តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានឱ្យដឹង គម្រោងទី៦ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១ - ២០៣០ ត្រូវបានភូមិភាគផ្សព្វផ្សាយអនុវត្តយ៉ាងល្អ។
ប្រជាជនមកទស្សនាវត្ថុបុរាណរបស់ជនរួមជាតិខ្មែរក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ ខេត្តគៀងយ៉ាង ឆ្នាំ២០២៣។
នាពេលថ្មីៗនេះ គៀងយ៉ាងបានប្រគល់គម្រោងវិនិយោគ “អភិរក្សនិងអភិវឌ្ឍភូមិវប្បធម៌ប្រពៃណីជនជាតិខ្មែរ” នៅភូមិសួដួ ឃុំវិញហ្វាហេប ស្រុកចូវថាញ់។ ឃើញថា មានពិធីបុណ្យប្រពៃណីនិងវប្បធម៌ប្រជាប្រិយខ្មែរជាច្រើន ត្រូវបានស្តារឡើងវិញ និងបន្តថែរក្សា បង្កើតឱ្យមានភាពសម្បូរបែប។ ពិសេស គឺពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ ត្រូវបានបង្កើនកម្រិតទៅជាទិវាបុណ្យវប្បធម៌-កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរ នៅខេត្តគៀងយ៉ាង ដែលប្រារព្ធឡើងនៅស្រុកហ្គក្វាវ ទាក់ទាញអ្នកចូលរួមជាង២០០ពាន់នាក់ ជារៀងរាល់ឆ្នាំ។ល។
ក្រុមសិល្បៈខ្មែរឃុំឌិញហ្វា សម្តែងក្នុងទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរ
ខេត្តគៀងយ៉ាង ឆ្នាំ២០២៣។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានឱ្យដឹង បច្ចុប្បន្នក្នុងខេត្តទាំងមូលមានវត្តខ្មែរ៧៦វត្ត ដែលក្នុងនោះមានវត្តជាច្រើនត្រូវបានជួសជុល តុបតែងមានភាពសមរម្យ ដោយរក្សាបាននូវស្ថាបត្យកម្មដ៏ពិសេស។ វត្តខ្មែរមិនត្រឹមតែជាកន្លែងប្រារព្ធពិធីកិច្ចព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរៀបចំពិធីបុណ្យ ផ្សព្វផ្សាយបទពិសោធន៍ផលិតកម្ម និងផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ជាមួយនឹងការជួសជុល តុបតែងវត្តអារាមខ្មែរ បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ក៏ត្រូវបានការពារកាន់តែប្រសើរឡើង ហើយត្រូវបានវិនិយោគធនធានមនុស្ស និងទឹកប្រាក់បន្ថែម ដើម្បីរក្សានូវតម្លៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ក្រៅពីនេះ ការអភិរក្ស សមុច្ច័យនិងរក្សាវត្ថុបុរាណខ្មែរ ក៏ត្រូវបានអង្គភាពនានាអនុវត្តយ៉ាងល្អផងដែរ។ បច្ចុប្បន្ន សារមន្ទីរខេត្តគៀងយ៉ាង កំពុងដាក់តាំងវត្ថុបុរាណវប្បធម៌ខ្មែរ៥០០ប្រភេទ។
ដើម្បីឱ្យការងារអភិរក្សតម្លៃវប្បធម៌ខ្មែរ ពង្រីកបានវិសាលភាព ក្រៅពីក្រុមសិល្បៈខ្មែរ ខេត្តគៀងយ៉ាងដែលតែងតែរៀបចំដំណើរចេញទៅសម្តែងជារៀងរាល់ឆ្នាំ ខេត្តក៏បានបង្កើតក្រុមសិល្បៈខ្មែរចំនួន១០ក្រុម នៅតាមឃុំនិងទីប្រជុំជនដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ខេត្តនៅទាំងរៀបចំពិធីប្រឡងនិងពិធីសម្តែងសិល្បៈខ្មែរ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្តជារៀងរាល់ឆ្នាំ សំដៅរួមចំណែកថែរក្សា លើកស្ទួយ និងអភិរក្សវប្បធម៌ខ្មែរ តាមរយៈបទចម្រៀង ចង្វាក់រាំ ឧបករណ៍ភ្លេង និងទេពកោសល្យសម្តែង។ល។ ប្អូនយ័ញមិញក្វី សមាជិកក្រុមសិល្បៈខ្មែរនៅឃុំឌិញហ្វា ស្រុកហ្គក្វាវ បានឱ្យដឹង៖ “បច្ចុប្បន្ន ក្នុងក្រុមមានប្អូនតូចៗជាច្រើននាក់ ប៉ុន្តែពួកគេមានទឹកចិត្តស្រឡាញ់សិល្បៈនិងមានទេពកោសល្យល្អណាស់។ ក្រៅពីម៉ោងសិក្សា ប្អូនៗបានស្ម័គ្រចិត្តទៅវត្តដើម្បីហាត់រាំ ហាត់ច្រៀងយ៉ាងច្រើនកុះករ៕
ហាថាញ - ប្រែសម្រួល៖ សុផន