ឡាយសើុងឬហៅថា កោះសើុងជាឃុំកោះរបស់ស្រុកគៀងហាយ ខេត្តគៀងយ៉ាង។ រដ្ឋអំណាចនិងប្រជាជននៅលើកោះតែងរួមកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដូច្នេះ តែងមានភាពសុខសាន្ត ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តច្រើនកុះករ។
ទោះបីកំពង់ផែមានមនុស្សធ្វើដំណើរទៅមកពពាក់ពពូន
ប៉ុន្តែឡាយសើុងមានភាពសុខសាន្ត។
តាមរយៈនោះ នគរបាលឃុំឡាយសើុង តែងសហការជាមួយនឹងគណៈ ផ្នែក និងអង្គការមហាជននានា ដើម្បីរៀបចំការផ្សព្វផ្សាយដល់ប្រជាជននៅលើកោះ អំពីការបង្ការបង្ក្រាបបទល្មើស និងបាបគ្រោះសង្គមជារឿយៗ។ ទន្ទឹមនឹងនោះ កៀរគរប្រជាជនចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ម្យ៉ាងទៀត នគរបាលឃុំនៅទាំងរៀបចំដើរល្បាតលើភូមិសាស្ត្ររាប់រយលើក ដើម្បីធានាសណ្តាប់ធ្នាប់នៅកន្លែងដែលមានមនុស្សច្រើនកុះករ ដូច៖ កំពង់ផែ កន្លែងហូបចុក កន្លែងកម្សាន្ត មណ្ឌលទេសចរណ៍ ឆ្នេរងូតទឹក។ល។ បងស្រីលីធីហ្វា ជាភ្ញៀវទេសចរមកពីខណ្ឌនិញកេវ ក្រុងកឹងធើ ឱ្យដឹង៖ “ខ្ញុំចូលចិត្តមកកម្សាន្តនៅកោះសើុង ពីព្រោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះល្អណាស់។ ខ្ញុំតែងបើកម៉ូតូជុំវិញកោះ ពុំទាន់ឃើញករណីណាដែលបើកម៉ូតូមិនពាក់មួកសុវត្ថិភាពនោះឡើយ។ នៅតាមកន្លែងថតរូប”សិប្បនិម្មិត”របស់កោះក៏មានសណ្តាប់ធ្នាប់ល្អ គ្មានករណីអូសទាញ ដណ្តើមភ្ញៀវ។ ប្រហែលជាឃើញដូច្នោះ ទើបភ្ញៀវទេសចរពេលមកលម្ហែកាយនៅទីនេះក៏មានស្មារតីភ្ញាក់រលឹកខ្ពស់ដែរ។ ការឈរជាជួរដើម្បីរងចាំដល់វេនខ្លួន គឺជាប្រការមួយងាយជួបប្រទះនៅតាមភោជនីយដ្ឋាននិងមណ្ឌលទេសចរណ៍ដែលមានមនុស្សច្រើន”។
អ្នកចូលរួមចរាចរណ៍តែងពាក់មួកសុវត្ថិភាព។
ភ្លើងបំភ្លឺផ្លូវ ជួយឱ្យប្រជាជនឃុំកោះធ្វើដំណើរទៅមកពេលយប់មានភាពងាយស្រួល។
កោះសើុងមានផ្ទៃដីទំហំប្រមាណ១៤គីឡូម៉ែត្រ ព័ទ្ធជុំវិញដោយផ្លូវបេតុង។ ដងផ្លូវបត់បែនមានកំណាត់ខ្លះនៅក្បែរឆ្នេរសមុទ្រ ប៉ុន្តែក៏មានកំណាត់ខ្លះនៅឆ្ងាយពីឆ្នេរសមុទ្រ។ ហេតុនេះ ភ្ញៀវទេសចរត្រូវចតរថយន្តនៅលើផ្លូវ ហើយធ្វើដំណើរដោយថ្មើរជើងប្រមាណពីរបីរយម៉ែត្រទើបដល់ឆ្នេរសមុទ្រ។ ទោះបីចុះងូតទឹកសមុទ្រលេងកម្សាន្តពីរបីម៉ោង ពេលឡើងវិញរថយន្តនៅដដែល។ ប្រជាជននៅទីនេះនិយាយលេងថា បើចោរលួចរថយន្តក៏គ្រាន់តែជិះជុំវិញកោះ ពីព្រោះបើចង់យកទៅកន្លែងផ្សេង គឺត្រូវចុះកប៉ាល់។ នៅកំពង់ផែនេះមាន”ភ្នែកច្រមុះ”របស់នគរបាលនិងកងទ័ពការពារព្រំដែនច្រើនណាស់។ និយាយដូច្នេះដើម្បីឱ្យឃើញថា កោះសើុងមនុស្សកុះករ ភ្ញៀវទេសចរទៅមកពពាក់ពពូន ប៉ុន្តែមានភាពសុខសាន្ត។ បងស្រីហ្វិញបីវ ជាប្រជាជនរស់នៅលើកោះនេះ ឱ្យដឹង៖ “ពូៗនគរបាលឃុំតែងប្រាប់យើងខ្ញុំ បើចង់ធ្វើសេវាកម្មទេសចរណ៍ គឺជួយរក្សាអនាម័យនិងការពារសន្តិសុខ។ យល់ឃើញត្រឹមត្រូវ ម៉្លោះហើយ គ្រួសារខ្ញុំចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ អាស្រ័យបានផ្សព្វផ្សាយជ្រួតជ្រាប ដូច្នេះ ពេលកសាងព្រលានវាយសី ខ្ញុំគិតឃើញភ្លាមដល់ផែនការបង្ការពន្លត់អគ្គិភ័យ”។
តាមប្រសាសន៍លោកត្រឹងក្វឹកតៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយសើុង ឃុំផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមចលនា ការពារសន្តិសុខមាតុភូមិនិងតែងបង្កលក្ខណសម្បត្តិដើម្បីប្រជាជនពង្រីកតួនាទីធ្វើម្ចាស់ រួមនឹងភូមិភាគរក្សាភាពសុខសាន្តនៅឃុំកោះ៕
ហាថាញ-មុនី