រដូវប្រាំងឆ្នាំនេះ នៅកឹងធើមិនរងផលប៉ះពាល់ដោយជាតិប្រៃ ស្ងួតហែងដូចខេត្តដទៃក៏ពិតមែន។ ប៉ុន្តែនៅតាមវាលស្រែ កសិករកឹងធើ តែងអនុវត្តបច្ចេកទេសផលិតស្រូវ “បញ្ចូលទឹកលិច - គោក ឆ្លាស់គ្នា” ជួយប្រិតសំចៃទឹកប្រិតសំចៃការចំណាយក្នុងការផលិតស្រូវជូនកសិករ។
ឧបករណ៍ចាប់សញ្ញាត្រូវបានភ្ជាប់ទៅទូរស័ព្ទរបស់កសិករ ដើម្បីរាយការណ៍ពីកម្រិតទឹកក្នុងស្រែជួយកសិករតាមដាន និងកែតម្រូវកម្រិតទឹកស្រោចស្រព។
ការអនុវត្តបច្ចេកទេសបញ្ចូលទឹកលិច - គោកឆ្លាស់គ្នា ដំណាក់កាលព្រោះ (ចាប់ពី ០-១០ ថ្ងៃ) កសិករមិនចាំបាច់បញ្ចូលទឹកស្រែនោះទេ នៅពេលស្រូវមានអាយុពី ១០-២០ ថ្ងៃ ទើបកសិករបញ្ចូលទឹកស្រែដើម្បីគ្រប់គ្រងស្មៅ។ បន្ទាប់មកកសិករបង្ហូតទឹកចេញពីស្រែដើម្បីឱ្យស្រូវបែកគុម្ព។ ដល់ដំណាក់កាលស្រូវបង្ហើម កសិករគប្បីបង្ហូតទឹកដើម្បីស្រូវចាក់ឫសជ្រៅក្នុងដី។ ពេលស្រូវចេញផ្លែ រក្សាកម្រិតទឹកប្រហែល ៥ សង់ទីម៉ែត្រ ល្មមសម្រាប់ដើមស្រូវលូតលាស់ រីកចម្រើននិងដាក់ម្សៅបានល្អ។
សាររាយការណ៍ពីកម្រិតទឹកក្នុងស្រែ។
យោងតាមលោកស្រី ង្វៀងធីប៊ិចត្រឹង អនុប្រធានស្ថានីយដាំដុះនិងការពាររុក្ខជាតិស្រុកកើ-ដ បន្ទាប់ពីស្រូវចេញផ្លែហើយ កសិករមិនចាំបាច់រក្សាកម្រិតទឹកក្នុងវាលស្រែឱ្យខ្ពស់ទេ ពេលណាកម្រិតទឹកស្រកចុះក្រោម ១៥ សង់ទីម៉ែត្រពីមុខដី ទើបកសិករបញ្ចូលទឹកក្នុងស្រែ។ មុនពេលប្រមូលផលប្រហែល ១៥-២០ ថ្ងៃ កសិករគប្បីបង្ហូតទឹកចេញពីស្រែ ដើម្បីឱ្យផ្ទៃដីស្រែស្ងួត ងាយស្រួលសម្រាប់ម៉ាស៊ីនច្រូតកាត់។
ផ្ដើមពីប្រសិទ្ធភាពនៃបច្ចេកទេសផលិតស្រូវ ប្រិតសំចៃទឹកដែលបានអនុវត្តលើដំណាំស្រូវពីមុនមក បច្ចុប្បន្ន មានផ្ទៃដីផលិតស្រូវដើមឆ្នាំ ៩១% ត្រូវបានកសិករស្រុកកើ-ដ បញ្ចូលទឹកលិច - គោកឆ្លាស់គ្នា។ នៅកឹងធើ ចំពោះភូមិភាគដែលមានផ្ទៃដីផលិតស្រូវធំ កម្មាភិបាលជំរុញកសិកម្មនៅតែសកម្មហ្វឹកហាត់ឱ្យកសិករអនុវត្តបច្ចេកទេសបញ្ចូលទឹកលិច - គោកឆ្លាស់គ្នាគ្រប់កន្លែង។
កសិករទទួលបានការហ្វឹកហាត់បច្ចេកទេសផលិតស្រូវ “ត្រូវ១” “បន្ថយ៥” (ត្រូវ១ គឺប្រើប្រាស់ពូជបានទទួលស្គាល់ បន្ថយ៥ គឺបន្ថយបរិមាណពូជសាបព្រោះ បន្ថយបរិមាណថ្នាំកម្ចាត់ដង្កូវ បន្ថយបរិមាណជីអាស្សូត បន្ថយបរិមាណទឹក និងបន្ថយការបង់ខាតក្រោយពីប្រមូលផល) និង “បញ្ចូលទឹកលិច - គោកឆ្លាស់គ្នា”។ ជាមួយនឹងបច្ចេកទេសនេះ កសិករគ្រាន់តែបូមទឹកបញ្ចូលស្រែ ខណៈពេលកម្រិតទឹកនៅទាបជាងមុខដីត្រឹមក្រោម ១៥ សង់ទីម៉ែត្រ ហើយគ្រាន់តែរក្សាទុកទឹកឱ្យលិចដើមស្រូវប្រហែល ៥-១០ សង់ទីម៉ែត្រគឺល្មម។ អាស្រ័យហេតុនោះ កសិករប្រិតសំចៃបានកម្លាំងពេលវេលា ប្រាក់ចំណាយ (សាំង ប្រែង អគ្គិសនីសម្រាប់បូមទឹក)។
ការផលិតស្រូវអនុវត្តបច្ចេកទេសបញ្ចូលទឹកលិច - គោកឆ្លាស់គ្នា ជួយកាត់បន្ថយបរិមាណទឹក ប៉ុន្តែទិន្នផលស្រូវមិនថយចុះ; ជួយបន្ថយប្រាក់ចំណាយ បង្កើនប្រាក់ចំណូលជូនកសិករ។ រយៈពេលយូរអង្វែង ដំណើរការបច្ចេកទេសផលិតស្រូវប្រិតសំចៃទឹក ជួយកសិករម្ចាស់ការថែមទៀតក្នុងស្ថានភាពខ្វះទឹកយូរអង្វែងក្នុងរដូវប្រាំងនៅវាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ ជួយកាត់បន្ថយការបំភាយឧស្ម័នមេតាន ឆ្ពោះទៅកាន់ការផលិតកសិកម្មប្រកបដោយចីរភាព៕
យោង៖ TTXVN - ប្រែ៖ ថាច់ធី