ទោះបីជាយុទ្ធជនពិការកម្រិត ៣/៤ (ពិការជើងម្ខាង) អត្រារបួស ៤៩% ក៏ពិតមែន ប៉ុន្តែ លោកថាច់ទី នៅតែបន្តរួមចំណែកដើម្បីភូមិស្ពឺ ឃុំលឿងហ្វាA ស្រុកចូវថាញ់ ខេត្តត្រាវិញ កាន់តែរីកចម្រើនឡើង។
លោកថាច់ទី (ខាងស្តាំ) កំពុងដោះដូរយោបល់ជាមួយប្រធានសមាគមអតីតយុទ្ធជនឃុំ។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករខ្មែរមួយ អាយុ ១៨ ឆ្នាំ ថាច់ទី ស្ម័គ្រចិត្តចូលបម្រើកងជួរទ័ពជាមួយមិត្តរួមកងទៅជួយប្រទេសមិត្តកម្ពុជា ចំណុះក្រុមជំនាញការ៩៩០១ ឈរជើងនៅខេត្តកំពង់ស្ពឺ។ មានម្តងមួយនោះ ប្រតិបត្តិការសឹកបើកយុទ្ធនាការរដូវប្រាំងឆ្នាំ ១៩៨៧ គាត់ជាន់ត្រូវម៉ីនក៏ពិការជើងស្តាំ។ ក្រោយពីមួយរយៈព្យាបាលរបួសនៅរាជធានីភ្នំពេញ លោកវិលត្រឡប់មកមាតុភូមិជួបជុំគ្រួសារ ដោយប្រឈមនឹងការលំបាកសព្វបែបយ៉ាង។
លោកថាច់ទី រៀបរាប់៖ “កាលទើបវិលត្រឡប់មកភ្លាម ឃើញគេមានដៃជើងនៅគ្រប់ ជីវភាពនៅក្រលំបាក ចុះទម្រាំខ្លួនយើងមានតែជើងម្ខាង ឈឺថ្កាត់រឿយៗធ្វើម្តេចនឹងជួយកិច្ចការប្រពន្ធ លើកស្ទួយជីវភាព ម៉្លោះហើយខ្ញុំក៏មានអារម្មណ៍ធុញទ្រាន់ក្នុងឆាកជីវិត។ ប៉ុន្តែពេលនឹកឃើញដល់មិត្តរួមកងជាច្រើន អ្នកខ្លះពិការជើងទាំងសងខាង ខ្លះពិការភ្នែក។ល។ នៅតែរស់នៅសុខស្រួល មានក្តីសុខ ហើយរួមជាមួយគ្រួសារ គិតគូរអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយខ្ញុំតែងលើកទឹកចិត្តខ្លួនឯងនិងប្តេជ្ញាចិត្តឆ្លងផុតការលំបាក ដើម្បីឈានឡើងក្នុងជីវភាព”។
ដោយបានការឧបត្ថម្ភរបស់រដ្ឋអំណាចភូមិភាគ សមាគមអតីតយុទ្ធជនឃុំនិងមាមីងភូមិផងរបងជាមួយ ពិសេសការថែទាំលើកទឹកចិត្តពីភរិយាស្លូតបូត បានជួយឱ្យលោកជឿជាក់លើខ្លួនឯង ដោយយកអស់ពីកម្លាំងកាយ កម្លាំងស្មារតី ដើម្បីសាងជីវភាពគ្រួសារ។ ផ្តើមពីនោះ លោកប្រកបរបរប៉ះកង់ កាត់សក់ ប្រពន្ធលក់ដូរជាលក្ខណៈគ្រួសាររកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាព។ អាស្រ័យដោយការចាយវាយប្រិតសំចៃ គួបផ្សំនឹងលោកបង្រៀនកូនជាងកាត់សក់ផង បានជាជីវភាពគ្រួសារលោកកែលម្អបន្តិចម្តងៗ។ ផ្តើមពីជីវភាពខ្វះខាត សព្វថ្ងៃគ្រួសារលោករកបានប្រាក់ចំណូលលំនឹង ធូរធារជាងមុន។
លោក ឡេវ៉ូវដៀង ប្រធានសមាគមអតីតយុទ្ធជនពិការឃុំលឿងហ្វា A ឱ្យដឹង៖ “បងទី ជាអ្នកមានប្រជាប្រិយក្នុងភូមិស្ពឺ បងតែងចលនាមាមីងប្រជាជនក្នុងភូមិប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។ មិនតែប៉ុណ្ណោះ គ្រួសារបងនៅទាំងបរិច្ចាគដី ២០០ ម៉ែត្រធ្វើផ្លូវបេតុង និងចលនាមាមីងកសាងជីវភាព វប្បធម៌ជនបទថ្មី រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគសម្រេចនូវលក្ខឋានដែលបានកំណត់”៕
សើុងម៉ាល័យ- លីសៀ