30/10/2023 - 16:49

យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល​អក្សរ​ខ្មែរ​

បច្ចុប្បន្ន​ សាលា​រៀន​ទាំង​អស់​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​សុក​ត្រាំង​ តែង​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស។​ អា​ស្រ័យ​ហេតុ​នេះ​ បាន​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​តម្លៃ​ភាសា​និង​អក្សរ​សាស្រ្ត​ជន​ជាតិ។​

បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​វត្ត​បឹង​ទន្សា ឃុំ​វៀង​អាង​ ស្រុក​ត្រឹង​ដេ។

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​សិក្សា​២០២២ - ២០២៣ ក្នុង​ខេត្ត​ទាំង​មូល​មាន​ ១៣១​សាលា​បង្រៀន​អក្សរ​ខ្មែរ​ មាន​១.៣១៩​បន្ទប់​ មាន​សិស្ស​ជាង​៤៤.​៤០០​នាក់។​ ក្នុង​នោះ​ កម្រិត​បឋម​សិក្សា​មាន​៩១​សា​លា​មាន​៩២៩ បន្ទប់​; អនុវិទ្យា​ល័យ​មាន​៣៣​សា​លា​ មាន​៣៤៦​បន្ទប់​; កម្រិត​វិទ្យា​ល័យ​មាន​៧​សា​លា​ និង​មាន​ ៤៤​បន្ទប់​។​ សិស្ស​ជន​ជាតិ​ខ្មែរ​រៀន​តាម​កម្ម​វិធី​សិក្សា​និង​សៀវ​ភៅ​សិក្សា​គោល ដែល​ចង​ក្រង​ដោយ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ រៀន​ឆ្លាស់​ជា​មួយ​កម្ម​វិធី​សិក្សា​ចំ​ណេះ​ទូទៅ។​ ដូច​ជា​សិស្ស​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ រៀន​អក្សរ​ខ្មែរ​២ ម៉ោង​ក្នុង​មួយ​សប្តាហ៍; សិស្ស​ថ្នាក់​ទី​៤ និង​ទី​៥ រៀន​៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​; សិស្ស​អនុវិទ្យា​ល័យ​រៀន​ពី​៣-៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​សិស្ស​វិទ្យា​ល័យ​រៀន​២​ម៉ោង​ក្នុង​មួយ​សប្តាហ៍។​ អ្នក​គ្រូ​ម៉ាយ​ធី​ធូភឿង បង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​បឋម​សិក្សា​ថាញ់​ភូ​២ ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង​ បាន​ឱ្យ​ដឹង៖ “សិស្ស​ខ្មែរ​ភាគ​ច្រើន​ បាន​រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​នា​រដូវ​វិស្សម​កាល​ ដូច្នេះ​នៅ​ពេល​ចូល​រៀន​ ប្អូន​ៗ​បាន​ចេះ​អាន​និង​ចេះ​សរ​សេរ​រួច​ទៅ​ហើយ។​ ម្ល៉ោះ​ហើយ​ ពេល​នាង​ខ្ញុំ​បង្រៀន​ សិស្ស​ថ្នាក់​ទី​១ ក៏​យល់​មេ​រៀន​បាន​ឆាប់​ណាស់​ ព្រម​ទាំង​អាន​និង​សរ​សេរ​បាន​ល្អ​ដែរ”។​

បង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​បឋម​សិក្សា​ ឃុំ​វៀង​អាង​ ស្រុក​ត្រឹង​ដេ ។​

