01/04/2024 - 17:24

ប្រ​ភេទ​ផ្លែ​ឈើ​​ណា​​ខ្លះ​​ដែល​​អ្នក​​ជំងឺទឹក​​នោម​​ផ្អែម​គួរ​ទទួល​ទាន​និង​គួរ​ជៀស​វាង?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​កាត់​បន្ថយ​ពិសា​ទឹកផ្លែ​ឈើ​និង​ផ្លែ​ឈើ​សម្ងួត​ ប៉ុន្តែ​គួរ​ហូប​ផ្លែ​បឺរី​និង​ក្រូច​ឃ្វិច​ឱ្យ​បាន​ច្រើន។

ឪឡឹក​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​បណ្ដាល​ឱ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម។ រូប​ឧទាហរណ៍

ផ្លែ​ឈើ​មាន​ផ្ទុក​ជាតិ carbohydrate អាច​បណ្ដាល​ឱ្យ​កើន​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម។ ផ្លែ​ឈើ​មួយ​ចំ​នួនឬ​ផលិត​ផល​ដែល​ច្នៃ​ពី​ផ្លែ​ឈើ​ទាំង​នោះ​អាច​បណ្តាល​ឱ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ឆាប់​រហ័ស ប៉ុន្តែ​ក៏​មាន​ប្រ​ភេទ​ដែល​តិច​ជះ​ឥទ្ធិ​ពល​លើ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ អា​ស្រ័យ​ទៅ​លើ​បរិមាណ​ជាតិ​សរ​​សៃនិង​ជាតិ​ស្ករ។

ផ្លែ​ឈើ​ដែល​គប្បី​កាត់​បន្ថយ

ផ្លែ​ឈើ​សម្ងួត៖ ផ្លែ​ឈើ​ឆ្លង​កាត់​ដំ​ណើរ​ការ​សម្ងួត​ដូច​គ្នា​នឹង​ស្ករ​ខាប់។ ប្រ​ការ​នេះ​ធ្វើ​ឱ្យ​ផ្លែ​ឈើ​សម្ងួត​ផ្ទុក​ជាតិ carbohydrate ខ្ពស់​ជាង​បើ​ប្រៀប​នឹង​ផ្លែ​ឈើ​ស្រស់។ ឧទា​ហរណ៍ មួយ​ពែង (១០០​ក្រាម) នៃ​ទំ​ពាំង​បាយ​ជូរ​ស្ងួត ផ្ទុក​បរិ​មាណ​ជាតិ carbohydrate ១២៧​ក្រាម​និង​ជាតិ​ស្ករ​១០៤​ក្រាម។  រី​ឯទំ​ពាំង​បាយ​ជូរ​ស្រស់​មួយ​ពែង​ផ្ទុក​បរិមាណ​ជាតិ carbohydrate ​តែ​២៧​ក្រាម និង​ស្ករ​២៣​ក្រាម។

ផ្លែ​ឈើ​សម្ងួត​ក៏​អាច​មាន​ជាតិ​ស្ករ​បន្ថែម និង​តិច​ជាតិ​សរ​សៃ​ជាង​បើចោល​សម្បក។ បរិមាណ​ជាតិ carbohydrate និង​ជាតិ​ស្ករ​ខ្ពស់​ក្នុង​អា​ហារ​នេះ​ធ្វើ​ឱ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម។

ទឹក​ផ្លែ​ឈើ៖ ការ​ផឹក​ទឹក​ផ្លែ​ឈើ​១០០% អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ដោយ​សារ​តែ​ទឹក​ផ្លែ​ឈើ បាន​ចម្រាញ់​ជាតិ​សរ​សៃ​ចេញ​ស្ទើរ​តែ​ទាំង​អស់ រាង​កាយ​នឹង​រំ​លាយ​ធាតុ​និង​ប្តូរ​ជាតិ​ស្ករ​យ៉ាង​ឆាប់​រហ័ស ធ្វើ​ឱ្យ​កើន​ជាតិ​ស្ករក្នុ​ង​ឈាម។ ទឹក​ផ្លែ​ឈើ​ផ្តល់​កា​ឡូរី​ច្រើន​ ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​អ្នក​ផឹក​មាន​អា​រម្មណ៍​ឆ្អែត​ទេ នាំ​ឱ្យ​រា​រាំង​ដល់​ការ​សម្រក​ទម្ងន់ ចួន​កាល​បណ្ដាល​ឱ្យ​ឡើង​ទម្ងន់​ទៀត​ផង។

