ខេត្តសុកត្រាំង តែងផ្តោតការយកចិត្តទុកដាក់ដល់ការវិនិយោគកសាងសាលារៀននិងបំពាក់គ្រឿងសម្ភារៈបរិក្ខារ ឧបករណ៍បង្ហាត់បង្រៀនគ្រប់សព្វដល់សាលារៀននានានៅតំបន់ជនរួមជាតិខ្មែរ ម្ល៉ោះហើយគុណភាពអប់រំត្រូវបានកើនឡើងជាលំដាប់ រួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្សគុណភាពខ្ពស់ សម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត។
វិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បានកសាងរឹងមាំនិងបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់សម្រាប់បង្ហាត់បង្រៀន ម្ល៉ោះហើយគុណភាពអប់រំកើនឡើងជាលំដាប់។
បច្ចុប្បន្ន ទូទាំងខេត្តមានវិទ្យាល័យជនជាតិអន្តេវាសិកចំនួន១០សាលា បានវិនិយោគតាមទិសដៅសម្រេចបទដ្ឋានគ្របដណ្តប់នៅគ្រប់ស្រុក ទីរួមខេត្ត ក្រុង។ ដោយប្រភពទុននៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចដំណាក់កាល I ឆ្នាំ២០២១-២០២៥ ខេត្តសុកត្រាំង បានចំណាយទឹកប្រាក់ជាង១២២ពាន់លានដុងដើម្បីកសាងបន្ថែម បង្កើនកម្រិតមូលដ្ឋានសម្ភារៈ គ្រឿងបរិក្ខារ ឧបករណ៍បង្ហាត់បង្រៀនដល់វិទ្យាល័យជនជាតិអន្តេវាសិកចំនួន៧សាលា។ ទន្ទឹមនឹងនោះ ប្រព័ន្ធសាលារៀនចាប់ពីមត្តេយ្យ រហូតដល់វិទ្យាល័យនៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបានជួសជុល កសាងថ្មីរឹងមាំ ឆ្លើយតបល្អតម្រូវការបង្រៀននិងរៀន រួមចំណែកលើកកម្ពស់គុណភាពខ្ពស់អប់រំតំបន់ជនជាតិ។
សាលារៀននៅតំបន់ជនជាតិខ្មែរ ត្រូវបានវិនិយោគកសាងរឹងមាំ ឆ្លើយតបតម្រូវ
ការបង្ហាត់បង្រៀននិងរៀន។
អនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ស្រុកឡុងភូ បានកសាងអន្តេវាសិកដ្ឋានថ្មីចំនួន១០បន្ទប់ មណ្ឌលរដ្ឋបាល; ជួសជុល៨បន្ទប់រៀន អន្តេវាសិកដ្ឋានចាស់២៥បន្ទប់ និងអាហារដ្ឋាន។ល។ ឆ្លើយតបតម្រូវការស្នាក់នៅរៀនសូត្ររបស់សិស្ស។ លោកគ្រូលៀងហៀងសឺ នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកឡុងភូ ឱ្យដឹង៖ “កាលពីមុននេះ មូលដ្ឋានសម្ភារៈវិនិយោគមិនទាន់បានសម្រេចរួចរាល់ ម្ល៉ោះហើយសិស្សដែលស្នាក់នៅអន្តេវាសិកដ្ឋាន មានតែប្រមាណ៧០%ប៉ុណ្ណោះ ចំណែកឆ្នាំនេះ មានមូលដ្ឋានសម្ភារៈសមរម្យ បានបំពាក់គ្រឿងបរិក្ខារគ្រប់គ្រាន់ ហេតុនោះទាំងគ្រូនិងសិស្សរបស់សាលារីករាយណាស់។ ម្យ៉ាងទៀត សាលាក៏បានអនុវត្តគ្រប់គ្រាន់របបគោលនយោបាយអនុគ្រោះសម្រាប់គ្រូបង្រៀន យកចិត្តទុកដាក់បំប៉នមុខជំនាញ ម្ល៉ោះហើយ គុណភាពបង្ហាត់បង្រៀនកាន់តែមានប្រសិទ្ធភាព”។
លោកគ្រូគឹមវ៉ាន់ង៉យ នាយករងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “ចាប់ពីដើមឆ្នាំសិក្សា សាលាបានកសាងផែនការជាក់ស្តែងនិងផ្សព្វផ្សាយដល់គ្រូបង្រៀនដើម្បីអនុវត្ត។ ក្នុងនោះ ផ្តោតទៅលើការផ្លាស់ថ្មីវិធានការបង្ហាត់បង្រៀនឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់សាលា ធានាត្រឹមត្រូវនិងគ្រប់ខ្លឹមសារនៃកម្មវិធីបង្ហាត់បង្រៀនដែលក្រសួងអប់រំនិងបណ្តុះបណ្តាលបានកំណត់; ពិសេស ផ្តោតទៅលើជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងនិងបង្ហាត់បង្រៀន បង្កើនសកម្មភាពអប់រំដល់សិស្ស; ផ្តល់ព័ត៌មាន ពីលទ្ធផលរៀនសូត្ររបស់សិស្សដល់អាណាព្យាបាលទាន់ពេល ដើម្បីរួមសហការអប់រំ។ អាស្រ័យហេតុនោះ គុណភាពអប់រំត្រូវបានធានា រៀងរាល់ឆ្នាំ សាលាមានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់១០០%”។
តាមប្រសាសន៍លោក យ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង បច្ចុប្បន្ន គុណភាពអប់រំតំបន់ជនរួមជាតិខ្មែរវិវឌ្ឍយ៉ាងសកម្ម សិស្សបោះបង់ការរៀនសូត្រកាត់បន្ថយបន្តិចម្តងៗ។ ក្រៅពីនោះ ខេត្តតែងអនុវត្តគ្រប់គ្រាន់នូវគោលនយោបាយពិសេសដោយឡែកឧបត្ថម្ភដល់គ្រូបង្រៀននៅសាលាជនជាតិអន្តេវាសិកនិងសិស្សខ្មែរ ម្ល៉ោះហើយ ទើបកូនចៅខ្មែរបានទៅរៀនគ្រប់គ្នា។ រៀងរាល់ឆ្នាំ អត្រាសិស្សបានទទួលស្គាល់ប្រឡងជាប់អនុវិទ្យាល័យ វិទ្យាល័យ សម្រេចចាប់ពី៩៩%-១០០%៕
លីធាន-លីសៀ