ថ្មីៗនេះ មានមុខសញ្ញាមួយចំនួននៅខេត្តបាកលីវ បានឆ្លៀតយកការឆាប់ជឿរបស់ប្រជាជន បានរៀបចំបង្កើតតុងទីនដោយលួងលោមថា ទទួលបានអត្រាការប្រាក់ខ្ពស់ ដើម្បីឆបោកទ្រព្យសម្បត្តិ ធ្វើឱ្យអ្នកលេងតុងទីនជាច្រើននាក់បាត់បង់ប្រាក់ទាំងស្រុង…។
ស្ថាប័ននគរបាលសើុបអង្កេត ប្រកាសសេចក្តីសម្រេចផ្តើមនីតិវិធីចាប់ឃាត់ខ្លួន
បណ្តោះអាសន្នមុខសញ្ញាឡឹមធីតាម។
ជាធម្មតា ការលេងតុងទីនមិនមែនជាការខុសច្បាប់នោះទេ ប្រសិនបើវាដំណើរការត្រឹមត្រូវតាមការកំណត់ ជារូបភាព សន្សំសំចៃមួយមានចំណេញ។ តាមពិតទៅ មានមុខសញ្ញាមួយចំនួនឆ្លៀតយកការលេងតុងទីន ដើម្បីឆបោកទ្រព្យសម្បត្តិ ធ្វើឱ្យអ្នកលេងតុងទីនជាច្រើននាក់បាត់បង់ប្រាក់ទាំងស្រុង ពុំនោះសោតធ្លាក់ក្នុងស្ថានភាពជាប់បំណុលវ័ណ្ឌក។ ទោះបីស្ថាប័នសមត្ថកិច្ចបានផ្សព្វផ្សាយ រំលឹកជារឿយៗ ប៉ុន្តែ នៅតែកើតមានករណីបែកតុងទីនជាច្រើនករណី ជាមួយនឹងទឹកប្រាក់ឆបោកឡើងដល់រាប់សិបពាន់លានដុង។ ចាប់ពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ នគរបាលខេត្តបាកលីវ បានទទួលពាក្យបណ្តឹង សើុបអង្កេត ចាត់ការ១២ករណីឆបោកទ្រព្យសម្បត្តិដោយរូបភាពលេងតុងទីន ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប៉ាន់ស្មានជាង៨០ពាន់លានដុង។
ជាក់ស្តែង ដូចជាករណីឆបោកដែលប្រព្រឹត្តដោយមុខសញ្ញា ឡឹមធីតាម ធ្វើមេតុងទីនជាង ១៤ឆ្នាំ នៅឃុំវិញត្រាច់ ក្រុងបាកលីវ។ កាលពីខែឧសភា ឆ្នាំ២០២១ ដោយសារគ្មានលទ្ធភាពបង់បង្រ្គប់ប្រាក់ដែលជំពាក់អ្នកលេង គាត់ក៏បានប្រើឈ្មោះក្លែងក្លាយចូលរួមលេងតុងទីនចំនួន៣៥ខ្សែ ដើម្បីប្រមូលលុយនិងលក់ចំណែកតុងទីនដែលប្រើឈ្មោះក្លែងក្លាយដល់អ្នកលេងក្នុងក្រុមដែលខ្លួនធ្វើមេចំនួន៨ខ្សែ ឆ្លងតាមរយៈនោះ គាត់ឆបោកប្រាក់ជាង១,៦ ពាន់លានដុង។ នៅខែកញ្ញា ឆ្នាំ២០២៣ ស្ថាប័នប៉ូលិសសើុបអង្កេតនគរបាលខេត្តបាកលីវ បានអនុវត្តសេចក្តីសម្រេចតាមសាលក្រមបណ្ដឹង ចាប់ឃាត់ខ្លួនបណ្តោះអាសន្ន មុខសញ្ញាឡឹមធីតាម ដើម្បីសួរចម្លើយនិងចាត់វិធានការពីបទល្មើស “ឆបោកកិបកេងទ្រព្យសម្បត្តិ”។