ផ្លែ​ឈើ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់៖ សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម (GI) គឺ​ជា​រង្វាស់​កម្រិត​នៃ​ការ​ប៉ះ​ពាល់​របស់​ចំ​ណី​អា​ហារជា​កំ​ណត់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បន្ទាប់​ពី​ទទួល​ទាន។  ផ្លែ​ឈើ​ដែល​មាន GI កាន់​តែ​​ខ្ពស់ គឺ​វា​កាន់​តែ​បណ្ដាល​ឱ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពី​បរិភោគ។

GI ចាប់​ពី​៥៦​ឡើង​ទៅ​គឺ​ខ្ពស់ អ្នក​ជំងឺ​គួរ​តែ​ជៀស​វាង​ប្រ​ភេទ​ដែល​មាន​ GI ខ្ពស់ ឧទាហរណ៍ ផ្លែ​ម្នាស់ (GI ៥៦) ចេក​ទុំ (GI ៥៨) ឪ​ឡឹក (GI ៧២)។

សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ផ្លាស់​ប្តូរ​ដោយ​សារ​តែ​ការ​ច្នៃ​ឬស្ថាន​ភាព​នៃ​ផ្លែ​ឈើ ឧទា​ហរណ៍​ដូច​ផ្លែ​ឈើ​កាន់​តែ​ទុំ គឺ GI កាន់​តែ​ខ្ពស់។

ផ្លែ​ឈើ​ដែល​គួរ​បរិភោគ

ផ្លែ​ឈើ​ផ្ទុក​ជាតិ​សរ​សៃ​ខ្ពស់និង​ផ្ទុក​ជាតិ fructose ទាប មិន​សូវ​ជះ​ឥទ្ធិ​ពល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម។

រួម​មាន៖ ផ្លែ​ស្ត្រ​បឺរី ប៊្លូ​បឺរី រ៉ាប​ប៊ឺរី និង​ទំ​ពាំង​បាយ​ជូរសម្បូរ​ទៅ​ដោយ​វីតា​មីន C អា​ស៊ីត​ហ្វូ​លិក ជាតិ​សរ​សៃ​និង​សារ​ធាតុ​ប្រ​ឆាំង​ការ​​រលាក មាន​ប្រ​យោជន៍​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។

អម្បូរ​ផ្លែ​ក្រូច៖ ផ្លែ​ក្រូច​ពោធិ៍​សាត់ ក្រូច​ថ្លុង និង​ក្រូច​ឆ្មារ មាន​ផ្ទុក​វីតា​មីន C, A និង​កាល​ស្យូម​យ៉ាង​ច្រើន ដែល​ល្អ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម។ សារ​ធាតុ​បំប៉ន​ពីរុក្ខ​ជាតិ​ទាំង​នេះ មាន​មុខ​ងារ​កាត់​បន្ថយ​ការ​រលាក កាត់​បន្ថយ​ការ​ប៉ះ​ពាល់​កោ​សិកា និង​ប្រ​ឆាំង​នឹង​ជំងឺ​រុាំ​រ៉ៃ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​បេះ​ដូង។

អម្បូរ​ផ្លែ​ក្រូច​សម្បូរ​ទៅ​ដោយ​សារ​ធាតុ flavonoids ដែល​ជា​សារ​ធាតុ​ប្តូរ​នៃ​រុក្ខ​ជាតិ មាន​លក្ខណ​សម្បត្តិ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ខ្លាំង​ក្លា ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ច្រើន​ក្នុង​ការ​ព្យា​បាល ក៏​ដូច​ជា​សកម្ម​ភាព​ជីវ​សាស្ត្រ។ សមាស​ធាតុ​នេះ មាន​ប្រ​សិទ្ធ​ភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ប្រ​ឆាំង​មហា​រីក បញ្ចុះ​សម្ពាធ​ឈាម ការ​ពារ​តម្រង​នោម​និង​ថ្លើម៕

           យោង​តាម​គេហ​ទំព័រ Vnexpress.net-(បកប្រែពី Very Well Health

ចែករំលែកអត្ថបទ