ឆ្នាំនេះ ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង លើកទី១៥ ឆ្នាំ២០២៣ (ហៅកាត់ថា ទិវាបុណ្យ) នឹងប្រព្រឹត្តឡើងក្នុងរយៈពេល៤ថ្ងៃ (ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា) នៅទីប្រជុំជនហ្គក្វាវ ស្រុកហ្គក្វាវ ក្នុងឱកាសបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ។
សិល្បករ - ការិនីសម្តែងសិល្បៈនៅលើវេទិកាក្បែរច្រាំងទន្លេកៃលើង។
តាមផែនការលេខ ២៣៧/KH-UBND របស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ទិវាបុណ្យត្រូវបានរៀបចំឡើងដោយទ្រង់ទ្រាយថ្នាក់ខេត្ត។ ពិធីបើកទិវាបុណ្យនឹងប្រព្រឹត្តឡើងនៅម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាមាត់ទន្លេកៃលើង ទីប្រជុំជនហ្គក្វាវ។ ទិវាបុណ្យមានសកម្មភាពជាច្រើន ដូចជា៖ ពិធីសែនព្រះខែ; ផ្សារណាត់ពាណិជ្ជកម្ម និងឧទ្ទេសនាម ផលិតផលភូមិភាគ; តាំងពិព័រណ៍រូបភាពនិងវត្ថុតាំងរបស់ជនជាតិខ្មែរ; ដាក់តាំង ឧទ្ទេសនាម សៀវភៅ; ពិធីប្រឡងក្បូនលយប្រទីបស្អាត ពិធីប្រឡងសម្រស់ស្រ្តីខ្មែរនិងប្រគំភ្លេងពិណពាទ្យជាដើម។ ក្នុងក្របខ័ណ្ឌទិវាបុណ្យនឹងមានពានរង្វាន់ប្រកួតកីឡាជាច្រើន ដូចជា៖ ប្រកួតគុនតេក្វាន់ដូ; ប្រណាំងទូក-ង និងប្រកួតបាល់ទាត់បុរសស្រុកហ្គក្វាវឆ្នាំ២០២៣។ល។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ “ទិវាបុណ្យត្រូវបានបន្តរក្សានិងអនុវត្តរៀងរាល់ឆ្នាំ ដោយទាក់ទាញមនុស្សរាប់រយពាន់លើកនាក់ចូលរួម ពិសេស គឺទស្សនាការប្រណាំងទូក-ង។ ទោះបីជាទ្រង់ទ្រាយថ្នាក់ខេត្តក៏ដោយ ប៉ុន្តែទិវាបុណ្យមានភ្ញៀវទេសចរច្រើនកុះករមកពីខេត្ត ក្រុងជិតខាង ចូលរួមទស្សនា លើកទឹកចិត្ត”។
ប្រជាជនមកគាំទ្រ លើកទឹកចិត្តការប្រណាំងទូក-ងយ៉ាងច្រើនកុះករ
ចាប់ពីនៅលើច្រាំងរហូតដល់លើផ្ទៃទន្លេ។
ចាប់ពីដើមខែវិច្ឆិកា ប្រជាជន គណៈកម្មការវត្តនានាបានត្រៀមបម្រុងរៀបចំទិវាបុណ្យយ៉ាងហ្មត់ចត់។ ពូឡឹមថឹង សមាជិកគណៈកម្មការវត្តព្រែកព្រលិត នៅភូមិហ្វាហ៊ីវ ស្រុកហ្គក្វាវ ឱ្យដឹង៖ “ឆ្នាំកន្លង ក្បូនលយប្រទីបរបស់វត្តមិនទទួលបានរង្វាន់ខ្ពស់ដូចបំណង ម្ល៉ោះហើយ ឆ្នាំនេះព្រះចៅអធិការនិងគណៈកម្មាការវត្ត បានពិភាក្សាពីរបៀបស្អិតស្អាងក្បូនលយប្រទីប ប្តេជ្ញាឆ្នាំនេះត្រូវតែទទួលបានរង្វាន់”។ ពូត្រឿងម៉ឹង នៅភូមិហ្វាហីវ ក៏ជាសមាជិកគណៈកម្មការវត្តព្រែកព្រលិតដែរ គាត់ឱ្យដឹង៖ “ឆ្នាំនេះ យើងខ្ញុំជម្នះបាននូវបញ្ហាចរន្តអគ្គិសនីមិនប្រក្រតី ដែលបណ្តាលឱ្យភ្លើងរអាក់រអួល។ ខ្ញុំគិតថា បញ្ហានេះក៏ប៉ះពាល់ដល់គុណភាពក្បូនលយប្រទីប និងកាត់បន្ថយពិន្ទុប្រឡងផងដែរ”។ សមាជិកគណៈកម្មការវត្ត គិតពីរង្វាន់ប្រឡង ចំណែកពុទ្ធបរិស័ទ និងទស្សនិកជនតែងទន្ទឹងរង់ចាំដល់ទិវាបុណ្យនេះ ដើម្បីបានទស្សនាឈុតសិល្បៈដ៏វិសេស និងបានមើលប្រណាំងទូក-ង។ បងស្រីធីអុកកៀ នៅស្រុកយ៉ុងរៀង ឱ្យដឹង៖ “ឱ្យតែដល់ទិវាបុណ្យ គ្រួសារខ្ញុំតែងបើកទូកស្មាច់ទៅទន្លេកៃលើង ដើម្បីមើលប្រណាំងទូក-ង។ យើងខ្ញុំនៅលើទូកស្មាច់នៅក្បែរច្រាំងទន្លេមើលស្រឡះជក់ចិត្តជាងនៅលើគោក។ ហេតុនោះ ឆ្នាំនេះយើងខ្ញុំនឹងទៅមើលទៀត”៕
ហាថាញ - វិមាន