តាំងពីបានបង្កើតឡើងនៅឆ្នាំ២០០៩ មកទល់ពេលនេះ សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង តែងខិតខំលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលសិស្សតំបន់ជនរួមជាតិភាគតិចនៅខេត្តអាងយ៉ាង។
ម៉ោងអនុវត្តជាក់ស្តែងរបស់សិស្សសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង។
សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង សព្វថ្ងៃ បណ្ដុះបណ្ដាលមុខវិជ្ជាជីវៈកម្រិតមធ្យមសិក្សាចំនួន១៦ និងបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈកម្រិតបឋមសិក្សាចំនួន៥ លើវិស័យបច្ចេកទេស-បច្ចេកវិទ្យាទេសចរណ៍ សង្គមនិងកសិកម្ម។ លោកគ្រូកាវវ៉ាន់ធិត នាយកសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង ឱ្យដឹង៖ ដើម្បីទាក់ទាញកូនចៅជនរួមជាតិភាគតិចចូលរៀនសាលាបានរៀបចំសកម្មភាពពិគ្រោះ តម្រង់ទិសការងារជម្រើសសិស្សចូលរៀនវិជ្ជាជីវៈដោយផ្ទាល់និងដោយប្រយោលនៅតាមអនុវិទ្យាល័យលើភូមិសាស្រ្តស្រុកទ្រីតូង ទិញបៀង ថ្វយសើងជាដើម។ ព្រមជាមួយនោះ ជូនដំណឹងជម្រើសសិស្សនិងទទួលការដាក់ពាក្យជម្រើសសិស្ស តាមរយៈគេហទំព័ររបស់សាលា; សហការជាមួយនឹងអង្គភាពពាក់ព័ន្ធ បង្កលក្ខណសម្បត្តិនិងឱកាសសម្រាប់សិស្សនៅមជ្ឈមណ្ឌលអាចចូលរៀនវិជ្ជាជីវៈនៅនឹងភូមិភាគ។ល។ ពិសេស សាលាបានរៀបចំទិវាពិគ្រោះ តម្រង់ទិសការងារ រៀនវិជ្ជាជីវៈ ដើម្បីប្អូនៗទៅទស្សនកិច្ចសិក្សា ឆ្លងកាត់បទពិសោធន៍នៅមូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់សាលា ចូលរួមស្វែងយល់ខ្លឹមសារនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈនីមួយៗនិងឱកាសការងារ។ អាស្រ័យហេតុនោះ ការជម្រើសសិស្សចូលរៀនឆ្នាំ២០២៣ ទទួលបានលទ្ធផលជាវិជ្ជមាន។ យោងតាមនោះ ឆ្នាំសិក្សា២០២៣-២០២៤ ការជ្រើសសិស្សរបស់សាលាសម្រាប់កម្រិតមធ្យមសិក្សាចំនួន១.០៧៦/៧០០នាក់ (សម្រេច១៥៤%) វិជ្ជាជីវៈកម្រិតបឋមចំនួន ១៨០/១២០នាក់ (សម្រេច១៥០%); ការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលករជនបទចំនួន៦៣០/២៤០នាក់ (សម្រេច២៦២,៥%)។
ការធ្វើពិពិធកម្មមុខរបរបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់កម្មករក្នុងស្ថានភាពថ្មី សាលារៀនបានផ្លាស់ប្ដូរវិធីសាស្រ្តបណ្ដុះបណ្ដាលប្រចាំឆ្នាំមកបណ្ដុះបណ្ដាលតាមវិធីសាស្រ្តក្រេឌិត សម្រាប់មុខវិជ្ជាជីវកម្រិតមធ្យមសិក្សាចំនួន១៦។ ការផ្លាស់ថ្មីវិធីសាស្រ្តបណ្ដុះបណ្ដាល និងបង្កើនការអនុវត្តដោយផ្ទាល់នៅក្នុងសាលានិងនៅតាមអាជីវកម្ម បានជួយឱ្យសិស្សពង្រឹងបានមុខជំនាញនិងមានទំនុកចិត្ត ខណៈពេលចេញធ្វើការងារជាក់ស្ដែង។ អនុវត្តគោលលំនាំ “សាលារៀន-អាជីវកម្ម-ការងារធ្វើ” សាលាបានរៀបចំពេលវេលាជាច្រើន សម្រាប់ធ្វើការជាមួយនឹងអាជីវកម្ម សំដៅបើកទូលាយកិច្ចសហការបណ្ដុះបណ្ដាល ផ្សារភ្ជាប់ជាមួយអាជីវកម្ម។ មកទល់ពេលនេះ មានអាជីវកម្មចំនួន១០បានចុះហត្ថលេខាលើអនុស្សរណៈសហការជាមួយសាលារៀន។ ឆ្នាំ សិក្សា២០២២-២០២៣ សាលាបានធ្វើការបញ្ជូនសិស្សឆ្នាំចុងក្រោយចំនួន២២៦នាក់ ទៅធ្វើកម្មសិក្សានៅតាមសាលាមធ្យមសិក្សា មហាវិទ្យាល័យ ក្រុមហ៊ុននិងអាជីវកម្មនៅតាមខេត្តអាងយ៉ាង ខេត្តដុងថាប ខេត្តឡុងអាង និងក្រុងហូជីមិញ។ ឆ្លងតាមរយៈនោះ បង្កើតឱកាសដើម្បីប្អូនៗទទួលបានបទពិសោធន៍និងជិតដិតបរិយាកាសការងារជាក់ស្ដែងជាមួយនឹងទម្រង់ឧបករណ៍ថ្មី ទំនើប ហើយក៏ជាឱកាសសម្រាប់ពួកគេស្វែងយល់បន្ថែមអំពីវិស័យការងារ មុខរបរជួយឱ្យប្អូនៗមានឱកាសច្រើន ក្នុងការស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា។ល។
ចំពោះទិសដៅនៅពេលខាងមុខ លោកគ្រូកាវវ៉ាន់ធិត នាយកសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង ឱ្យដឹង៖ សាលាផ្ដោតលើការតម្រង់ទិសការងារស៊ីជម្រៅទៅតាមមុខរបរនីមួយៗសម្រាប់សិស្ស។ សាលាបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ហាត់បង្រៀន រៀបចំកម្មពិធីប្រឡងរៀបរៀងគម្រោងបង្រៀនអេឡិចត្រូនិក។ សាលារៀបចំបណ្ដុះបណ្ដាលនិងបណ្ដុះបណ្ដលកងជួរគ្រូបង្រៀនឡើងវិញ លើកទឹកចិត្តគ្រូបង្រៀនបំប៉នចំណេះដឹងវិជ្ជាជីវៈ និងសិក្សាយកសញ្ញាបត្រទីពីរ ដើម្បីធានាសម្របខ្លួនជាមួយនឹងតារាងវិជ្ជាជីវៈបណ្តុះបណ្ដាលរបស់សាលានាបច្ចុប្បន្ននិងតទៅអនាគត៕
ថាញឡុង-ថាច់ធី