ដោយ​សារ​ខេត្ត​សុក​ត្រាំង​មាន​គោល​នយោ​បាយ​អនុគ្រោះ​សម្រាប់​អ្នក​រៀន​អក្សរ​ខ្មែរ​ ម្ល៉ោះ​ហើយ​ មាន​វត្ត​ជា​ច្រើន​បាន​រៀប​ចំ​បើក​បង្រៀន​អក្សរ​ខ្មែរ​ ហើយ​សិស្ស​មក​ចូល​រៀន​ក៏​កើន​ឡើង​ជា​លំ​ដាប់​ផង​ដែរ​។​ ហេតុ​នោះ​ ពេល​រៀន​អក្សរ​ខ្មែរ​នៅ​សាលា​ចំ​ណេះ​ទូទៅ​ ប្អូន​ៗ​ក៏​តាម​ទាន់​មេ​រៀន​បាន​ល្អ។​ កាល​ពី​ឆ្នាំ​២០២២ នៅ​ខេត្ត​សុក​ត្រាំង​ទាំង​មូល​មាន​វត្ត​ខ្មែរ​ចំ​នួន​៦៧​វត្ត​  បាន​រៀប​ចំ​បើក​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ ដោយ​មាន​១៩៧​បន្ទប់​ មាន​សិស្ស​ខ្មែរ​ចំ​នួន​ ៤.៤៥៥​នាក់​ចូល​រៀន។​ ប្អូន​លី​អាញ​យ្វី ជា​សិស្ស​ថ្នាក់​ទី​៨ នៃ​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ បាន​និយាយ​ថា៖ “រដូវ​វិស្សម​កាល​ គឺប្អូន​បាន​ទៅ​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ចន្ទ​សោ​ភ័ណ​ព្រែក​អណ្តើក ដូច្នេះ​ឥឡូ​វប្អូន​អាច​អាន​អក្សរ​ខ្មែរ​បាន​ស្ទាត់​ជំ​នាញ។​ ចំ​ណែក​រៀន​នៅ​សាលា​ចំ​ណេះ​ទូទៅ​ក៏​មាន​បង្រៀន​អក្សរ​ខ្មែរ​៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដែរ​ ដូច្នេះ​កាន់​តែ​ជួយ​ឱ្យ​ប្អូន​រៀន​បាន​ល្អ​វិញ្ញា​សា​អក្សរ​ខ្មែរ”។​

យោង​តាម​ប្រ​សាសន៍​លោក​យ័ញ​ហ្វាង​ង្វៀង​ នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ គឺខេត្ត​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ ដូច្នេះ​ ក្រៅ​ពី​ការ​បង្រៀន​នៅ​តាម​សាលា​រៀន​ ខេត្ត​ក៏​មាន​គោល​នយោ​បាយ​ពិសេស​ឧបត្ថម្ភ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​អា​រាម​ និង​គ្រឹះ​ស្ថាន​អប់រំ​ក្រៅ​ប្រ​ព័ន្ធ​សាលា​រដ្ឋ​ផង​ដែរ។​ លើស​ពី​នេះ​ ខេត្ត​សុក​ត្រាំង​ក៏​មាន​គម្រោង​ “បណ្តុះ​បណ្តាល​អក្សរ​ខ្មែរ​សម្រាប់​កម្មា​ភិបាល​និង​បុគ្គ​លិក” បាន​បង្រៀន​សន្ទ​នា​ និង​អក្សរ​ខ្មែរ​ដល់​កម្មា​ភិបាល​រាប់​រយ​នាក់ ដែល​បម្រើ​ការ​ងារ​នៅ​តំ​បន់​ជន​ជាតិ​ខ្មែរ។​ អា​ស្រ័យ​ហេតុ​នេះ​ បាន​រួម​ចំ​ណែក​អភិរក្ស​និង​ពង្រីក​តម្លៃ​ភាសា​ អក្សរ​សាស្រ្ត​ខ្មែរ។​

ក្នុង​ឆ្នាំ​សិក្សា​២០២៣​-២០២៤ ផ្នែក​អប់រំ​ខេត្ត​បន្ត​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ដល់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ សំ​ដៅ​មាន​សាលា​រៀន​៨០% បាន​សម្រេច​បទ​ដ្ឋាន​ជាតិ។​ អនុវត្ត​ល្អ​ការ​ងារ​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សាលា​ដែល​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​រៀន​ច្រើន។​ ជា​មួយ​គ្នា​នេះ​ សូម​លើក​ទឹក​ចិត្ត​ដល់​វត្ត​ខ្មែរ​នា​នា​ បន្ត​បើក​បង្រៀន​ភាសា​និង​អក្សរ​ដល់​កូន​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល៕​

                          យ្វីអា​ញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