តំបន់ជនរួមជាតិភាគតិចនៅក្រុងកឹងធើ បន្តផ្លាស់ប្ដូរមុខមាត់ អាស្រ័យគោលនយោបាយពិសេស ដោយឡែកនិងកម្មវិធី គម្រោងនានាពង្រីកបានប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននោះ ជនរួមជាតិភាគតិចបានអនុវត្តនូវទម្រង់រកស៊ីចិញ្ចឹមជីវិតជាច្រើន ដើម្បីមានជីវភាពលំនឹង ចាកផុតពីភាពក្រីក្រ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនជាតិភាគតិចនៅកឹងធើ បន្តត្រូវបានវិនិយោគឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរទៅមករបស់មាមីង។
ឃុំទ្រឿងថាញ់ ស្រុកធើយឡាយ ទើបបានទទួលស្គាល់ជាឃុំជនបទថ្មីខ្នាតគំរូ។ នេះជាឃុំទី ២ របស់ស្រុកដែលសម្រេចទិសដៅកសាងជនបទថ្មីខ្នាតគំរូ។ ប្រការដែលគួររីករាយនោះ គឺឃុំទាំង ២ នេះ សុទ្ធតែជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ ម៉ាយសែ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ដោយសារលក្ខឋានជនបទថ្មីខ្នាតគំរូទាំងនេះ បានជួយឱ្យជនរួមជាតិខ្មែរមានឱកាសធ្វើការរកស៊ី ទើបជីវភាពរបស់ជនរួមជាតិរីកចម្រើន។ ប្រការដែលងាយឃើញបំផុត គឺនៅពេលអគ្គិសនី ផ្លូវថ្នល់ អគារសិក្សាដំណាក់សុខាភិបាលសម្រេចបទដ្ឋាន ពុទ្ធបរិស័ទមានលក្ខណៈធ្វើដំណើរទៅ មកលក់ដូរ បង្វែរទម្រង់ផលិតកម្ម៘ ពេលឈឺថ្កាត់គឺទៅកាន់ដំណាក់សុខាភិបាល មានគ្រូពេទ្យពិនិត្យព្យាបាល។
តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំធើយដុង និងឃុំធើយស្វឹង ក៏មានការផ្លាស់ប្ដូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ពូដាវសុខ នៅភូមិធើយទ្រឿង ២ ឃុំធើយស្វឹង ឱ្យដឹង៖ “សព្វថ្ងៃ ចង់ទិញឥវ៉ាន់ គ្រាន់តែទូរស័ព្ទ ហៅគឺមានមនុស្សយកមកដល់ផ្ទះភ្លាម ងាយស្រួលខ្លាំងណាស់ បានដូច្នេះគឺអាស្រ័យរដ្ឋវិនិយោគកសាងផ្លូវគមនាគមន៍ជនបទតភ្ជាប់ ធ្វើដំណើរទៅមកងាយស្រួលដោយទោចក្រយាន និងទាំងរថយន្តដឹកជញ្ជូនខ្នាតតូចទៀតផង។ ហេតុនោះ ខ្ញុំលក់ស្រូវបានថ្លៃដោយមិនបាច់ ចំណាយច្រើនលើថ្លៃដឹកជញ្ជូន”។
តាមប្រសាសន៍លោក ង្វៀងហ្វាងហាយ អនុប្រធានការិយាល័យជនជាតិស្រុកកើ-ដ គ្រប់ឃុំទាំងអស់លើភូមិសាស្ត្រស្រុក តែងបាននិងកំពុងកសាងជនបទថ្មីកម្រិតខ្ពស់ ម្ល៉ោះហើយលក្ខណៈរស់នៅរបស់ជនរួមជាតិក៏រីកចម្រើនឡើងផងដែរ។ ពូចូវណាំ នៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “ខ្ញុំកើតនិងធំដឹងក្តី នៅទីនេះ ម្ល៉ោះហើយ ខ្ញុំត្រេកអរដោយឃើញហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរផ្លាស់ថ្មី គឺ៖ ផ្ទះសម្បែងរឹងមាំ ផ្លូវធ្វើដំណើរទៅមកងាយស្រួល អគ្គិសនីគ្រប់គ្រាន់សិស្សបានរៀនក្នុងសាលាសម្រេចបទដ្ឋានជាតិ ការផ្លាស់ថ្មីទាំងអស់នេះធ្វើជាមូលដ្ឋានគ្រឹះដើម្បីជនរួមជាតិខ្មែរ ខិតខំឆ្លងកាត់ការលំបាក ចាកផុតពីភាពក្រីក្រ”។
តាមប្រសាសន៍លោក ឡេទ្រុងកៀង ប្រធានគណៈជនជាតិក្រុងកឹងធើ ការងារជនជាតិលើភូមិសាស្ត្រក្រុងរយៈពេលកន្លង ត្រូវបានអនុវត្តល្អប្រសើរ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន តំបន់ជនជាតិកាន់តែរឹងមាំ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ បង្កលក្ខណសម្បត្តិងាយស្រួលដើម្បីជនរួមជាតិអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលឈានឡើងធ្វើមាន។ គិតមកដល់ចុងឆ្នាំ ២០២៣ ទូទាំងក្រុងនៅគ្រួសារជនរួមជាតិភាគតិចក្រីក្រតែ ០,៥៤% ប៉ុណ្ណោះ៕
ហាថាញ- លីសៀ