួល​ស្គាល់​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ឆ្នាំ​២០១៣។​ ឆ្នាំ​ ២០២០ របរ​ផលិត​អំ​បិល​ខេត្ត​បាក​លីវ​ បាន​ក្រសួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេ​តិក​ភ័ណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ។​ បច្ចុប្បន្ន​ ខេត្ត​មាន​ផ្ទៃ​ដី​ផលិត​អំ​បិល​ប្រ​មាណ​១.៥០០​ហិក​តា​ ប្រ​មូល​ផ្តុំ​នៅ​ស្រុក​ហ្វា​ប៊ិញ​និង​ដុង​ហាយ ដោយ​មាន​ពល​ករ​ប្រ​មាណ​ជាង​១.៥២០ នាក់។​ ជា​រៀង​រាល់​ឆ្នាំ​ ផលិត​ផល​អំ​បិល​ទូទាំង​ខេត្ត​សម្រេច​ជាង​២៧.០០០​តោន។​ សម្រេច​ទិន្ន​ផល​មធ្យម​ភាគ​ជិត​១៧​តោន​/ហិក​តា​ (សម្រាប់​ការ​ផលិត​អំ​បិល​ប្រ​ពៃ​ណី) និង​សម្រេច​ជាង​៣៧​តោន​/ហិក​តា​ (សម្រាប់​ស្រែ​អំ​បិល​ក្រាល​តង់​កៅ​ស៊ូ)។​ មក​ទល់​ពេល​នេះ​ ខេត្ត​មាន​ផលិត​ផល​អំ​បិល​ចំ​នួន​ ១០ បាន​ទទួល​ស្គាល់​សម្រេច​វិញ្ញា​បន​បត្រ​ OCOP  ហើយ​ផលិត​ផល​នេះ​ ទាក់​ទាញ​បាន​ទីផ្សារ​ទម្រើស​ មាន​ដូច​ជប៉ុន​ និង​កូរ៉េ​ជា​ដើម។​

   វាល​ស្រែ​អំ​បិល​នៅ​ខេត្ត​បាក​លីវ។

លោក​ង្វៀង​វ៉ាន់​ណាម នៅ​ស្រុក​ដុង​ហា​យ ផ្សារ​ភ្ជាប់​នឹង​របរ​ផលិត​អំ​បិល​ជាង​ ៣០ ឆ្នាំ​។​ យោង​តាម​សម្តី​លោក​ណាម ចង់​រក្សា​បាន​របរ​ផលិត​អំ​បិល​ មាមីង​ត្រូវ​តែ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ ពី​ព្រោះ​ការ​ផលិត​អំ​បិល​តែង​ស្ថិត​ក្រោម​កម្តៅ​មេឃ​ក្តៅ​ខ្លាំង។​ រដូវ​ផលិត​អំ​បិល​នៅ​បាក​លីវ​ ចាប់​ពី​ខែ​កក្តិក​ដល់​ខែ​ចេត្រ។​ ជំ​ហាន​ដំ​បូង​ នៅ​លើ​ស្រែ​អំ​បិល​កសិករ​រៀប​ចំ​បង្ហាប់​ធារ​ឱ្យ​រឹង​ ដើម្បី​កាត់​បន្ថយ​ទាប​បំ​ផុត​ការ​ជ្រាប​ទឹក​សមុទ្រ​ចូល​ទៅ​ក្នុង​ដី។​ បន្ទាប់​មក​បញ្ចូល​ទឹក​សមុទ្រ​ ហាល​ស្ងួត​ដើម្បី​ធ្វើ​ឱ្យ​ដី​ស្រែ​ឡើង​កម្រិត​ប្រៃ។​ ពេល​ធារ​ស្រែ​អំ​បិល​សម្រេច​តាម​តម្រូវ​ការ​ មា​មីង​បូម​ទឹក​សមុទ្រ​បញ្ចូល​ស្រែ។​ ក្រោម​ឥទ្ធិ​ពល​នៃ​កម្តៅ​ព្រះ​អា​ទិត្យ​ ទឹក​ហួត​នឹង​ធ្វើ​ឱ្យ​កម្រិត​ប្រៃ​នៃ​ទឹក​សមុទ្រ​នៅ​ស្រែ​ហាល​កើន​ឡើង។​ បន្ទាប់​មក​ កសិករ​បង្ហូរ​ទឹក​ប្រៃ​នោះ​ទៅ​អំ​ពក​ស្រែ​ក្រោម​ដើម្បី​បណ្តុះ​អំ​បិល។​ ពេល​ដែល​អំ​បិល​ដុះ​ឡើង​ មាមីង​យក​ខ្នៀស​កៀស​ពូន​ជា​ដុំ​ៗ​ ធ្វើ​តាម​របៀប​នេះ​ រហូត​ដល់​បាន​ប្រ​មូល​ផល។​

តាម​ប្រ​សាសន៍​លោក​ ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ខេត្ត​បាន​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ផ្តល់​ថវិ​កា​ជិត​១៣០​ពាន់​លាន​ដុង​ សម្រាប់​វិនិ​យោគ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​អភិវឌ្ឍ​របរ​ផលិត​អំ​បិល។​ ខេត្ត​នឹង​អភិវឌ្ឍ​ផ្នែក​អំ​បិល​តាម​ទិស​ដៅ​ប្រ​សិទ្ធ​ភាព​ ចីរ​ភាព​ ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​ ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នៃ​ឧត្តមភាព​របស់​ភូមិ​ភាគ​នីមួយ​ៗ​ ដែល​មាន​ប្រ​ពៃណី​ផលិត​អំ​បិល​ដើម្បី​បង្កើន​ទិន្ន​ផល​ គុណ​ភាព​និង​ធ្វើ​ពិពិធ​កម្ម​ប្រ​ភេទ​ផលិត​ផល​អំ​បិល​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អំ​បិល​ក្នុង​ប្រ​ទេស​និង​ការ​នាំ​ចេញ​ បង្កើត​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​នៃ​អ្នក​ផលិត​អំ​បិល។​ ពិ​សេស​ក្នុង​ឱកាស​រៀប​ចំ​ Festival របរ​ផលិត​អំ​បិល​វៀត​ណាម ខេត្ត​រំពឹង​ថា​ នឹង​ទាក់​ទាញ​អា​ជីវ​កម្ម​ក្នុង​និង​ក្រៅ​ប្រ​ទេស​ប្រើ​ប្រាស់​ផលិត​ផល​អំ​បិល​ ដើម្បី​កសិករ​ប្រ​កប​របរ​ផលិត​អំ​បិល​មាន​ជីវ​ភាព​ធូរ​ធារ៕​

                                យ្វី​អាញ់-មុនី​

ចែករំលែកអត្ថបទ