រដូវវិស្សមកាលឆ្នាំ២០២៤ ថ្នាក់រៀនអក្សរខ្មែរនៅភូមិថើយទ្រឿង១ ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ តែងបើករៀនជាប្រចាំ ឈប់សម្រាក់តែថ្ងៃពេញបូណ៌មី និងថ្ងៃខែដាច់ ព្រោះថ្ងៃនេះពុទ្ធបរិស័ទទៅវត្តធ្វើបុណ្យសុន្ទរ៍ទាន។ ការរៀបចំបើកថ្នាក់រៀននេះ មានការព្រួតដៃពីសំណាក់រដ្ឋអំណាចភូមិភាគ គណៈកម្មការវត្តសេតុត្តរ សមាគមសហព័ន្ធនារីឃុំ គណៈកម្មការភូមិ មួយអន្លើដោយទឹកចិត្តប្តេជ្ញាខ្ពស់ក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរនៅភូមិភាគ។
ថ្នាក់រៀនប្រព្រឹត្តទៅក្នុងរយៈពេល២ខែ ពេលព្រឹកចូលរៀនចាប់ពីម៉ោង៧កន្លះដល់ម៉ោង៩កន្លះ។ ក្រៅពីក្តារឈ្នួននិងដីស ថ្នាក់រៀនមានព្យួរបដាតួព្យញ្ជនៈនិងស្រៈដើម្បីប្អូនៗសិស្សានុសិស្សហាត់អាន។
ឆ្នាំនេះ ថ្នាក់រៀនមានសិស្ស៣១នាក់ ប្អូនៗមានឆ្នាំកំណើត ចាប់ពីឆ្នាំ២០១០ ដល់២០១៦ រស់នៅលើភូមិសាស្ត្រ ភូមិថើយទ្រឿង១ និងភូមិថើយទ្រឿង២ ឃុំថើយស្វឹង។
ទោះជារៀនរដូវវិស្សមកាល ប៉ុន្តែប្អូនៗតែងយកចិត្តទុកដាក់ក្នុងការសិក្សា រំលឹកមេរៀន
ធ្វើលំហាត់ដែលលោកគ្រូប្រគល់ឱ្យ។
កុមារីម្នាក់ឡើងសងមេរៀនវិញ្ញសាហាត់អាន។ ប្អូនអានមេរៀនបានល្អប្រសើរ។ លោកគ្រូពិនិត្យឱ្យពិន្ទុ រួចកត់ចូលបញ្ជីសម្រាប់ជាមូលដ្ឋានផ្តល់ជូនលិខិតបញ្ជាក់ថ្នាក់ពេលចប់វគ្គសិក្សា។ ប្រការដែលគួរឱ្យរីករាយ គឺសិស្សទាំងអស់សម្រេចបានពិន្ទុខ្ពស់ អាស្រ័យមានការយកចិត្តទុកដាក់រៀនសូត្រ។
ថ្នាក់រៀនរក្សាបានដោយកម្លាំងក្នុងសង្គម គ្រូជួយបង្រៀនស្ម័គ្រចិត្ត សប្បុរសជនជំនួយសិក្ខូបករណ៍។ល។ ក្នុងនោះ គួរឱ្យស្ងើចសរសើរបំផុតគឺទឹកចិត្តរបស់ប្តីប្រពន្ធអ៊ំដាវហ្វា និងអ៊ំស្រីយ័ញធីហៀង។ ចំណែកតុតាំងខ្ចីពីសាលានៅក្បែរនោះ បើមិនគ្រប់គឺប្តីប្រពន្ធអ៊ំដាវហ្វា ទិញឈើជួលជាងមកបោះដើម្បីប្អូនៗមានកន្លែងអង្គុយរៀនបានសមរម្យ។ អ៊ំប្រុស អ៊ំស្រី តែងទិញនំ ស្ករគ្រាប់ចែកជូនសិស្សសាលា ដើម្បីលើកទឹកចិត្តប្អូនៗខំរៀន។
ម៉ោងសម្រាក អ៊ំប្រុស អ៊ំស្រី នៅទាំងបង្ហាត់ឱ្យប្អូនៗចេះរាំ ច្រៀង បទចម្រៀងខ្មែរ។ គាត់រីករាយពេលបានណែនាំឱ្យប្អូនៗ ក្នុងភូមិស្គាល់ពីសិល្បៈវប្បធម៌ខ្មែរ។ ប្អូនៗរាំក្បាច់ទន់ភ្លន់តាមការណែនាំរបស់អ៊ំប្រុស អ៊ំស្រី។ នេះជាទំពាំងស្នងបន្តមរតកសិល្បៈដែលជាអត្តសញ្ញាណវប្បធម៌ខ្មែរ។
យ្វីខោយ-មុនី