ថ្មីៗនេះ តុលាការប្រជាជនខេត្តបាកលីវ បានប្រកាសសាលក្រមពិន័យជនជាប់ចោទ ង្វៀងស្វឹងថាវ (អាយុ ៤៣ឆ្នាំ នៅទីប្រជុំជនរាញ់ហាវ ស្រុកដុងហាយ) ឱ្យជាប់ពន្ធធនាគារអស់មួយជីវិតពីបទល្មើស “ឆបោក កិបកេងទ្រព្យសម្បត្តិ” និងបង្ខំឱ្យជនជាប់ចោទត្រូវសងប្រាក់ទៅជនរងគ្រោះវិញ។
ជនជាប់ចោទថាវ រៀបចំបើកតុងទីន និងធ្វើមេតុងទីនលើភូមិសាស្ត្រស្រុកដុងហាយ ចាប់តាំងពីឆ្នាំ២០០៧ដល់ឆ្នាំ២០២២។ នៅឆ្នាំ២០២១ ដោយសារតែគ្មានលុយសងបំណុលតុងទីន ថាវ បានឆ្លៀតឱកាសដោយឃើញថា អ្នកលេងតុងទីនដែលមានសេដ្ឋកិច្ចធូរធារ ច្រើនតែចូលរួមចិញ្ចឹមតុងទីនដើម្បីទទួលបានប្រាក់ចំណេញ មិនសួររកបញ្ជីឈ្មោះអ្នកលេងតុងទីន មិនចាប់អារម្មណ៍ពីអ្នកលេងតុងទីនជាមួយគ្នាឡើយ ហើយមិនក៏ខ្វល់ថាអ្នកណាខ្លះដែលបានដេញហើយ (ដែលហៅថា ងាប់នោះ)។ សម្រាប់តុងទីន៣ខ្សែដែលមិនទាន់ចប់ គឺគ្មានរៀបចំបើកហៅដេញថ្លៃឡើយ គ្រាន់ផ្ញើបណ្ដាំប៉ុណ្ណោះ មួយខ្សែមាន២៦ក្បាល កន្លះខែបើកម្តង ចំនួនប្រាក់បង់តុងទីនកំណត់ច្បាស់លាស់។ រហូតដល់ថ្ងៃ៤ ខែឧសភា ឆ្នាំ២០២២ ថាវ បានប្រកាសក្ស័យតុងទីន ឆបោកប្រាក់បង់តុងទីន៣ខ្សែរបស់អ្នកលេង៤៥នាក់ សរុបជាទឹកប្រាក់ជាង៣៧,៥ពាន់លានដុង។
លោកវរសេនីយ៍ត្រី ទ្រឿងមិញដឿង អនុប្រធានការិយាល័យស្ថាប័នប៉ូលិសសើុងអង្កេតនគរបាលខេត្តបាកលីវ ឱ្យដឹង៖ “ជាក់ស្តែង បញ្ជាក់ឱ្យឃើញថា ការលេងតុងទីនប្រឈមនឹងហានិភ័យខ្ពស់ ពីព្រោះអ្នកលេងតុងទីន ភាគច្រើនគឺស្គាល់គ្នានិងរស់នៅក្នុងភូមិភាគជាមួយគ្នា ដូច្នេះហើយ ទើបពួកគាត់ជឿជាក់ទៅលើមេតុងទីន ដោយមិនស្វែងយល់ពីខ្សែតុងទីន ហើយក៏មិនទៅបើកតុងទីនដោយផ្ទាល់ ការប្រមូលនិងប្រគល់ប្រាក់តុងទីន គឺអាស្រ័យទៅលើមេតុងទីនជាអ្នកអនុវត្ត។ ទាំងនេះជាការបង្កើតចន្លោះប្រហោងដោយអចេតនាសម្រាប់មេតុងទីនប្រព្រឹត្តទង្វើមិនស្មោះ ឆបោកទ្រព្យសម្បត្តិ។ ទង្វើប្រព្រឹត្តបទឆបោកតុងទីន ប្រសិនបើគ្រប់កត្តាជាបទល្មើស នឹងត្រូវស្ថាប័នសមត្ថកិច្ចផ្តន្ទាទោសព្រហ្មទណ្ឌ។ ទន្ទឹមនឹងនោះ ជនល្មើសនឹងត្រូវអនុវត្តវិធានការជម្នះផលវិបត្តិគឺសងប្រាក់ចំណេញមកវិញតាមច្បាប់”៕
យ្វីអាញ- បកប្រែ៖ មុនី