ការងារបណ្ដុះបណ្ដាល បំប៉នកម្មាភិបាល បុគ្គលិកក្នុងវិស័យសុខាភិបាល ត្រូវបានថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តត្រាវិញ យកចិត្តទុកដាក់និងអនុវត្តយ៉ាងល្អ។ តាំងពីនោះ កងជួរនេះត្រូវបានធ្វើឱ្យសុក្រឹតនិងគុណភាពនៃការបម្រើប្រជាជនបានប្រសើរឡើងជាលំដាប់។
ប្រជាជនកំពុងពិនិត្យជំងឺនៅមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ។
ទូទាំងខេត្តត្រាវិញ បច្ចុប្បន្ន មានមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺ១២៩កន្លែង; មាន២៦,៤គ្រែពេទ្យលើមួយម៉ឺនប្រជាជន។ ផ្នែកសុខាភិបាលក៏ពង្រឹងការងារផ្សព្វផ្សាយនិងកៀគរប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល។ មកដល់បច្ចុប្បន្ន អត្រាមនុស្សចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេចជិត៨២%។ តាំងពីដើមឆ្នាំមកដល់ពេលនេះ មានមនុស្សចំនួន១.១៩៣.៥៩៣នាក់បានមកពិនិត្យនិងព្យាបាលជំងឺ។ មូលដ្ឋានសុខាភិបាល ក៏បានប្រទះឃើញនិងវិនិច្ឆ័យ៤៨សម្បុករោគនិងជំងឺពងដៃ ជើង មាត់ ១៣០ ករណី។ល។
លោកគៀងសុខា ប្រធានមន្ទីរសុខាភិបាលខេត្តត្រាវិញ ឱ្យដឹង៖ “ក្នុងរយៈពេលកន្លង ផ្នែកសុខាភិបាលខេត្តត្រាវិញ តែងបំពេញភារកិច្ចយ៉ាងល្អប្រសើរក្នុងការថែទាំនិងការពារសុខភាពប្រជាជន។ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងការបម្រើការងាររបស់គ្រូពេទ្យ វេជ្ជបណ្ឌិត។ មន្ទីរសុខាភិបាលខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចលេខ ២១៥១/ QĐ-BYT ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងសុខាភិបាល ស្តីពីការអនុម័តលើផែនការអនុវត្ត “ការផ្លាស់ប្តូរបែបបទនិងអាកប្បកិរិយារបស់បុគ្គលិកពេទ្យ ឆ្ពោះទៅរកការពេញចិត្តរបស់អ្នកជំងឺ”។ ដើម្បីផ្លាស់ប្តូរការយល់ដឹងអាកប្បកិរិយានិងរបៀបរបបបម្រើការងាររបស់បុគ្គលិកពេទ្យ មន្ទីរសុខាភិបាលខេត្តសហការជាមួយផ្នែកឯកទេស បើកវគ្គបណ្តុះបណ្តាល បំណិនទំនាក់ទំនងនិងក្រមសីលធម៌ជាច្រើនថ្នាក់ លើកកម្ពស់ស្មារតីនិងអាកប្បកិរិយាពង្រឹងទំនុកចិត្ត និងការពេញចិត្តរបស់អ្នកជំងឺ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលដើម្បីជួយប្រជាជនទទួលបានសេវាកម្មសុខាភិបាល កសាងរូបភាពបុគ្គលិកពេទ្យក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍរបស់ប្រទេសជាតិ”។
អ្នកមីងគៀងធីស្វឹង នៅអនុសង្កាត់ទី១០ សង្កាត់ទី៧ ក្រុងត្រាវិញ ឱ្យដឹង៖ “ខ្ញុំមានអាយុ៦៥ឆ្នាំ មានជំងឺលើសឈាមជារៀងរាល់ខែ ខ្ញុំតែងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ។ អាកប្បកិរិយារបស់បុគ្គលិក គ្រូពេទ្យ និងវេជ្ជបណ្ឌិតនៅទីនេះ រួសរាយរាក់ទាក់អស់ពីចិត្តពីថ្លើម ប្រជាជនពិតជារំភើបចិត្តណាស់”។
តាមប្រសាសន៍លោក គៀងសុខា រយៈពេលខាងមុខ មន្ទីរសុខាភិបាលនឹងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់វិជ្ជាជីវៈ និងគុណភាពមុខជំនាញសម្រាប់បុគ្គលិកពេទ្យ; ជំរុញការកែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយពេលវេលារង់ចាំ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការទទួលបានសេវាកម្ម និងកាត់បន្ថយថ្លៃព្យាបាល កាត់បន្ថយការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យថ្នាក់លើ។ ដោយឡែក មជ្ឈមណ្ឌលសុខាភិបាលនៅមូលដ្ឋាន ដែលខ្វះគ្រូពេទ្យនិងវេជ្ជបណ្ឌិត មន្ទីរសុខាភិបាលមានគម្រោងធ្វើឱ្យសុក្រឹតកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរជាងទៀត៕
សើុងម៉ាល័យ-មេងលី