ដោយសារមូលហេតុជាច្រើន ទើបកាលពីកុមារភាពមិនបានទៅរៀននឹងគេ។ ឥឡូវ ពេលកូនចៅចេះអាន ចេះសរសេរ និងចេញទៅប្រលូកក្នុងសង្គមធ្វើការរកស៊ី ពួកគាត់ដែលជាជីដូនជីតា នៅស្រុកទ្រីតូង ខេត្តអាងយ៉ាង ក៏បានឆ្លៀតឱកាសពេលយប់ ដើម្បីស្វែងរករៀនអក្សរសម្រាប់ខ្លួន។
ថ្នាក់រៀនអនក្ខរកម្មនៅសាលាបឋមសិក្សា “B” អូរឡឹម។
អ្នកមីង នាងខេន (កើតឆ្នាំ ១៩៦៦) នៅឃុំអូរឡឹម យកអត្តសញ្ញាណប័ណ្ណច្បាប់ ចម្លងរបស់គាត់ចេញ រួចបង្ហាញត្រង់ឈ្មោះដែលបានផ្តិតពុម្ព ហើយនិយាយប្រាប់យើងខ្ញុំ៖ “ថ្ងៃនេះខ្ញុំអាចសរសេរឈ្មោះរបស់ខ្លួនបានហើយ ប៉ុន្តែនៅមើលតាមតួអក្សរ។ រៀនអក្សរងាយចាំ ហើយក៏ឆាប់ភ្លេចដែរ ពីព្រោះពេលថ្ងៃធ្វើការងារច្រើន ម្យ៉ាងទៀតវ័យក៏ចាស់ទៀត”។ ចំណែកអ្នកមីងនាងគឹមលី (កើតឆ្នាំ១៩៦៧) សំណេះសំណាល៖ “រាប់សិបឆ្នាំមកនេះ ពេលមានកិច្ចការទៅធ្វើបែបបទនៅឃុំម្តងៗ សុទ្ធតែនាំកូនចៅទៅជាមួយ។ ឥឡូវខ្ញុំត្រូវខំប្រឹងរៀន ពេលចេះអក្សរហើយមានអារម្មណ៍សប្បាយណាស់។ គ្រាន់តែអានអក្សរមិនទាន់បានត្រឹម ត្រូវតាមសញ្ញាប៉ុណ្ណោះ”។
លោកចៅសុខវណ្ណ នាយករងមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំអូរឡឹម ឱ្យដឹង៖ ភូមិភាគបានជូនដំណឹងដល់មាមីងអំពីការបើកថ្នាក់អនក្ខរកម្ម។ គោលដៅរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល បានកំណត់ឱ្យឃុំនីមួយៗកៀរគរសិក្ខាកាមឱ្យបាន៣៥នាក់ គណៈកម្មាធិការប្រជាជនស្រុកទ្រីតូង បានប្រគល់ឱ្យឃុំអូរឡឹម កៀរគរសិក្ខាកាម៥០នាក់ លទ្ធផលក្រោយពីការចលនា មានសិក្ខាកាមមកចុះឈ្មោះចំនួន១១៤នាក់។ ក្រោយពីបិទបញ្ជី ឃុំបានដកថវិកាមួយភាគធ្វើជាអំណោយជូនដល់សិក្ខាកាមម្នាក់ៗមួយចំណែក។ សៀវភៅសម្រាប់បង្រៀន ជនរួមជាតិខ្មែរគឺ គណិតវិទ្យា និងភាសាវៀត ថ្នាក់ទី១ អាស្រ័យមន្ទីរអប់រំនិងបណ្តុះបណ្តាលផ្តល់ជូន។ ក្រោយមួយរយៈពេលសិក្សានឹងរៀបចំការប្រឡង រួចជូនវិញ្ញាបនបត្រតាមតម្រូវការរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល។
ទន្ទឹមនឹងនោះ សមាគមជំរុញការសិក្សាឃុំបានគិតគូរអំពីសិក្ខូបករណ៍សម្រាប់មាមីង ដូចជា សៀវភៅ ប៊ិកជាដើម។ ប្រធានសមាគមជំរុញការសិក្សាឃុំអូរឡឹម លោកចៅសុខសា ឱ្យដឹង៖ “ខ្ញុំបានចូលរួមដើរកៀរគរមាមីងចូលរៀន ឃើញអ្នកណាក៏មានក្តីរំភើបពេលមានគោលការណ៍នេះ។ មាមីងយល់ថា ឥឡូវធ្វើអ្វីក៏ត្រូវការក្រដាសស្នាម បែបបទ តែបើមិនចេះអក្សរ គឺខាតប្រយោជន៍ច្រើនណាស់។ រៀនអក្សររួច ស្វែងយល់ព័ត៌មានបន្ថែមនឹងពង្រីកចំណេះដឹង ម្ល៉ោះហើយមានមាមីងខ្លះមានវ័យចំណាស់ណាស់ទៅហើយនៅតែចុះឈ្មោះចូលរៀននឹងគេដែរ”។
នៅថ្នាក់រៀននេះ មិនត្រឹមតែមានការខិតខំប្រឹងប្រែងរបស់ “សិស្សពិសេស” ប៉ុណ្ណោះទេ រីឯគ្រូបង្រៀនក៏ប្តេជ្ញាយកអស់ពីចិត្តពីថ្លើម បង្ហាត់បង្រៀនដែរ។ តួយ៉ាងដូចលោកគ្រូចៅសុខខាន់ (ប្រធានប្លុកថ្នាក់ទី១សាលាបឋមសិក្សា “B” អូរឡឹម) ទទួលបន្ទុកថ្នាក់មានសិក្ខាកាម៣៦នាក់។ លោកគ្រូបានបំពេញការងារនៅឃុំអូរឡឹម២៦ឆ្នាំ ម្ល៉ោះហើយ មនោសញ្ចេតនារបស់លោកគ្រូពោរពេញដោយក្តីស្រឡាញ់ចំពោះរបរ “បង្រៀនក្មេង” និងប្រជាជននៅភូមិភាគ។
លោកគ្រូចៅសុខខាន់ គិតស្មានៗ ក្នុងឃុំមានជនរួមជាតិខ្មែរជាច្រើនបានជោគជ័យដោយសារបានរៀនសូត្រចប់ចុងចប់ដើម។ ចំពោះសិក្ខាកាមមានវ័យចំណាស់ ប្រការដែលលោកគ្រូកោតសរសើរបំផុតគឺស្មារតីឆ្លងកាត់លំបាករបស់ពួកគាត់។ ទោះបីជាមានព្យុះភ្លៀង ផ្ទះនៅឆ្ងាយក៏ដោយ ហាក់ដូចជាគ្មានអ្នកណាអវត្តមានសោះ។ សូម្បីតែគ្រួសារដែលមានចៅតូច គ្មានអ្នកណាមើលថែ គាត់ក៏នាំចៅចូលថ្នាក់រៀនដែរ។ ព្រោះហេតុនោះ ទោះបីពេលថ្ងៃ ជាប់បង្រៀន២ពេលដល់សិស្សសាលាបឋមសិក្សាក៏ដោយ ប៉ុន្តែលោកគ្រូនៅតែអស់ពីចិត្តចំពោះភារកិច្ចរបស់ខ្លួនចូលបង្រៀន “ពេលយប់” ដល់មាមីងយាយតាពុំដែលអាក់ខានឡើយ៕
យោង៖ កាសែតអាងយ៉ាង-វិមាន